កីឡា

លោក ហែម គីរី ជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាការិនីមុនចេញដំណើរចូលរួម 2026 CMAS Asian Championship Finswimming Indoor Juniors នៅចិន

ភ្នំពេញ៖នាល្ងាចថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាក្នុងទឹកកម្ពុជាតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ “2026 CMAS Asian Championship Finswimming Indoor Juniors”។

លោក ហែម គីរី អគ្គលេខាធិការបានប្រាប់ឲ្យថា គ្រូបង្វឹក និងកីឡាការិនី គោរពឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជា និងលក្ខខណ្ឌបច្ចេកទេសនៃការប្រកួត ព្រមទាំងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យបានល្អបំផុត ដើម្បីសម្រេចបានលទ្ធផលល្អ និង នាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។ ព្រឹត្តិការណ៍នេះ ជាការប្រកួតកម្រិតទ្វីប សម្រាប់យុវជន និងយុវនារីត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សុខភាព វិន័យ និងការទទួលខុសត្រូវ ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅក្រៅប្រទេស ។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្ត និងផ្តល់សម្ភារៈជូនដល់គ្រូបង្វឹក និងកីឡាការិនីផងដែរ។

លោកអគ្គលេខាធិការ បានបន្តថា ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់កីឡាការិនីកម្ពុជា ក្នុងការបង្កើនបទពិសោធន៍ អភិវឌ្ឍបច្ចេកទេស និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ព្រមទាំងចូលរួមលើកកម្ពស់កិត្តិយស និងមុខមាត់របស់កីឡាកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ “2026 CMAS Asian Championship Finswimming Indoor Juniors” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Haian ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។ សហព័ន្ធលោក ហែម ថុនពន្លឺ គ្រូបង្វឹក និងកីឡាការិនី លឹម សុគន្ធពណ៌ ៕
ដោយ៖លី ភីលីព

Most Popular

To Top