ព័ត៌មានអន្តរជាតិ

ការពិតពីក្រោយភាពចាស់ ៖ តើកត្តាអ្វីខ្លះអាចជួយពន្យារវ័យ ហើយអ្វីខ្លះដែលគ្រាន់ តែជាពាក្យចចាមអារ៉ាម?

បរទេស ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Medical News Today ការសិក្សាថ្មីមួយដោយផ្អែក លើការតាមដានសញ្ញាសម្គាល់ជីវសាស្ត្រ បានរកឃើញថា ការផ្លាស់ប្តូរ របៀបរស់នៅ និងការប្រើប្រាស់ថ្នាំពេទ្យជាក់លាក់ មួយចំនួន អាចជួយពន្យារភាពចាស់នៃកោសិការបស់មនុស្សយើងបាន ខណៈដែលការប្រើប្រាស់អាហារបំប៉ន (Supplements) ហាក់មិនសូវមានប្រសិទ្ធភាពនោះទេ។

​ខាងក្រោមនេះជារបកគំហើញសំខាន់ៗ ចេញពីការសិក្សា៖
​១. កត្តាដែល “អាច” ជួយពន្យារភាពចាស់
ការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារ ដែលផ្តល់សុខភាព (ដូចជារបបអាហារមេឌីទែរ៉ាណេ អាហារកាត់បន្ថយជាតិម្សៅ ឬជាតិខ្លាញ់ទាប) និងការហាត់ប្រាណជាប្រចាំ ត្រូវបានរកឃើញថាមានឥទ្ធិពលវិជ្ជមាន និងមានភាពថេរក្នុងការជួយកាត់បន្ថយភាពចាស់នៃកោសិកា។

ការប្រើប្រាស់ថ្នាំវេជ្ជសាស្ត្រ (សម្រាប់អ្នកមានជំងឺ)៖ ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ (ដូចជា Metformin និង Semaglutide) រួមទាំងថ្នាំប្រឆាំងការរលាក (Anti-TNF therapies) បានបង្ហាញពីប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបញ្ចុះអាយុកោសិកា។
​២. កត្តាដែល “មិនអាច” ឬមិនសូវមានប្រសិទ្ធភាព
អាហារបំប៉នទូទៅ (Supplements)៖ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារបំប៉នដែលលក់លើទីផ្សារទូទៅ មានភស្តុតាងតិចតួចបំផុតក្នុងការជួយពន្យារភាពចាស់។ ពួកវាអាចមានប្រយោជន៍សម្រាប់តែអ្នកដែលមានបញ្ហាសុខភាពខ្វះវីតាមីនជាក់លាក់ប៉ុណ្ណោះ។ សម្រាប់មនុស្សទូទៅដែលមានសុខភាពល្អ ការអះអាងពីប្រសិទ្ធភាពប្រឆាំងភាពចាស់នៃអាហារបំប៉នទាំងនេះ គឺមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រគាំទ្រគ្រប់គ្រាន់ឡើយ។
​អ្នកស្រាវជ្រាវបានព្រមានយ៉ាងម៉ឺងម៉ាត់ថា មនុស្សដែលមានសុខភាពល្អទូទៅ មិនគួរ ទិញថ្នាំពេទ្យ (ដូចជាថ្នាំទឹកនោមផ្អែម) មកលេបដោយខ្លួនឯង ក្នុងគោលបំណងពន្យារភាពចាស់នោះទេ ។ លទ្ធផលដែលកោសិកាប្រែជាក្មេងជាងវ័យ នៅក្នុងការសិក្សានេះ អាចបណ្តាលមកពីថ្នាំទាំងនោះបានជួយព្យាបាលជំងឺដើម កាត់បន្ថយការរលាក ឬសម្រួលប្រព័ន្ធ មេតាប៉ូលីសរបស់អ្នកជំងឺ មិនមែនមានន័យថាវាជាថ្នាំទិព្វ ប្រឆាំងភាពចាស់ដោយផ្ទាល់នោះទេ។

​វេជ្ជបណ្ឌិតណែនាំឱ្យសាធារណជន ផ្តោតសំខាន់ជាចម្បងលើ ការធ្វើលំហាត់ប្រាណ ការបរិភោគអាហារមានជីវជាតិ ការគេងឱ្យបានគ្រប់គ្រាន់ និងការពិនិត្យសុខភាពជាប្រចាំ ជាជាងការចំណាយថវិកាលើផលិតផល ឬអាហារបំប៉នដែលគ្មានការ បញ្ជាក់ច្បាស់លាស់ពីគ្រូពេទ្យ។

ប្រែសម្រួល៖ គីរី

Most Popular

To Top