កីឡា

លោក អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អញ្ជើញចូលរួមបិទ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់បោះហ្វីបាក កម្រិតជាតិ ឆ្នាំ២០២៦

ភ្នំពេញ ៖ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា សមាជិកសភា និងតំណាងរាស្រ្តខេត្តព្រៃវែង លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាកិត្តយសក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កីឡាបាល់បោះហ្វីបាកកម្រិតជាតិ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងឱកាសនេះបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលខាងលើនេះក៏មានអញ្ជើញចូលរួមពីសំណាក់ លោក Mohammad Alamiri ជាគ្រូបង្គោលអាជ្ញាកណ្តាល FIBA លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសិក្ខាកាមចំនួន ៣០ នាក់ ដែលវគ្គបានចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦។

លោក កៅ កាន់ណាលី អគ្គលេខាធិករងសហព័ន្ធកីឡាបាល់បោះកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយយោងលិខិតលេខ២០២៦០៨២៧០១ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាបាល់ បោះអន្តរជាតិ FIBA និងចំណាឯកភាពរបស់ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់បោះ កម្ពុជាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ។
សហព័ន្ធកីឡាបាល់បោះកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់បោះហ្វីបាកម្រិតជាតិបានចាប់ផ្តើមពីថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមមកពីតាមបណ្តាក្លឹបរាជធានី/ខេត្ត ចូលរួមចំនួន៣០នាក់ ដោយបានសិក្សាផ្នែកទ្រឹស្តី និងអនុវត្តលើទីលាន។

ក្រោយពីបានសិក្សាអស់រយៈពេល ៣ថ្ងៃកន្លងមក នេះយើងបានកត់សម្គាល់ឃើញថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូ ឧទ្ទេសលើផ្នែកទ្រឹស្តី និងកាអនុវត្តលើទីលាន ព្រមទាំងមានការយល់ដឹងបានច្រើនអំពីក្រិតក្រមច្បាប់ល្បែងថ្មីៗ និង ការគ្រប់ការប្រកួតនៅលើទីលាន ដោយទទួលបាន លទ្ធផលរួមមាននិទ្ទេសល្អ ២៥ ភាគរយ និទ្ទេសល្អបង្គួរ ៣៥ ភាគរយ និទ្ទេសមធ្យម ២៥ ភាគរយ និងខ្សោយ១៥ ភាគរយ៕

Most Popular

To Top