ភ្នំពេញ៖មជ្ឈមណ្ឌលអភិវឌ្ឍ ធនធានកីឡាជាតិកម្ពុជានាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កីឡាករការ៉ាតេ និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ របស់ក្រសួងមហាផ្ទៃ ៥ រូប ត្រូវអនុញ្ញាត ឲ្យចូលជួបសម្តែងការគួរសមលោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ មុនចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ (the 20th Asian Games 2026) នៅទីក្រុង Nagoya ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ។ការប្រកួតលើកនេះមានសារសំខាន់ចំពោះកីឡាកររបស់ក្រសួងមហាផ្ទៃ ដែលត្រូវដណ្តើមបានមេដាយជូនជាតិ និងអង្គភាពរបស់ខ្លួន។

សហព័ន្ធកីឡាការ៉េតេ កម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបចូលរួម“The 20th Asian Games Aichi-Nagoya 2026” នៅប្រទេសជប៉ុនរួមមាន លោក ហេង ផេង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា លោក ដែក ភារៈ គ្រូជំនួយ លោកស្រី OMITA OLGA OMPi គ្រូជំនួយបរទេស កីឡាករ ជ្រុន វិរៈបុត្រ កីឡាករ ស្រៀវ វិរៈ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ឆន ស្រីកា កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី ថាត ឆេងហ័ង កីឡាការិនី អូន ស្រីដា និងកីឡាការិនី ពុទ្ធា ស្រីណុច។

ក្នុងនោះមានកីឡាករការ៉ាតេ និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់ក្រសួងមហាផ្ទៃចំនួន ៥ រូប រួមមាន កញ្ញា ជា ថារី អាជ្ញាកណ្ដាលកម្រិតអន្តរជាតិ កីឡាករ ជ្រុន វីរៈបុត្រ លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ក្រោម ៦៧ គីឡូក្រាម កីឡាករ ថេង គឹមឈា សម្ដែងឯក្ដជន និងសម្ដែងក្រុម កីឡាករ ហូ ហេង សម្ដែងក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ សម្ដែងក្រុម៕
ដោយ៖លី ភីលីព


