ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ William កំពុងប្រឈមនឹងការរិះគន់ និងការតាមដានយ៉ាងខ្លាំង ជុំវិញបញ្ហាហិរញ្ញវត្ថុ

ទីក្រុងឡុងដ៍៖ ព្រះអង្គម្ចាស់ William កំពុងប្រឈមនឹងការតាមដាន និងការរិះគន់យ៉ាងតឹងរ៉ឹងលើការចាត់ចែងហិរញ្ញវត្ថុរបស់ព្រះអង្គ។ បច្ចុប្បន្ន ព្រះអង្គម្ចាស់កំពុងផ្តល់ប្រាក់ជំនួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋាននានានៅក្នុងតំបន់ ខនវែល (Cornwall) នេះបើតាមការចេញផ្សាយពីសារព័ត៌​ Sky News នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។

ទោះជាយ៉ាងណាក្តី សកម្មភាពនៃការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតែបន្ទាប់ពីមានការរិះគន់ជាសាធារណៈ ជុំវិញប្រភព និងរបៀបដែលប្រាក់ចំណូលមួយចំនួនរបស់ព្រះអង្គត្រូវបានបង្កើតឡើងប៉ុណ្ណោះ។

ព្រះអង្គម្ចាស់វែលស៍ (Prince of Wales) William កំពុងស្ថិតក្រោមសម្ពាធ និងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ទាក់ទងនឹងតម្លាភាពហិរញ្ញវត្ថុ និងប្រភពចំណូលរបស់ព្រះអង្គ ដែលទទួលបានពីការគ្រប់គ្រងអចលនទ្រព្យរាជវង្ស ហៅថា Duchy of Cornwall។

យោងតាមការស៊ើបអង្កេតរបស់សារព័ត៌មានធំៗនៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះ បានបើកកកាយឱ្យដឹងថា ស្ថាប័នគ្រប់គ្រងអចលនទ្រព្យរាជវង្សទាំងនេះ (រួមទាំង Duchy of Lancaster របស់ព្រះបាទ Charles ផងដែរ) បានរកចំណូលរាប់លានផោន តាមរយៈការជួលដី និងអគារទៅឱ្យស្ថាប័នសាធារណៈរបស់រដ្ឋ។

ប្រាក់ចំណូលពីស្ថាប័នរដ្ឋ ការស៊ើបអង្កេតបានបង្ហាញថា ស្ថាប័នរបស់រដ្ឋដែលប្រើប្រាស់ថវិកាជាតិ ដូចជា សេវាសុខភាពជាតិ (NHS) សាលារៀនសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងនាយកដ្ឋានរដ្ឋាភិបាល បានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ក្នុងការបង់ថ្លៃឈ្នួលទៅឱ្យអចលនទ្រព្យរបស់ព្រះអង្គម្ចាស់ William។

ការចោទសួរអំពីសីលធម៌ និងតម្លាភាព អ្នកនយោបាយ និងសកម្មជនសិទ្ធិសាធារណៈ បានចោទសួរអំពីភាពសមស្រប ដែលស្ថាប័នរដ្ឋាភិបាល (ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ) ត្រូវបង់ប្រាក់ជួលក្នុងតម្លៃទីផ្សារខ្ពស់ ទៅឱ្យព្រះរាជវង្សានុវង្សដែលជាមហាសេដ្ឋីស្រាប់។

ការលើកលែងពន្ធ បញ្ហានេះកាន់តែក្តៅគគុក ដោយសារស្ថាប័ន Duchy of Cornwall ទទួលបានអភ័យឯកសិទ្ធិមិនបង់ពន្ធលើប្រាក់ចំណូលសាជីវកម្ម (Corporate Tax) ដូចក្រុមហ៊ុនឯកជនទូទៅនោះទេ ថ្វីបើវាដំណើរការក្នុងទម្រង់ជាអាជីវកម្មពាណិជ្ជកម្មខ្នាតធំក៏ដោយ។

ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ Duchy of Cornwall តែងតែលើកឡើងការពារថា ស្ថាប័ននេះគឺជាអចលនទ្រព្យឯកជន ដែលមានគោលដៅពាណិជ្ជកម្មច្បាស់លាស់ ហើយព្រះអង្គម្ចាស់ William តែងតែបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន (Income Tax) ដោយស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ។

ប្រែសម្រួល៖ គីរី

Most Popular

To Top