ហុងកុង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុងហុងកុង គឺជាទីផ្សារដែលមានតម្លៃ ទាបបំផុតទី៣ នៅលើពិភពលោកសម្រាប់ទូរសព្ទ Apple iPhone 18 Pro ទំហំផ្ទុក 256GB របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដោយមានតម្លៃ ១,៣៣៩ ដុល្លារអាមេរិក។
យោងតាមគេហទំព័រជប៉ុន Nukeni ដែលធ្វើការប្រៀបធៀបតម្លៃ ថា មានតែសហរដ្ឋអាមេរិក និងកាណាដាប៉ុណ្ណោះដែលផ្តល់ ជូនតម្លៃទាបជាងនេះ គឺ ១,១៩៩ ដុល្លារ និង ១,៣២១ ដុល្លាររៀងគ្នា។ ចំណែកប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងតម្លៃ ១,៣៥១ ដុល្លារ ហើយបន្ទាប់មកគឺអារ៉ាប់រួម (UAE) ក្នុងតម្លៃ ១,៣៨៨ ដុល្លារ។
Nukeni ធ្វើការប្រៀបធៀបតម្លៃនៅ Apple Store ក្នុងប្រទេស និងដែនដីចំនួន ៣៧ ដោយបំប្លែងតម្លៃក្នុងស្រុកទៅជាតម្លៃស្មើគ្នាដោយប្រើអត្រាប្តូរប្រាក់។ ហុងកុងក៏ជាទីកន្លែងដែលមានតម្លៃទាបបំផុតទី២ នៅលើពិភពលោកសម្រាប់ការទិញទូរសព្ទ iPhone បត់ (foldable iPhone) ដំបូងគេរបស់ Apple ។ ទូរសព្ទ iPhone Duo ទំហំ 256GB មានតម្លៃ ២,២៣១ ដុល្លារ បើធៀបនឹងតម្លៃ ១,៩៩៩ ដុល្លារនៅអាមេរិក។
ទីក្រុងនេះជាប់ចំណាត់ថ្នាក់ទី ២ នៅអាស៊ី និងទី៩ នៅលើពិភពលោកសម្រាប់កម្រិតនៃការចំណាយលើការរស់នៅ យោងតាមសន្ទស្សន៍តម្លៃនៃការរស់នៅសកលឆ្នាំ ២០២៦ ដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្នែកហិរញ្ញវត្ថុ និងអាជីវកម្មកាណាដា Visual Capitalist។
Apple បានបង្ហាញទូរស័ព្ទម៉ូដែល 18 Pro និង 18 Pro Max រួមជាមួយនឹងស្មាតហ្វូនបត់ ដំបូងគេរបស់ខ្លួនគឺ iPhone Duo នៅអាមេរិកកាលពីថ្ងៃទី ៩ ខែកញ្ញា។ ការបញ្ជាទិញជាមុននៅហុងកុងបានចាប់ផ្តើមនៅម៉ោង ៨ យប់ថ្ងៃទី ១២ ខែកញ្ញា ហើយការលក់បានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកញ្ញា។
យោងតាមកាសែតហុងកុង The Standard ថា អ្នកលក់រាយរំពឹងថាទូរសព្ទម៉ូដែល Pro Max មានទំហំធំជាង នឹងមានសក្តានុពលក្នុងការលក់បន្តបានល្អជាងម៉ូដែល Pro ដោយសារតែវាមានអេក្រង់ និងថ្មធំជាង។ ការបើកឲ្យបញ្ជាទិញជាមុនក៏បានជួបប្រទះនឹងបញ្ហា ដែលមានសេចក្តីរាយការណ៍អំពីការកាត់ប្រាក់តាមកាតឥណទានដោយគ្មានការអនុញ្ញាតផងដែរ។
យោងតាមកាសែត South China Morning Post ថា ប៉ូលិសហុងកុងបានទទួលរបាយការណ៍ពីមនុស្សជាង ៧០០ នាក់ ពាក់ព័ន្ធនឹងប្រតិបត្តិការដែលគ្មានការអនុញ្ញាតដែលមានតម្លៃសរុប ១៤,៧ លានដុល្លារហុងកុង (១,៨៧ លានដុល្លារអាមេរិក) ជាប់ពាក់ព័ន្ធនឹងការបញ្ជាទិញទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ Apple។
បុគ្គលម្នាក់បានព្យាយាមបញ្ជាទិញ ទូរសព្ទម៉ូដែល 18 Pro Max បាននិយាយថា ម្ចាស់កាតមួយចំនួនបានរាយការណ៍ អំពីប្រតិបត្តិការច្រើនដង។ ក្រោយមកគាត់បានទទួលការជូនដំណឹងចំនួន ១០ ដងអំពីការកាត់ប្រាក់ក្នុងចំនួនទឹកប្រាក់ ១៣,២៩៩ ដុល្លារហុងកុងក្នុងមួយប្រតិបត្តិការ ទោះបីជាការបញ្ជាទិញរបស់គាត់ត្រូវបានបដិសេធក៏ដោយ៕
