បច្ចេកវិទ្យា

ស្មាតហ្វូនលក់ដាច់បំផុត លើពិភពលោក លក់បញ្ចុះតម្លៃ បន្ទាប់ពីការដាក់ ឲ្យដំណើរការ iPhone 18 Pro

ពិភពលោក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា iPhone 17 របស់ក្រុមហ៊ុនបច្ចេក វិទ្យាយក្សអាមេរិក Apple ដែលជាស្មាតហ្វូនលក់ដាច់បំផុតលើពិភពលោកក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ កំពុងត្រូវបានលក់បញ្ចុះតម្លៃជាថ្មីម្តងទៀតលើទីផ្សារមួយចំនួន បន្ទាប់ពីការដាក់ឲ្យដំណើរការម៉ូដែល 18 Pro។

យោងតាមទស្សនាវដ្តី Forbes បាននិយាយថ ហាងលក់គ្រឿងអេឡិចត្រូនិចរបស់អូស្ត្រាលីឈ្មោះ JB Hi-Fi បានបញ្ចុះតម្លៃម៉ូដែល 17 (ប្រភេទស្តង់ដារ) មកនៅត្រឹម ១,៣៩៩ ដុល្លារអូស្ត្រាលី (៩៩៦ ដុល្លារអាមេរិក) ដែលជាការបញ្ចុះតម្លៃ ១០០ ដុល្លារអូស្ត្រាលីពីតម្លៃដើមពេលដាក់លក់ដំបូង។

ក្រុមហ៊ុន Amazon នៅចក្រភពអង់គ្លេសកំពុងលក់ម៉ូដែល 17 Pro ក្នុងតម្លៃ ៩៩៩ ផោន (១,៣៦០ ដុល្លារ) និងម៉ូដែល Pro Max ក្នុងតម្លៃ ១,០៤៩ ផោន ដែលតម្លៃទាំងពីរនេះទាបជាងតម្លៃផ្លូវការរបស់ Apple នៅចក្រភពអង់គ្លេសចំនួន ១០០ ផោន។ ចំណែកម៉ូដែល Air ទំហំ 512 GB មានតម្លៃថោកជាង ២០០ ផោន។

ចំណែកប្រទេសអាល្លឺម៉ង់ ហាង MediaMarkt បានបញ្ចុះតម្លៃម៉ូដែល 17 Pro Max ទំហំ 256 GB មកនៅត្រឹម ១,៣២៩ អឺរ៉ូ (១,៥៦០ ដុល្លារ) ដែលទាបជាងតម្លៃដើមចំនួន ១២០ អឺរ៉ូ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research ថា ម៉ូដែល 17 (ប្រភេទស្តង់ដារ) គឺជាស្មាតហ្វូនដែលលក់ដាច់បំផុតលើពិភពលោក (គិតតាមចំនួនគ្រឿងដែលលក់បាន) ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦។ ម៉ូដែល 17 Pro Max ជាប់ចំណាត់ថ្នាក់លេខ ២ និងម៉ូដែល 17 Pro ជាប់ចំណាត់ថ្នាក់លេខ ៣។

ស៊េរីទូរសព្ទនេះត្រូវបានបញ្ចុះតម្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈហាងលក់រាយនានាព្យាយាមបញ្ចេញស្តុកចាស់ ដើម្បីត្រៀមទទួលយក iPhone ស៊េរីថ្មីបំផុតរបស់ Apple ដែលទើបតែដាក់ឲ្យដំណើរការកាលពីសប្តាហ៍មុន។

ម៉ូដែល 18 Pro និង Pro Max មានតម្លៃចាប់ផ្តើមពី ១,១៩៩ ដុល្លារ និង ១,២៩៩ ដុល្លារនៅអាមេរិក ដែលតម្លៃទាំងពីរនេះខ្ពស់ជាងម៉ូដែលជំនាន់មុនចំនួន ១០០ ដុល្លារ។ ចំណែកម៉ូដែល Duo ដែលជាស្មាតហ្វូនអាចបត់បានដំបូងគេរបស់ Apple មានតម្លៃចាប់ផ្តើមពី ១,៩៩៩ ដុល្លារ។

ប្រទេសវៀតណាមវិញ ហាងលក់ផលិតផល Apple ដែលមានការអនុញ្ញាតភាគច្រើនបានអនុវត្តការដំឡើងតម្លៃនេះ។ បច្ចុប្បន្ន Apple បានកំណត់តម្លៃម៉ូដែលទំហំផ្ទុក 256GB នៃស៊េរី 17 នៅកម្រិត ២៨,៩៩ លានដុង (ស្មើនឹង ១.១១២ ដុល្លារអាមេរិក) កើនឡើង ៤ លានដុង ខណៈម៉ូដែលទំហំផ្ទុក 128GB នៃស៊េរី 16 បានកើនឡើង ២ លានដុង មកនៅត្រឹម ២៤,០០ លានដុង។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសឥណ្ឌា ម៉ូដែល iPhone Air ទំហំផ្ទុក 1TB បានកត់ត្រានូវការកើនឡើងតម្លៃខ្ពស់បំផុតនៅក្នុងស៊េរីផលិតផលនេះ ដោយបានកើនឡើង ៤១ភាគរយមកនៅត្រឹម ២២៤.៩០០ រូពី (ស្មើនឹង ២.៣៥៩ ដុល្លារអាមេរិក) ខណៈម៉ូដែលស៊េរី 17 មានទំហំផ្ទុកទាបជាង បានកើនឡើងជិត ២១ភាគរយ មកនៅត្រឹម ៩៩.៩០០ រូពី៕

Most Popular

To Top