វៀតណាម៖ក្រុមហ៊ុន Apple បានដំឡើងថ្លៃ iPhone ស៊េរីចាស់មួយចំនួនក្នុងប្រទេសវៀតណាម និងទីផ្សារផ្សេងទៀត បន្ទាប់ពីបានដាក់ឲ្យដំណើរការ នូវផលិតផលស៊េរីថ្មី ចុងក្រោយរបស់ខ្លួន ចំពោះការធ្វើបែបនេះ គឺជាការផ្លាស់ប្តូរពី ទម្លាប់ធម្មតារបស់ក្រុមហ៊ុន ដែលធ្លាប់តែបញ្ចុះតម្លៃម៉ូដែលចាស់ៗ នៅពេលមានម៉ូដែលថ្មីចេញលក់។
សម្រាប់ប្រទេសវៀតណាម បច្ចុប្បន្ន iPhone 16 ទំហំផ្ទុក 128GB ត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ Apple តម្លៃ ២៤,៩៩ លានដុង (ស្មើនឹង ៩៦៥ ដុល្លារអាមេរិក) ដែលកើនឡើង ២ លានដុងធៀបនឹងថ្ងៃព្រហស្បតិ៍។
ចំណែកម៉ូដែល iPhone 17 ទំហំ 256GB មានតម្លៃ ២៨,៩៩ លានដុង ម៉ូដែល 17e មានតម្លៃ ២១,៩៩ លានដុង និងម៉ូដែល Air ទំហំ 256GB មានតម្លៃ ៣៤,៩៩ លានដុង ដោយម៉ូដែលទាំងអស់នេះសុទ្ធតែបានឡើងថ្លៃ ៤ លានដុង។ ចំពោះម៉ូដែលដែលមានទំហំផ្ទុកធំជាងនេះ ក៏មានការដំឡើងថ្លៃក្នុងកម្រិតខ្ពស់ជាងនេះផងដែរ។
ការផ្លាស់ប្តូរតម្លៃនេះបានកើតឡើងភ្លាមៗបន្ទាប់ពី Apple បានបង្ហាញ iPhone ថ្មីចំនួន ៣ ម៉ូដែលនៅអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមហ៊ុនមិនបានប្រកាសជាមុនអំពីការដំឡើងថ្លៃដែលនឹងកើតឡើងនោះទេ។ ម៉ូដែល 18 Pro និង 18 Pro Max មានតម្លៃចាប់ផ្តើមខ្ពស់ជាងម៉ូដែល 17 Pro កាលពីឆ្នាំមុនចំនួន ១០០ ដុល្លារ ខណៈម៉ូដែល Duo បត់បាន មានតម្លៃចាប់ផ្តើមពី ១,៩៩៩ ដុល្លារ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce និយាយថា ម៉ូដែល 18 ត្រូវបានគេរំពឹងថានឹងចេញលក់នៅរដូវផ្ការីកឆ្នាំ ២០២៧ ដោយមានការព្យាករណ៍ថា តម្លៃរបស់វានឹងខ្ពស់ជាងម៉ូដែល 17 ចន្លោះពី ១០ ទៅ ២០ ភាគរយ។
អ្នកលក់បន្តទទួលបានការអនុញ្ញាតពី Apple ភាគច្រើននៅប្រទេសវៀតណាម បានអនុវត្តការដំឡើងតម្លៃទាំងនេះហើយ ទោះបីជាមានអ្នកលក់មួយចំនួន នៅតែផ្តល់ជូនទូរស័ព្ទ iPhone ស៊េរីចាស់ក្នុងតម្លៃទាប ជាងមុនរហូតដល់ ទៅរាប់លានដុងក៏ដោយ។ ទន្ទឹមនឹងនេះ ម៉ូដែល 17 Pro និង 17 Pro Max ត្រូវបានដកចេញពីបញ្ជីផលិតផលរបស់ Apple រួចហើយ៕
