វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមស្ថិ តនៅចំណុចកណ្តាលនៃទីផ្សារសរុបចំនួន ៣៧ ប្រទេសនៅជុំវិញពិភពលោក ទាក់ទងនឹងតម្លៃសម្រាប់ទូរសព្ទម៉ូដែល iPhone Duo និង iPhone 18 Pro ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple។
ចំណាត់ថ្នាក់នេះត្រូវបានចងក្រងដោយ គេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុនឈ្មោះ Nukeni និងបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើតម្លៃដែលបានចុះបញ្ជីនៅលើគេហទំព័រផ្លូវការរបស់ Apple ក្នុងប្រទេស និងពិភពលោកចំនួន ៣៧ ប្រទេស។
ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple បានបង្ហាញម៉ូដែល 18 Pro, 18 Pro Max និងស្មាតហ្វូនអាចបត់បានដំបូងគេ របស់ខ្លួនគឺ Duo នៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ នេះគឺជាឆ្នាំទី ៤ ហើយវៀតណាមត្រូវបាន ដាក់បញ្ចូលក្នុងការប្រៀបធៀបនេះ ចាប់តាំងពី Apple បានបើកដំណើរការហាងអនឡាញ របស់ខ្លួនក្នុងប្រទេសនេះ កាលពីខែឧសភា ឆ្នាំ ២០២៣។
វាក៏ជាឆ្នាំទី ២ ជាប់ៗគ្នាផងដែរ វៀតណាមស្ថិតក្នុងចំណោមទីផ្សារទទួលបានការលក់ iPhone ថ្មីក្នុងដំណាក់កាលដំបូងរបស់ Apple។ តម្លៃផ្លូវការសម្រាប់ម៉ូដែល 18 Pro និង 18 Pro Max នៅវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី ១៦ ក្នុងចំណោមទីផ្សារទាំង ៣៧ នោះ (គិតតាមលំដាប់តម្លៃទាបទៅខ្ពស់)។ កាលពីឆ្នាំមុន ម៉ូដែល 17 Pro និង 17 Pro Max ស្ថិតនៅចំណាត់ថ្នាក់ទី ១៣។
អតិថិជនអាចបញ្ជាទិញម៉ូដែលទាំងពីរនេះជាមុនចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១២ ខែកញ្ញា តទៅ តាមរយៈ Apple Store Online និងអ្នកលក់បន្តដែលមានការអនុញ្ញាត ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកញ្ញា។ ម៉ូដែល Duo នឹងមកដល់វៀតណាមនៅប្រហែលមួយខែបន្ទាប់។ ការបញ្ជាទិញជាមុននឹងបើកនៅថ្ងៃទី ១៦ ខែតុលា ហើយការដឹកជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែតុលា៕
