រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសន្តិសុខមួយ នៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតកម្មវិធីមេរោគមួយដែលអាចលួចគ្រប់គ្រងគណនី WeChat តាមរយៈការហៅ ចូលតែមួយដង ទោះបីមិនលើទទួលក៏ដោយ ហើយសកម្មភាពនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់ ប្រឈមនឹងហានិភ័យ មុនពេលដែលកំហុសបច្ចេកទេស នេះត្រូវបានជួសជុល។
យោងតាមការរាយការណ៍ របស់សារព័ត៌មាន The Register ថា ក្រុមហ៊ុន Calif នៅទីក្រុង Palo Alto បានផ្សព្វផ្សាយ លទ្ធផលនៃការស្រាវជ្រាវនេះនៅថ្ងៃទី ៨ ខែកញ្ញា។ កម្មវិធីមេរោគនេះ ដែលក្រុមហ៊ុនបានដាក់ឈ្មោះថា WeWorm បានប្រើប្រាស់កំហុសបច្ចេកទេស ទាក់ទងនឹងការខូចខាតអង្គចងចាំក្នុងកម្មវិធី WeChat ដែលប្រើសម្រាប់គ្រប់គ្រង ការហៅទូរសព្ទជាសំឡេង។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent ជាក្រុមហ៊ុនចិនជាម្ចាស់កម្មវិធីនេះ បានបញ្ជាក់ពីការរកឃើញរបស់អ្នកស្រាវជ្រាវ និងបានបិទចន្លោះប្រហោងសុវត្ថិភាពនោះរួចហើយ។
ក្រុមហ៊ុន Calif បានសរសេរថា ដោយធ្វើការរួមគ្នាជាមួយ AI វិស្វកររបស់ក្រុមហ៊ុន Calif បានរកឃើញកំហុសបច្ចេកទេស និងបានសរសេរកូដសម្រាប់វាយប្រហារធ្វើឲ្យដំណើរការកូដពីចម្ងាយបានក្នុងរយៈពេលប្រហែល ២ថ្ងៃ។ បន្ទាប់មក ពួកគេបានចំណាយពេលមួយសប្តាហ៍ទៀតដើម្បីបង្កើតកម្មវិធីមេរោគនេះ ជាគម្រោងមួយដែលក្រុមហ៊ុនបានបញ្ជាក់ថា កាលពីមុនត្រូវចំណាយពេលរាប់ខែដោយក្រុមការងារធំមួយ។ AI អាចធ្វើការងារភាគច្រើនក្នុងករណីនេះបានហើយ។
យោងតាមទស្សនាវដ្តី Infosecurity Magazine បាននិយាយថា ការវាយប្រហារនេះកើតឡើង នៅពេលទូរសព្ទកំពុងរោទ៍។ ការទទួលយកការហៅចូលមិនអាចបញ្ឈប់វាបានទេ ហើយក្រុមហ៊ុន Calif បានបញ្ជាក់ថា ជនរងគ្រោះនឹងមិនឮសំឡេងអ្វីឡើយប្រសិនបើពួកគេលើកទូរសព្ទ ។ ការបដិសេធមិនទទួលការហៅ ចូលក្នុងរយៈពេលពីរបីវិនាទី នឹងបញ្ចប់ការប៉ុនប៉ងនោះ ប៉ុន្តែអ្នកវាយប្រហារអាចហៅ ចូលម្តងទៀតនៅពេលដែលម្ចាស់គណនីកំពុងគេង។
នៅពេលចូលទៅក្នុងគណនីបានហើយ អ្នកវាយប្រហារអាចអាន និងផ្ញើសារ ធ្វើការហៅទូរសព្ទ និងធ្វើសកម្មភាពជំនួសម្ចាស់គណនីបាន ។ បន្ទាប់មក កម្មវិធីមេរោគនេះ នឹងដំណើរ ការតាមបញ្ជីទំនាក់ទំនង របស់ជនរងគ្រោះ ដើម្បីធ្វើការវាយប្រហារដដែលៗ ទៅលើមនុស្សគ្រប់គ្នានៅក្នុងបញ្ជីនោះ៕
