កីឡា

ម្ចាស់ភាគហ៊ុនលោក Todd Boehly និង Mark Walter សម្រេចលក់ភាគហ៊ុនក្លឹប Chelsea ទៅឱ្យក្រុមហ៊ុន Clearlake គ្រប់គ្រងទាំងស្រុង

​បរទេស៖ ប្រធានក្លឹប Chelsea លោក Todd Boehly និង នាយកក្លឹបលោក Mark Walter បានសម្រេចចិត្តលក់ ភាគហ៊ុនរបស់ពួកគេ ទៅឱ្យម្ចាស់ភាគហ៊ុនធំ Clearlake Capital។ ស្របពេលជាមួយគ្នានេះ មហាសេដ្ឋីជនជាតិស្វីស លោក Hansjorg Wyss ក៏បានលក់ភាគហ៊ុន របស់ខ្លួនផងដែរ ដែលធ្វើឱ្យក្រុមហ៊ុន Clearlake ដឹកនាំដោយ សហស្ថាបនិកលោក Behdad Eghbali និងលោក Jose E. Feliciano ទទួលបានសិទ្ធិគ្រប់គ្រងក្លឹបទាំងស្រុង ១០០% នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
​មុនការលក់នេះ លោក Boehly, លោក Walter និងលោក Wyss កាន់កាប់ភាគហ៊ុនម្នាក់ ១២,៨% ចំណែកក្រុមហ៊ុន Clearlake ជាម្ចាស់ភាគហ៊ុនធំដែលមានរហូតដល់ ៦១,៥%។

មហាសេដ្ឋីអាមេរិក លោក Boehly នឹងលាលែងពីតំណែងជាប្រធានក្លឹប (Chairman) ដែលលោកបានកាន់តាំងពីឆ្នាំ ២០២២ គឺចាប់តាំងពីសម្ព័ន្ធក្រុមហ៊ុននេះបានទិញយកក្លឹបក្នុងតម្លៃ ២,៣ពាន់លានផោន ពីលោក Roman Abramovich។

យោងតាមប្រភពជាច្រើន ការពិភាក្សាទិញលក់ភាគហ៊ុននេះ បានចាប់ផ្តើមឡើង បន្ទាប់ពីមានការខ្វែងគំនិតគ្នា ក្នុងជួរថ្នាក់ដឹកនាំតាំងពីឆ្នាំ ២០២៤។ ប្រភពបញ្ជាក់ថា ភាពតានតឹងចម្បងមួយ គឺពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍កីឡដ្ឋាន Stamford Bridge ឡើងវិញ ឬការប្តូរទៅកាន់កីឡដ្ឋានថ្មី។

​លោក Todd Boehly បានថ្លែងថា វាគឺជា “កិត្តិយស” ដែលបានបម្រើការជាប្រធានក្លឹប Chelsea ដោយលោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមកោតសរសើរ ចំពោះភាពជាដៃគូជាមួយ Clearlake និងក្រុមម្ចាស់ភាគហ៊ុនផ្សេងទៀត ព្រមទាំងការសម្រេចចិត្តរួមគ្នា និងការវិនិយោគដើម្បីជោគជ័យរបស់ក្លឹប។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា Chelsea នឹងបន្តឈានទៅរកភាពជោគជ័យ ក្រោមការដឹកនាំរបស់ Clearlake។»

​ទាក់ទងនឹងការគ្រប់គ្រងក្លឹបទាំងស្រុងនេះ ក្រុមហ៊ុន Clearlake បានចេញសេចក្តីថ្លែងការណ៍អរគុណដល់លោក Boehly សម្រាប់ពេលវេលា និងការរួមចំណែកកន្លងមក។

ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា នឹង «គ្មានការផ្លាស់ប្តូរទៅលើប្រតិបត្តិការប្រចាំថ្ងៃ ថ្នាក់ដឹកនាំ ឬយុទ្ធសាស្ត្ររបស់ក្លឹបឡើយ»។ គោលដៅចម្បងរបស់ពួកគេ គឺបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កំណើនកីឡា និងការអភិវឌ្ឍកីឡាករ ដើម្បីនាំមកនូវភាពជោគជ័យរយៈពេលវែង។
​
ចំណាត់ថ្នាក់ល្អបំផុតរបស់ Chelsea ក្នុង Premier League គឺលេខ៤ (រដូវកាល ២០២៤-២៥) ព្រមទាំងឈ្នះពាន Uefa Conference League និង Fifa Club World Cup ក្នុងរដូវកាលនោះ។

ក្លឹបបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ កាលពីរដូវកាលមុន ហើយទើបតែតែងតាំងលោក Xabi Alonso ជាអ្នកចាត់ការទូទៅថ្មីនៅរដូវក្តៅនេះ។

ក្លឹបមានការផ្លាស់ប្តូរកីឡាករក្នុងអត្រាដ៏ខ្ពស់មួយក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយផ្តោតលើយុទ្ធសាស្ត្រចុះកុងត្រារយៈពេលវែងជាមួយកីឡាករវ័យក្មេង។

​លោក Mark Walter ដែលជាសហម្ចាស់ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុពិភពលោក Guggenheim Partners ទើបតែបានលក់ក្រុមបាល់បោះ Los Angeles Lakers កាលពីខែមុន ក្នុងតម្លៃកំណត់ត្រា ១២,៥ ពាន់លានដុល្លារ (ប្រមាណ ៩,២៣ ពាន់លានផោន)។

យ៉ាងណាមិញ បច្ចុប្បន្ននេះ រដ្ឋអាជ្ញាសហព័ន្ធអាមេរិក និងគណៈកម្មការមូលបត្រ (SEC) កំពុងធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុនមួយចំនួន នៅក្នុងចក្រភពអាជីវកម្មរបស់លោកផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top