ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡា ក្នុងទឹកកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ដ៏មានតម្លៃដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជា ត្រៀមខ្លួនចូលរួមប្រកួត តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ–កីឡាការិនីហែលទឹកចំនួន ៥រូប រួមមាន កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹក កីឡាការិនី សាក់ប៊ុន ហាលី រ៉ូស កីឡាករ កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័នកីឡាករ វ៉ានអូស្តិន ពិទ័រសុខខា និងកីឡាករ សុខ ឥស្សរៈ ។

ក្នុងឱកាសនោះ ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ រក្សាវិន័យ ស្មារតីទទួលខុសត្រូវ និង បញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងនាមជាអ្នកតំណាង ឱ្យព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។ សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ស្មារតីរឹងមាំ និងទទួលបានជោគជ័យ ព្រមទាំងសម្រេចបាន សមិទ្ធផលល្អប្រសើរ ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ ដើម្បីនាំមកនូវកិត្តិយស និងមោទនភាព ជូនជាតិមាតុភូមិកម្ពុជា៕
ដោយ៖លី ភីលីព


