ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ Global Timesបានប្រាប់ឲ្យដឹងថា ជាមួយនឹងព្រឹត្តិការណ៍កីឡា Asian Games នៅ Aichi-Nagoya ដែលគ្រោងនឹងបើកជាផ្លូវការនៅថ្ងៃសៅរ៍ អត្តពលិកចិនកំពុងធ្វើដំណើរមកដល់ប្រទេសជប៉ុន ខណៈគណៈប្រតិភូចិនត្រៀមខ្លួនការពារតំណែងកំពូល របស់ខ្លួនលើតារាងមេដាយមាស Asian Games ជាលើកទី ១២ ជាប់ៗគ្នា។
ព្រឹត្តិការណ៍កីឡានេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី ៤ ខែតុលា គឺជាលើកទី ៣ ហើយប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាចម្រុះកម្រិតទ្វីបនេះ បន្ទាប់ពីទីក្រុងតូក្យូក្នុងឆ្នាំ ១៩៥៨ និងទីក្រុងហ៊ីរ៉ូស៊ីម៉ា ឆ្នាំ ១៩៩៤។ ការប្រកួតបានចាប់ផ្តើមរួចហើយនៅប្រភេទកីឡាមួយចំនួន រួមទាំងបាល់ទាត់ និងបាល់បោះ។
យោងតាមគណៈកម្មាធិការអូឡាំពិកចិន ថា ប្រទេសចិនបានបញ្ជូនអត្តពលិកចំនួន ៨១៥ នាក់មកចូលរួមប្រកួតក្នុងប្រភេទកីឡា ៣៨ និងវិញ្ញាសា ៣៦៩។ អត្តពលិកសរុបចំនួន ៥៤៨ នាក់គឺជាអ្នកចូលរួមប្រកួត Asian Games ជាលើកដំបូង ខណៈដែល ៣០៦ នាក់ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឬ Asian Games រួចមកហើយ។
ប្រទេសចិនបានឈរនៅកំពូលតារាងមេដាយមាស Asian Games គ្រប់ព្រឹត្តិការណ៍ទាំងអស់ចាប់តាំងពីឆ្នាំ ១៩៨២ មក។ ព្រឹត្តិការណ៍ Asian Games នៅទីក្រុង Hangzhou ឆ្នាំ ២០២៣ គណៈប្រតិភូចិនបានឈ្នះមេដាយមាសចំនួន ២០១ ដែលជាកំណត់ត្រាមួយ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ទាំងលើតារាងមេដាយមាស និងតារាងមេដាយសរុប។
ព្រឹត្តិការណ៍កីឡានៅ Aichi-Nagoya ត្រូវបានគណៈប្រតិភូចិនចាត់ទុកថា ជាការសាកល្បងដ៏សំខាន់ មួយនៅក្នុងវដ្តអូឡាំពិកថ្មី ដែលឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨។
អត្តពលិករបស់ប្រទេសនេះបានចាប់ផ្តើមមកដល់ប្រទេសជប៉ុន នៅសប្តាហ៍នេះ។ នៅថ្ងៃពុធ ក្រុមអត្តពលិកចិន រួមទាំងក្រុមវាយកូនឃ្លីលើតុ វាយសី និងកាយសម្ព័ន្ធ បានមកដល់ទីក្រុង Nagoya។ ទន្ទឹមនឹងនេះ ក្រុមហែលទឹកបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ជាទីកន្លែងរៀបចំការប្រកួតហែលទឹកនៃព្រឹត្តិការណ៍ Asian Games នៅមជ្ឈមណ្ឌលកីឡាទឹក Tokyo Aquatics Centre ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា។
អាងហែលទឹកនឹងក្លាយជាទីលានសំខាន់មួយសម្រាប់មហិច្ឆតាដណ្តើមមេដាយរបស់ចិន។ ម្ចាស់ជើងឯកអូឡាំពិក រួមទាំង Pan Zhanle និង Qin Haiyang គឺជាផ្នែកមួយនៃក្រុមហែលទឹកដ៏ខ្លាំងរបស់ចិន ខណៈកីឡាការិនីវ័យ ១៣ ឆ្នាំ Yu Zidi ក៏ត្រូវបានគេរំពឹងថានឹងទាក់ទាញការ ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានក្លាយជាអត្តពលិកហែលទឹក វ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលឈ្នះមេដាយក្នុងការប្រកួតជើងឯកពិភពលោកកាលពីឆ្នាំ ២០២៥៕
