បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានបំបែកកំណត់ត្រា ជាកីឡាករដែលរកបាន ១០០គ្រាប់លឿនបំផុត ក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Bundesliga បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២គ្រាប់ ជួយឱ្យក្រុមការពារតំណែងជើងឯក Bayern Munich បំបាក់ក្រុម Union Berlin យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្រៅពីគ្រាប់បាល់របស់ Kane ខ្សែប្រយុទ្ធស្លាប Michael Olise ក៏បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោដោយរកបាន Hat-trick (៣គ្រាប់) គួបផ្សំនឹងគ្រាប់បាល់ដ៏អស្ចារ្យរបស់ Jamal Musiala និងកីឡាករចំណូលថ្មី Ismael Saibari ដើម្បីជួយឱ្យក្រុមការពារជើងឯកអាល្លឺម៉ង់មួយនេះ បន្តរក្សាកំណត់ត្រាមិន ដែលចាញ់ទាល់តែសោះចាប់ តាំងពីបើករដូវកាលមក។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ក្នុងវ័យ ៣៣ឆ្នាំ បានទទួលឱកាសស៊ុតបាល់ប៉េណាល់ទីយ៉ាងច្បាស់ចំជ្រុងទីនៅនាទីទី៣៩ បន្ទាប់ពី Olise ត្រូវបានកីឡាករ Tom Rothe បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ ដែលគ្រាប់បាល់នោះគឺជាគ្រាប់ទី១០០ របស់លោកនៅលីគកំពូលអាល្លឺម៉ង់។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Tottenham រូបនេះ ឈានដល់កំណត់ត្រា ១០០គ្រាប់នៅ Bundesliga ដោយប្រើពេលត្រឹមតែ ៩៨ប្រកួតប៉ុណ្ណោះ ពោលគឺលឿនជាងកីឡាករណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រនៃលីគកំពូលអាល្លឺម៉ង់។
Kane បានបន្ថែមគ្រាប់ទីពីររបស់ខ្លួននៅយប់នោះ និងជាគ្រាប់ទី១០១ នៅ Bundesliga តាមរយៈការតែតបញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះរបស់ Olise នៅនាទីទី៥៤។ គ្រាប់បាល់ទាំងពីរនេះ បានធ្វើឱ្យកំណត់ត្រាស៊ុតបញ្ចូលទីសរុបរបស់ Kane កើនឡើងដល់ ១៥២គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥៤ប្រកួត សម្រាប់គ្រប់កម្មវិធីប្រកួតទាំងអស់ គិតចាប់តាំងពីលោកបានផ្ទេរមកកាន់ Bayern កាលពីឆ្នាំ២០២៣។
ប្រែសម្រួល៖ គីរី
