កីឡា

លោក ព្រំ ប៊ុណ្ណយី ៖ ការប្រកួតធ្វើឡើងក្នុងគោលបំណង ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២៣ឆ្នាំ២០២៨ នៅកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ នៅទីលានបាល់បោះក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ការប្រកួតនេះរៀបចំឡើងដោយសហព័ន្ធកីឡាសិស្សនិស្សិតសហការ ជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជា។

ក្នុងឱកាសនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដួង មាសចំររើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន កីឡាជំនាញនិងកីឡាមហាជន លោក ផាតក៍ បញ្ញាសុជាតិ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ចាបរតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ព្រមទាំង ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី។

លោក ចាប រតនា អនុប្រធានគណៈកម្មការរៀបចំការប្រកួតបានគូសបញ្ជាក់ថា ការប្រកួតមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមាន ១២ ក្រុមចូលរួមប្រកួត ចែកចេញជា២ពូល គឺពូលAបុរស និងពូលBនារី ឆ្លងតាមការប្រកួតជាលទ្ធផលពូលAបុរស។ ចំណាត់ថ្នាក់លេខ១ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំណាត់ថ្នាក់លេខ២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំណាត់ថ្នាក់លេខ៣ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នពេញ។ ពូលBនារី
ចំណាត់ថ្នាក់លេខ១ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំណាត់ថ្នាក់លេខ២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំណាត់ថ្នាក់លេខ៣ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នពេញ ។
លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការ ឲ្យព្រះរាជាណាចក្រ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។ នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មប្រវត្តិសាស្ត្រមួយទៀតសម្រាប់វិស័យកីឡារបស់ប្រទេសយើង។ ដើម្បីធានាថា ការងារបច្ចេកទេសទាំងអស់ ដំណើរការទៅដោយរលួន មានលក្ខណៈស្តង់ដារអន្តរជាតិ និងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ដែលជាសេនាធិការឲ្យក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ជូនដល់សហព័ន្ធកីឡាជាតិ ទាំង១៥ ដែលជាប្រតិបត្តិករទទួលខុសត្រូវ លើការងារបច្ចេកទេសធំតំណាងឲ្យជាតិ ក្នុងព្រឹត្តិការណ៍កម្រិតអាស៊ាននេះ។

លោក ព្រំ ប៊ុណ្ណយី បានបន្ថែមថា ផ្អែកលើបរិបទនៃការរីកចម្រើនវិស័យកីឡានៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអង្គភាពជំនាញ និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ជាសេនាធិការ បាន និងកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើការងារកីឡាក្នុងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស រាប់ចាប់តាំងពីការរៀបចំកម្មវិធីហ្វឹកហាត់ក្រៅម៉ោងសិក្សា រហូតដល់ការប្រកួតកីឡា ។ លោក បានសម្តែងនូវការកោត សរសើរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានបញ្ចេញអស់ កម្លាំងកាយចិត្ត គោរពបទបញ្ជាការប្រកួត និងប្រកាន់ភ្ជាប់នូវ ស្មារតីកីឡា យុត្តិធម៌ និងមិត្តភាព យ៉ាងពិតប្រាកដ ៕

Most Popular

To Top