បច្ចេកវិទ្យា

ប្រទេសលក់ iPhone 18 Pro តម្លៃធូរថ្លៃបំផុតនៅអាស៊ីអាគ្នេយ៍ ទាក់ទាញហ្វូងមនុស្សយ៉ាងច្រើននៅថ្ងៃដាក់លក់ដំបូង

ម៉ាឡេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ី ដែលជាទីផ្សារមានតម្លៃទាបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ iPhone 18 Pro បានទាក់ទាញហ្វូងមនុស្សមកតម្រង់ជួរតាំងពីព្រលឹមនៅថ្ងៃសុក្រ ដែលជាថ្ងៃដាក់លក់ដំបូង ដោយអតិថិជនដំបូងគេបានមកដល់នៅម៉ោង ៤:៣០ ព្រឹក។

អតិថិជនបានតម្រង់ជួរគ្នាមុនពេលថ្ងៃរះនៅហាង Apple សាខា The Exchange TRX នៅទីក្រុងគូឡាឡាំពួរ ដែលបើកដំណើរការនៅម៉ោង ៨ ព្រឹក ដោយមានការបែងចែកជួរដាច់ដោយឡែករវាងអ្នកមកទទួលទំនិញ បានកុម្ម៉ង់ទុកមុន និងអ្នកដែលមកទិញផ្ទាល់នៅហាង។

លោកបានប្រាប់គេហទំព័រព័ត៌មានម៉ាឡេស៊ី WeirdKaya ថា អតិថិជនដំបូងគេក្នុងជួរសម្រាប់អ្នកកុម្ម៉ង់ទុកមុនគឺលោក James អាយុ ២៥ ឆ្នាំមកពីរដ្ឋ Selangor បានមកដល់នៅម៉ោង ៤:៣០ ព្រឹក បន្ទាប់ពីនៅភ្ញាក់ពេញមួយយប់។ គាត់ធ្លាប់ប្រើទូរសព្ទម៉ូដែល 11 អស់រយៈពេលប្រហែល ៧ ឆ្នាំ មុនពេលប្តូរមកប្រើម៉ូដែល 18 Pro Max ពណ៌ខ្មៅ ទំហំផ្ទុកទិន្នន័យ 256GB នេះ។

លោកបានបន្ថែមថា អ្វីដែលលោកទន្ទឹងរង់ចាំបំផុត គឺការសាកល្បងមុខងារ Apple Intelligence ប្រព័ន្ធ Siri ត្រូវបានកែលម្អ និងកាមេរ៉ារបស់ទូរស័ព្ទនេះ។

អតិថិជនដំបូងគេក្នុងជួរសម្រាប់អ្នកដែលមកដោយមិនបានណាត់ទុកជាមុន គឺជាភ្ញៀវម្នាក់មកពីប្រទេសអ៊ូសបេគីស្ថាន។ ប្រទេសម៉ាឡេស៊ីផ្តល់ជូននូវតម្លៃទាបបំផុតសម្រាប់ម៉ូដែល 18 Pro ក្នុងតំបន់អាស៊ីអាគ្នេយ៍។

នេះបើយោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុនឈ្មោះ Nukeni ធ្វើការប្រៀបធៀបតម្លៃនៅតាមហាង Apple Store ក្នុងប្រទេសចំនួន ៣៧ថា ម៉ូដែលទំហំផ្ទុក 256GB មានតម្លៃប្រហែល ១,៣៥០ ដុល្លារនៅប្រទេសម៉ាឡេស៊ី ធ្វើឲ្យប្រទេសនេះក្លាយជាទីផ្សារដែលមានតម្លៃទាបបំផុតលំដាប់ទី ៤ នៅលើពិភពលោក។

អាមេរិក (តម្លៃ ១,១៩៩ ដុល្លារ) កាណាដា (ប្រហែល ១,៣២០ ដុល្លារ) និងហុងកុង (១,៣៣៩ ដុល្លារ) ប៉ុណ្ណោះដែលមានតម្លៃទាបជាងនេះ។ ប្រទេសថៃគឺជាទីផ្សារមានតម្លៃទាបបំផុតលំដាប់ទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានតម្លៃប្រហែល ១,៤៦៨ ដុល្លារ បន្ទាប់មកគឺប្រទេសសិង្ហបុរី (១,៤៩២ ដុល្លារ) វៀតណាម (១,៥០០ ដុល្លារ) និងហ្វីលីពីន (១,៥០៩ ដុល្លារ)។

ប្រទេសម៉ាឡេស៊ីក៏ជាទីផ្សារដែលមានតម្លៃទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ម៉ូដែល 18 Pro Max ទំហំ 256GB ផងដែរ ដែលមានតម្លៃថ្លៃជាងម៉ូដែល Pro ប្រហែល ១០០ ដុល្លារ៕

Most Popular

To Top