ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុនគ្រោងកែប្រែច្បាប់ស្តីពីការលក់សេវាផ្លូវភេទ ដើម្បីដាក់ទោសអ្នកទិញសេវាផ្លូវភេទតាមផ្លូវច្បាប់

ទីក្រុងតូក្យូ៖អ្នកជំនាញបានផ្តល់អនុសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនគួរតែធ្វើកំណែទម្រង់ច្បាប់ស្តីពីការលក់សេវាផ្លូវភេទ ដើម្បីដាក់ទោសអ្នកស្វែងរកទិញសេវាផ្លូវភេទ ដោយសំណើនេះទំនងជានាំឲ្យមានការផ្លាស់ប្តូរច្បាប់ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយនោះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

បច្ចុប្បន្ននេះ អ្នកលក់សេវាផ្លូវភេទតាមដងផ្លូវប្រឈមមុខនឹងការផាកពិន័យ ឬការជាប់ពន្ធនាគារចំពោះការអូសទាញអតិថិជនជាសាធារណៈ ប៉ុន្តែអតិថិជនរបស់ពួកគេមិនប្រឈមមុខនឹងការដាក់ទោសអ្វីឡើយ ដែលធ្វើឲ្យប្រទសជប៉ុនក្លាយជាប្រទេសខុសប្លែកពីគេក្នុងចំណោមប្រទេសអភិវឌ្ឍន៍នានា។

ដោយអំពាវនាវឲ្យលុបបំបាត់ភាពមិនស្មើគ្នានេះ ក្រុមអ្នកជំនាញផ្នែកច្បាប់បានស្នើក្នុងរបាយការណ៍មួយថា អតិថិជនក៏គួរតែត្រូវបានដាក់ទោសចំពោះការស្វែងរកទិញសេវាផ្លូវភេទ ទាំងនៅទីសាធារណៈ និងតាមអ៊ីនធើណេត។ គេមើលឃើញថាស្ទើរតែប្រាកដណាស់ថា ក្រសួងយុត្តិធម៌នឹងធ្វើវិសោធនកម្មច្បាប់ដោយផ្អែកលើការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញនេះ។

ក្រុមអ្នកជំនាញបាននិយាយថា សកម្មភាពដូចជាការចរចាអំពីការទិញសេវាផ្លូវភេទនៅទីសាធារណៈ និងការដើររង់ចាំនៅតាមដងផ្លូវដើម្បីជ្រើសរើសអ្នកលក់សេវាផ្លូវភេទ គួរតែត្រូវបានចាត់ទុកថា ជាទង្វើអាចទទួលទោសបាន។ សកម្មជនមួយចំនួនបានទាមទារឲ្យមានការអនុវត្ត “គំរូ Nordic” (Nordic model) មិនចាត់ទុកការលក់សេវាផ្លូវភេទជាបទល្មើស ប៉ុន្តែចាត់ទុកការបង់ប្រាក់សម្រាប់សេវានេះជាបទល្មើសវិញ ជាវិធីសាស្ត្រត្រូវបានអនុម័តដោយប្រទេសនានាដូចជា ស៊ុយអែត ន័រវែស និងបារាំង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមិនបានណែនាំឲ្យលុបចោលការចាត់ទុកការលក់សេវាផ្លូវភេទជាបទល្មើសទាំងស្រុង ឬកំណត់និយមន័យឡើងវិញលើការលក់សេវាផ្លូវភេទ ដើម្បីរួមបញ្ចូលសកម្មភាពផ្សេងទៀតក្រៅពីការរួមភេទតាមទ្វារមាសនោះទេ។ ក្រុមអ្នកជំនាញបានបន្ថែមថា អ្នកលក់សេវាផ្លូវភេទមួយចំនួនបានចូលរួមក្នុងវិស័យនេះដោយ “ឆន្ទៈផ្ទាល់ខ្លួន” ហើយការអូសទាញអតិថិជនរបស់ពួកគេ “បង្កការរំខានដល់សណ្តាប់ធ្នាប់សង្គម”។

នាង Risa ជាសមាជិកនៃក្រុមអ្នករួចផុតពីវិស័យលក់សេវាផ្លូវភេទឈ្មោះ Toka បាននិយាយថា ប្រសិនបើច្បាប់នៅតែបន្តកំណត់គោលដៅលើអ្នកលក់សេវាផ្លូវភេទនោះ ពួកគេនឹងមិនអាចរាយការណ៍អំពីអំពើហិង្សា និងបទពិសោធន៍ដ៏អាក្រក់ផ្សេងទៀតទៅកាន់ប៉ូលិសបានឡើយ ដោយសារតែខ្លាចត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជន”។

ស្ត្រីវ័យ ៣៧ ឆ្នាំរូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយប្រើឈ្មោះក្លែងក្លាយថា គំនិតនៃឆន្ទៈសេរីក្នុងការលក់សេវាផ្លូវភេទគឺជាការយល់ឃើញមិនត្រឹមត្រូវមួយ ដោយសារតែការលំបាកជាច្រើនដូចជា ភាពក្រីក្រ របួសផ្លូវចិត្ត និងពិការភាព បានរុញច្រានស្ត្រីជាច្រើនឲ្យចូលក្នុងវិស័យនេះ៕

Most Popular

To Top