កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង លោក Jungkook សមាជិកក្រុមតារាចម្រៀងបុរស BTS និងតារាចម្រៀង នាង Chaewon សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង LE SSERAFIM បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថា ពួកគេកំពុងទាក់ទងស្នេហាជាមួយគ្នា។
កន្លងមក សកម្មភាពរបស់លោក Jungkook ជាមួយនាង Chaewon ធ្លាប់បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ទោះបីជាអ្នកខ្លះតែងតែភ្ជាប់ទំនាក់ទំនងរបស់លោកទៅនឹងនាង Winter សមាជិកក្រុម Aespa ដែលជាអ្នកដែលលោកធ្លាប់មានពាក្យចចាមអារ៉ាមថាទាក់ទងស្នេហាជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយក៏ដោយ។
នាពេលថ្មីៗនេះ ក្រុម BTS បានឡើងសម្តែងក្នុងកម្មវិធី iHeartRadio Music Festival ជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។ ក្រុម LE SSERAFIM ក៏បានចូលរួមក្នុងកម្មវិធីនេះដែរ ដោយពួកគេបានឡើងសម្តែងនៅយប់ទី២ ប៉ុន្តែអ្នកគាំទ្រទទួលបានរូបភាពនៃក្រុមទាំង ២ នៅជាមួយគ្នា មុនពេលពួកគេឡើងលើឆាក។
វីដេអូមួយត្រូវបានបង្ហោះដំបូងនៅលើបណ្តាញសង្គម TikTok អ្នកខ្លះបានភ្ជាប់សកម្មភាពរបស់លោក Jungkook នៅលើឆាកទៅនឹងសកម្មភាពរបស់នាង Chaewon ខណៈក្រុមរបស់នាងកំពុងទស្សនាការសម្តែងរបស់ BTS។ សកម្មភាពនោះត្រូវបានអ្នកគាំទ្រឃើញ លោក Jungkook ញញឹម និងសម្លឹងមើលចេញពីវ៉ែនតាការពារពន្លឺថ្ងៃរបស់លោក ត្រូវបានគេភ្ជាប់ទៅនឹងវីដេអូដែលបង្ហាញនាង Chaewon កំពុងគ្រវីដៃទៅកាន់ឆាក។
វីដេអូដែលលើកឡើងពីការសង្ស័យនេះត្រូវបានបង្ហោះនៅលើអ៊ីនធើណេត ដោយមានអ្នកខ្លះបន្ថែមថា លោក Jungkook កំពុងក្បត់សង្សារដែលគេសង្ស័យថា ជានាង Winter។ មនុស្សជាច្រើនបានចេញមុខការពារតារាទាំង២ ជាពិសេស លោក Jungkook ដោយលើកឡើងថា ពាក្យចចាមអារ៉ាមទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
លើសពីនេះ មនុស្សជាច្រើនបានចែករម្លែកវីដេអូពីមុំផ្សេងៗគ្នានៃនាង Chaewon និងលោក Jungkook ដែលបង្ហាញថា តាមពិតទៅនាង Chaewon ហាក់ដូចជាកំពុងមានអន្តរកម្មជាមួយសមាជិកម្នាក់ទៀតទៅវិញទេ៕
