បរទេស ៖ តារាសម្តែងហូលីវូដ ជើងចាស់ លោក Sylvester Stallone បានទម្លាយឱ្យដឹងថា លោកមិនដែលទទួលយកតំណែងជា «ឯកអគ្គរដ្ឋទូតពិសេស ប្រចាំហូលីវូដ» (Special Ambassador to Hollywood) ដែលប្រកាសតែងតាំងដោយប្រធានាធិបតីអាមេរិកលោក Donald Trump នោះទេ ហើយលោកថែមទាំងមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងពីការប្រកាសជាសាធារណៈនេះ តាមរយៈការមើលទូរទស្សន៍។
យោងតាមកិច្ចសម្ភាសន៍ថ្មីៗ ជាមួយសារព័ត៌មាន The Sunday Times លោក Stallone បានរៀបរាប់ពីព្រឹត្តិការណ៍នេះ និងពន្យល់ពីមូលហេតុ ដែលលោកចាត់ទុកតំណែងមួយនេះថាជារឿង «មិនអាចទៅរួច»។

លោក Stallone បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានយល់ព្រមទទួលតំណែងនេះឡើយ។ លោកបានរំលឹកពីការភ្ញាក់ផ្អើលរបស់លោកថា៖ «យប់មួយ ពេលខ្ញុំកំពុងមើលទូរទស្សន៍ ស្រាប់តែមានការប្រកាសថា Stallone, Mel Gibson និង Jon Voight នឹងក្លាយជា… ពេលនោះខ្ញុំលាន់មាត់ថា ម៉េច? សុំទោស តើមែនទែនឬ? ព្រោះបើសិនជាពួកគេសួរខ្ញុំតាំងពីដំបូង ខ្ញុំនឹងប្រាប់ថា វាមិនអាចទៅរួចទេ»។
តួឯកក្នុងរឿង Rocky និង Rambo រូបនេះ បានពន្យល់ពីហេតុផលដែលលោកបដិសេធតំណែងនេះ ដោយប្រៀបធៀបឧស្សាហកម្មហូលីវូដទៅនឹង «រដ្ឋសក្តិភូមិ» ឬ «នគរតូចៗ» ឯករាជ្យជាច្រើន។ លោកបានបញ្ជាក់ថា៖ «អ្នកមិនអាចដើរចូលទៅប្រាប់ស្ទូឌីយោទាំង៦ ពីរបៀបដែលពួកគេត្រូវធ្វើការនោះទេ។ ហូលីវូដជារចនាសម្ព័ន្ធសាជីវកម្ម ហើយអ្នកជំនួញទាំងនោះមិនចង់ស្តាប់ខ្ញុំប្រាប់ពួកគេពីបញ្ហាហិរញ្ញវត្ថុនោះទេ»។
លោកបានបន្ថែមថា លោកបានប្រាប់ទៅកាន់លោក Trump ត្រង់ៗថា៖ «អរគុណ និងលាហើយ (Thank you and ciao) ព្រោះវាមិនអាចទៅរួចទេ»។
គួររំលឹកថា កាលពីដើមឆ្នាំ២០២៥ (មុនពេលចូលកាន់តំណែង) លោក Donald Trump បានប្រកាសតែងតាំងតារាសម្តែង លោក Sylvester Stallone, Mel Gibson និង Jon Voight ជា «ឯកអគ្គរដ្ឋទូតពិសេស» ក្នុងគោលបំណងទាក់ទាញមុខជំនួញ និងការផលិតភាពយន្តឱ្យត្រឡប់មកហូលីវូដវិញ បន្ទាប់ពីការងារជាច្រើនត្រូវបានហូរចេញទៅក្រៅប្រទេស។ យ៉ាងណាមិញ ក្រោយការប្រកាសនោះ តារាសម្តែង Mel Gibson ក៏បានទម្លាយដែរថា លោកពិតជាមានការភ្ញាក់ផ្អើល និងទើបតែដឹងរឿងនេះតាមរយៈបណ្តាញសង្គម ដូចមហាជនទូទៅដែរ។
ទោះបីជាមានការបដិសេធមិនទទួលតំណែងនេះក្តី លោក Stallone នៅតែបង្ហាញការគាំទ្រចំពោះលោក Donald Trump ដដែល។ កាលពីចុងឆ្នាំ២០២៤ នៅក្នុងពិធីជប់លៀងអបអរជ័យជម្នះនៅរមណីយដ្ឋាន Mar-a-Lago លោក Stallone ធ្លាប់បានកោតសរសើរលោក Trump ដោយប្រៀបធៀបលោកទៅនឹង «តួអង្គក្នុងទេវកថា» និងចាត់ទុកលោកថាជា «George Washington ទី២» ថែមទៀតផង។
ការទម្លាយរឿងរ៉ាវនេះ បានបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃការតែងតាំងតំណែងដែលសាមីខ្លួនមិនបានដឹងជាមុន។ ទន្ទឹមនឹងនេះ វាក៏បានសង្កត់ធ្ងន់ទៅលើទស្សនៈរបស់លោក Stallone ដែលយល់ដឹងយ៉ាងច្បាស់ពីរចនាសម្ព័ន្ធដ៏ស្មុគស្មាញ និងឯករាជ្យភាពនៃថៅកែស្ទូឌីយោភាពយន្តហូលីវូដ ដែលធ្វើឱ្យការប៉ុនប៉ងកែប្រែហូលីវូដតាមបែបបទនយោបាយ គឺជារឿងដែលតារាជើងចាស់រូបនេះយល់ឃើញថា គ្មានភាពជាក់ស្តែង។
ប្រែសម្រួល៖ គីរី
