កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងម្នាក់ ហាក់ដូចជាកំពុងជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយប្តីអ្នកដទៃ ដែលធ្វើឲ្យប្រព័ន្ធរបស់បុរសនោះប្តឹង ទាមទារសំណងរាប់លានវ៉ុន។
កាលពីខែមេសា ឆ្នាំ២០២៦ ផ្នែករដ្ឋប្បវេណីទី៧ នៃតុលាការស្រុក Suwon បានបើកសវនាការលើកដំបូង លើបណ្តឹងទាមទារសំណង ដែលដាក់ដោយស្ត្រីម្នាក់ឈ្មោះ A (ភរិយារបស់បុរសម្នាក់) ប្រឆាំងនឹងតារាចម្រៀងនាង Sook Haeng។ នាថ្ងៃទី១៨ ខែកញ្ញា ឆានែល YouTube មានឈ្មោះថា “Respect Lee Jin Ho” បានបង្ហោះវីដេអូមួយ មានចំណងជើងថា “Sook Haeng បាត់បង់ប្រាក់ ៣០លានវ៉ុនក្នុងបណ្តឹងរឿងផិតក្បត់ ហេតុអ្វីបានជាភរិយារបស់បុរសនោះ កាន់តែភ្ញាក់ផ្អើលនៅថ្ងៃប្រកាសសាលក្រម ។
វីដេអូនោះ Lee Jin Ho បានលើកឡើងពីស្ថានភាពហិរញ្ញវត្ថុរបស់នាង Sook Haeng បន្ទាប់ពីមានបណ្តឹងនេះ។ នាង Sook Haeng បានផ្លាស់ចេញពីលំនៅដ្ឋានចាស់របស់នាង និងបានដឹកជញ្ជូនសម្ភារៈទាំងអស់ចេញ។ លើសពីនេះ ភាគីរបស់ Sook Haeng បានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងរស់នៅមួយថ្ងៃៗ ប៉ុណ្ណោះ។
ពីមុនមក Sook Haeng ត្រូវបានប្តឹងដោយស្ត្រីម្នាក់ឈ្មោះ A (ភរិយារបស់បុរសឈ្មោះ B) ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងមិនសមរម្យជាមួយលោក B ជាបុរសមានប្រពន្ធ។ ដំបូងឡើយ ស្ត្រីឈ្មោះ A បានទាមទារសំណងចំនួន ១០០លានវ៉ុន (ប្រហែល ៧២,១០០ដុល្លារអាមេរិក) ប៉ុន្តែតុលាការបានសម្រេចឲ្យនាង Sook Haeng បង់ប្រាក់សំណងចំនួន ៣០លានវ៉ុន (ប្រហែល ២១,៦០០ដុល្លារអាមេរិក) សម្រាប់ផលប៉ះពាល់ផ្លូវចិត្ត រួមទាំងការប្រាក់លើការយឺតយ៉ាវក្នុងការបង់ប្រាក់ផងដែរ។
ភាគីរបស់នាង Sook Haeng បានអះអាងថា នាងបានទាក់ទងជាមួយលោក B ដោយសារតែគាត់បានប្រាប់នាងថា គាត់បានព្រមព្រៀងលែងលះជាមួយប្រពន្ធរួចហើយ និងបានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រាក់ផ្គត់ផ្គង់ក្រោយលែងលះ និងការបែងចែកទ្រព្យសម្បត្តិរួចរាល់ហើយ។
Sook Haeng បានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ជាលើកដំបូង បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងកម្មវិធី “Miss Trot” របស់ស្ថានីយទូរទស្សន៍ TV Chosun កាលពីឆ្នាំ២០១៩។ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធី “Active Singer King 3” របស់ស្ថានីយទូរទស្សន៍ MBN កាលពីខែធ្នូ ឆ្នាំមុន ប៉ុន្តែចាប់តាំងពីពេលនោះមក នាងបានផ្អាកសកម្មភាព និងដកខ្លួនចេញពីកម្មវិធី៕
