កីឡា

កីឡាការិនីវាយសីថៃ វ័យ ១៩ ឆ្នាំ ក្លាយជាកីឡាការិនីដំបូងគេ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុហាមឃាត់ ក្នុងកីឡានៅព្រឹត្តិការណ៍ Asian Games

ជប៉ុន ៖ ក្រុមអ្នកត្រួតពិនិត្យបានឲ្យដឹងថា កីឡាការិនីវាយសីជនជាតិថៃ នាង Pitchamon Opatniputh បានក្លាយជាករណីដំបូងគេដែលត្រូវបានរកឃើញថា នាងបានប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា (Doping) ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ទីភ្នាក់ងារត្រួតពិនិត្យអន្តរជាតិ បានបញ្ជាក់ថា កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះត្រូវបានរកឃើញថា មានសារធាតុហាមឃាត់ក្នុងកីឡាប្រភេទ Furosemide ក្នុងសំណាករបស់នាង ហើយនាងត្រូវបានផ្អាកការប្រកួតជាបណ្ដោះអាសន្ន។

កីឡាការិនីវ័យក្មេងរូបនេះ ជាប់ចំណាត់ថ្នាក់លេខ ១៨ លើពិភពលោក និងត្រូវបានគេចាត់ទុកថា ជាកីឡាការិនីឆ្នើមដែលកំពុងមានឈ្មោះបោះសំឡេងក្នុងប្រទេសរបស់ខ្លួននោះ គ្រោងនឹងត្រូវប្រកួតទល់នឹងក្រុមប្រទេសចិននៅថ្ងៃអង្គារ ក្នុងប្រភេទកីឡាវាយសីជាក្រុម។ ការប្រកួតវាយសីពេញមួយថ្ងៃដំបូងនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់អាស៊ីមួយនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារ ITA បានបញ្ជាក់ថា កីឡាការិនីរូបនេះត្រូវបានហាមឃាត់មិនឲ្យចូលរួមការប្រកួត ការហ្វឹកហាត់ ការធ្វើជាគ្រូបង្វឹក ឬចូលរួមក្នុងសកម្មភាពណាមួយឡើយក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ ២០២៦ នៅទីក្រុង Aichi-Nagoya»។

ទីភ្នាក់ងារនេះបានកត់សម្គាល់ថា កីឡាការិនី Pitchamon អាចប្តឹងជំទាស់នឹងការផ្អាកសិទ្ធិជាបណ្តោះអាសន្ននេះទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា (CAS)។ ទីភ្នាក់ងារនេះបានបន្ថែមថា កីឡាការិនីក៏មានសិទ្ធិស្នើសុំឲ្យមានការវិភាគលើសំណាកគំរូ B ផងដែរ ។

សារធាតុ Furosemide អាចត្រូវបានប្រើប្រាស់ដោយអត្តពលិកដើម្បីបញ្ចេញទឹកចេញពីរាងកាយ ក្នុងគោលបំណងសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ សំណាកគំរូនេះត្រូវបានប្រមូលដោយ ITA ក្នុងអំឡុងពេលនៃការធ្វើតេស្តក្រៅការប្រកួត កាលពីថ្ងៃទី ១៧ ខែកញ្ញា៕

Most Popular

To Top