ចិន៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរគ្រប់គ្រងមាតិកាវីដេអូខ្លី របស់ប្រទេសចិន បានលុបចោលខ្សែភាពយន្តរាប់ម៉ឺនរឿង ដែលជាមាតិកាអាសអាភាស និងបង្កគ្រោះថ្នាក់ ឬមិនសមស្របសម្រាប់កុមារទស្សនា នៅលបណ្តាញសង្គមឡើយ ។
ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិន បានបង្ហាញក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៧ ខែកញ្ញា ដោយលោក Wang Xiaoliang ជានាយកនៃនាយកដ្ឋានគ្រប់គ្រងកម្មវិធីសោតទស្សន៍តាមបណ្តាញអ៊ីនធើណេត បានថ្លែងថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ មានការចេញផ្សាយរឿងភាគខ្លីៗ (micro-dramas) សរុបចំនួន ៤៣០,០០០ រឿង។ ក្នុងចំណោមនោះ ខ្សែភាពយន្តខ្លីៗដែលបង្កើតដោយបច្ចេកវិទ្យា AI មានចំនួនជាង ៩០ ភាគរយ។
ការិយាល័យនេះបានបញ្ជាក់ថា រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ អាជ្ញាធរគ្រប់គ្រងបានបញ្ជាឲ្យលុបចោលខ្សែភាពយន្តខ្លីៗចំនួន ៦៨,០០០ រឿងជាមាតិកាអាសអាភាស និងបង្កគ្រោះថ្នាក់ ហើយមាតិកាត្រូវបានចាត់ទុកថា មិនសមស្របសម្រាប់កុមារ និងការរំលោភលើកម្មសិទ្ធិបញ្ញា។ ខ្សែភាពយន្តដែលបង្កើតឡើងដោយប្រើប្រាស់ AI មានចំនួនជាង ៩០ ភាគរយនៃរឿងទាំងនោះ។
អាជ្ញាធរពាក់ព័ន្ធបានកត់សម្គាល់ថា វីដេអូខ្លីៗទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយចំនួនគណនីអ្នកទស្សនាបានចុះឈ្មោះសម្រាប់ប្រភេទវីដេអូនេះ បានកើនឡើងលើសពី ៨០០ លាននាក់។ កាលពីឆ្នាំមុន ទំហំទីផ្សារនៃវីដេអូខ្លីៗបានកើនឡើងលើសពី ១០០ ពាន់លានយន់ (ស្មើនឹង ១៤,៩ ពាន់លានដុល្លារអាមេរិក)។
ការប្រើប្រាស់បច្ចេកវិទ្យា AI នាំមកនូវទម្រង់នៃការបង្ហាញថ្មីៗ ដោយជួយកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពសម្រាប់អ្នកផលិត។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះក៏នាំមកនូវបញ្ហាប្រឈមថ្មីៗ ក្នុងការគ្រប់គ្រងគុណភាពមាតិកា និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់៕
