សិល្បៈ និង កម្សាន្ត

តារាសម្ដែង Saoirse Ronan ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលថាស្វាមីរបស់នាង គឺលោក Jack Lowden នឹងក្លាយជាតួអង្គ James Bond បន្ទាប់

​បរទេស៖ តារាសម្ដែងស្រី Saoirse Ronan បានចេញមុខបកស្រាយជុំវិញ ពាក្យចចាមអារ៉ាមដែលថា ស្វាមីរបស់នាងគឺលោក Jack Lowden ត្រូវបានគេជ្រើសរើសឱ្យសម្ដែងជាតួអង្គ James Bond បន្ទាប់ពីតារាសម្ដែង Gary Oldman បានលើកឡើងថាមិត្តរួមការងារក្នុងរឿង Slow Horses រូបនេះ អាចមានឈ្មោះក្នុង “បញ្ជីសម្រាំង (Shortlist)” ចុងក្រោយ។

​ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press អ្នកនាង Ronan បានបញ្ជាក់ថា លោក Oldman “គិតថា [Lowden] គឺជា James Bond” ប៉ុន្តែនាងមិនបានបង្ហើបថាតើការសន្និដ្ឋាននេះជាការពិតឬយ៉ាងណានោះទេ។

​តារាស្រីម្ចាស់ពានរង្វាន់ Golden Globe រូបនេះបានបន្តថា៖ “រឿងនេះវាជារឿងដោយឡែក។ និយាយដោយស្មោះត្រង់ទៅ ពួកយើងកំពុងតែបន្តរស់នៅតាមធម្មតា ហើយមានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយ។ ដូច្នេះ វាពិតជាមិនមែនជាប្រធានបទដែលយើងតែងតែលើកយកមកនិយាយនៅក្នុងផ្ទះនោះទេ។ ការបណ្ដើរឆ្កែដើរលេង ការរៀបចំអាហារពេលល្ងាច គឺជាអ្វីដែលពួកយើងកំពុងតែផ្តោតអារម្មណ៍ជាងគេ”។ អ្នកនាងបានបន្ថែមថា បច្ចុប្បន្ន លោក Lowden កំពុង “មានពេលវេលាដ៏ល្អ” ក្នុងការថតភាគថ្មីៗនៃរឿង Slow Horses ដែលកំពុងចាក់ផ្សាយរដូវកាលទី ៦ នៅលើ Apple TV។

​កាលពីខែកញ្ញា លោក Oldman បានទម្លាយថា លោក Lowden ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេលេចឮថានឹងមកស្នងតំណែងជាភ្នាក់ងារសម្ងាត់អង់គ្លេសនេះ បន្ទាប់ពីលោក Daniel Craig បានចាកចេញពីសាច់រឿង Bond ក្នុងឆ្នាំ ២០២១។ លោកបានប្រាប់កម្មវិធី The Morning Show របស់កាណាដាថា៖ “មានពាក្យចចាមអារ៉ាមថាគាត់ស្ថិតក្នុងបញ្ជីសម្រាំង… ពួកគេបានជ្រើសរើសរួចហើយ គ្រាន់តែមិនទាន់ប្រកាសផ្លូវការ។ ដូច្នេះខ្ញុំសង្ឃឹមថាវាជា Jack”។

​យ៉ាងណាមិញ ក្រោយមក លោកបានចេញមុខបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សា Visionaries នៅមហោស្រពភាពយន្តអន្តរជាតិ Toronto កាលពីថ្ងៃទី១០ ខែកញ្ញា ថាលោកគ្រាន់តែដឹងអំពីបញ្ជីសម្រាំងដែលមានបេក្ខភាព ៦ នាក់ ប៉ុន្តែលោកមិនដឹងច្បាស់ថាតួឯកណាម្នាក់នឹងត្រូវដើរតួជា 007 នោះទេ ដោយលោកបញ្ជាក់ថា៖ “ទោះបីជាខ្ញុំដឹង… ខ្ញុំក៏រៀនសូត្រពីកំហុសដែរ គឺខ្ញុំនឹងមិនហើបមាត់នោះទេ។ ខ្ញុំមិនដឹងថាជានរណាទេ ខ្ញុំគ្រាន់តែសង្ឃឹមថាជា Jack”។

​គួរជម្រាបផងដែរថា លោក Denis Villeneuve ត្រូវបានចាត់តាំងឱ្យដឹកនាំរឿង Bond វគ្គថ្មីនេះ ដែលនឹងក្លាយជាភាពយន្តដំបូងពីផលិតកម្ម Amazon MGM បន្ទាប់ពីស្ទូឌីយោទទួលបានសិទ្ធិគ្រប់គ្រងពេញលេញលើតួអង្គ និងកម្មសិទ្ធិបញ្ញាកាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ ចំណែកឯលោក Steven Knight ដែលជាអ្នកនិពន្ធរឿង Peaky Blinders កំពុងទទួលបន្ទុកសរសេរអត្ថបទសាច់រឿង។

​មកទល់ពេលនេះ មានតារាសម្ដែងល្បីៗជាច្រើនត្រូវបានគេលេចឮថានឹងក្លាយជាតួ James Bond បន្ទាប់ ដែលក្នុងនោះរួមមាន Callum Turner, Jacob Elordi, Tom Holland, Aaron Taylor-Johnson, Harris Dickinson និងលោក Lowden ប៉ុន្តែក្រុមហ៊ុន Amazon មិនទាន់មានការប្រកាសផ្លូវការណាមួយអំពីការសម្រេចចិត្តជ្រើសរើសតួអង្គនៅឡើយទេ។

ប្រែសម្រួល៖ គីរី

Most Popular

To Top