បរទេស ៖ អ្នកស្រី Michelle Yeoh ដែលជាតារាសម្ដែងអាស៊ីដំបូងគេបង្អស់ទទួលបានពានរង្វាន់អូស្ការ (Academy Award) ផ្នែកតួឯកស្រីឆ្នើម បានលើកឡើងថា អ្នកស្រីមិនញញើតក្នុងការទទួលយកបញ្ហាប្រឈមថ្មីៗនោះទេ ដោយចាត់ទុកថាជីវិតគឺជាការបើកចំហរឆ្ពោះទៅរកឱកាសផ្សេងៗជានិច្ច នេះបើតាមការចេញផ្សាយ ពីសារព័ត៌ជប៉ុន Kyodo ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងពេលដែលអ្នកស្រីចូលរួមមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (BIFF) ក្នុងនាមជាអ្នកទទួលពានរង្វាន់ “អ្នកផលិតភាពយន្តអាស៊ីប្រចាំឆ្នាំ” (Asian Filmmaker of the Year) និងជាតួឯកក្នុងភាពយន្តរឿង “It’s My Time” ដែលត្រូវបានអញ្ជើញឱ្យចាក់បញ្ចាំងក្នុងកម្មវិធី Gala Presentation។

អ្នកស្រីបានថ្លែង ក្នុងសន្និសីទសារព័ត៌មានថា”រៀងរាល់ថ្ងៃពេលខ្ញុំភ្ញាក់ពីគេង ខ្ញុំតែងតែទន្ទឹងរង់ចាំបញ្ហាប្រឈមថ្មីៗក្នុងជីវិត ហើយខ្ញុំគិតថា នេះហើយជាអត្ថន័យនៃជីវិត។ ខ្ញុំមិនខ្លាចការបរាជ័យទេ។ វាប្រៀបដូចជាចង្វាក់បេះដូងអញ្ចឹង គឺមានឡើងមានចុះ”។ ការស្វែងរកឱកាសថ្មីៗ និងការរៀនសូត្រឥតឈប់ឈរ បានអនុញ្ញាតឱ្យអ្នកស្រីអាចសម្តែងតួអង្គចម្រុះ និងធ្វើការជាមួយអ្នកដឹកនាំរឿងវ័យក្មេង ជាក់ស្តែងដូចជាកិច្ចសហការជាមួយលោក Daniel Scheinert និង Daniel Kwan ក្នុងភាពយន្ត “Everything Everywhere All at Once” (២០២២) ដែលជួយឱ្យអ្នកស្រីឈ្នះពានអូស្ការ។ អ្នកស្រីបានបន្ថែមថា ខ្លួនចាប់អារម្មណ៍នឹងតួអង្គក្នុងរឿង “It’s My Time” ព្រោះតែវាជាបញ្ហាប្រឈមក្នុងការសម្តែងជាស្ត្រីចំណាស់ម្នាក់ ដែលបង្ហាញពីសារថា ឱកាសថ្មីៗតែងតែមានជានិច្ចនៅគ្រប់វ័យ។
ទោះជាយ៉ាងណា ការកសាងអាជីពនៅហូលីវូដមិនមែនជារឿងងាយស្រួលឡើយ។ តារាសម្តែងរូបនេះបានរំលឹកពីការភ្ញាក់ផ្អើលកាលពីដំបូងដែលត្រូវបានគេចាត់ទុកជា “ជនជាតិភាគតិច” និងភាពខកចិត្តនៅពេលដែលហូលីវូដតែងតែផ្តល់តួអង្គដដែលៗ (Stereotypical roles) សម្រាប់ស្ត្រីអាស៊ី ដូចជាតួអ្នកធ្វើការនៅភោជនីយដ្ឋានកូរ៉េ ឬហាងបោកអ៊ុតចិន ទោះបីជាអ្នកស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញពីការសម្តែងក្នុងភាពយន្ត James Bond វគ្គ “Tomorrow Never Dies” (១៩៩៧) រួចហើយក៏ដោយ។
ក្នុងបរិបទនេះ អ្នកស្រីចាត់ទុកការឈ្នះពានអូស្ការថាប្រៀបដូចជា “ក្តីស្រមៃ”។ អ្នកស្រីក៏បានកោតសរសើរដល់តារាសម្តែងកូរ៉េដ៏ល្បីល្បាញ អ្នកស្រី Youn Yuh-jung ដែលជាជនជាតិអាស៊ីដំបូងគេឈ្នះពានតួសម្តែងរងស្រីឆ្នើម ដោយចាត់ទុកថាអ្នកស្រី Youn គឺជាអ្នកបើកទ្វារ និងជាអ្នកផ្តល់ការបំផុសគំនិតឱ្យអ្នកស្រីជឿជាក់ថារឿងនេះគឺពិតជាអាចទៅរួច។
អ្នកស្រី Yeoh បានលើកទឹកចិត្តដល់អ្នកផលិតភាពយន្ត និងតារាសម្តែងអាស៊ី ឱ្យបន្តផលិតនិងប្រាប់ពីរឿងរ៉ាវរបស់ពួកគេ ដោយសង្កត់ធ្ងន់ថាភាពយន្តកូរ៉េគឺជាគំរូដ៏ល្អមួយ តាមរយៈស្នាដៃរបស់អ្នកដឹកនាំរឿងល្បីៗដូចជា Lee Chang-dong, Park Chan-wook និង Bong Joon-ho។
ជាមួយនឹងបទពិសោធន៍ជាង ៤ ទសវត្សរ៍ អ្នកស្រីចាត់ទុកវិស័យភាពយន្តជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិត។ ទោះបីជាបច្ចុប្បន្នមានបច្ចេកវិទ្យា និងជម្រើសកម្សាន្តច្រើនយ៉ាងណាក៏ដោយ អ្នកស្រីនៅតែជឿជាក់លើថាមពលនៃភាពយន្ត ដោយបញ្ជាក់ថា៖ “នៅពេលដែលអ្នកចំណាយពេលមើលភាពយន្តមួយ វាគឺជាជម្រើសរបស់អ្នកផ្ទាល់ ហើយសម្រាប់រយៈពេលពីរម៉ោងនោះ អ្នកអាចផ្តាច់ខ្លួនពីពិភពខាងក្រៅ ហើយផ្តល់ពេលវេលាឱ្យខ្លួនឯងដើម្បីរីករាយជាមួយអ្វីដែលអ្នកបានជ្រើសរើស”៕
ប្រែសម្រល៖ គីរី
