បរទេស៖ ខ្សែបម្រើកណ្តាល របស់ក្លឹប Bournemouth កីឡាករ Alex Scott បានសម្រេចចិត្តដកខ្លួនចេញ ពីក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីទទួល រងរបួសសរសៃពួរ (Tendon injury) អំឡុងពេលប្រកួតដែលអង់គ្លេស យកឈ្នះលើក្រូអាស៊ីក្នុងលទ្ធផល ៧-០។ បើតាមការវាយតម្លៃបឋម កីឡាកររូបនេះអាចនឹងត្រូវអវត្តមានពីទីលានរយៈពេល “ច្រើនសប្តាហ៍” ខណៈការស្កេនលម្អិតបន្ថែមនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់ នេះបើយោងតាមការចេញផ្សាយពី SkysPorts ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Thomas Tuchel បានរៀបរាប់ពីស្ថានភាពរបួសនេះថាជារឿង “គួរឲ្យចម្លែក” ដោយលោកពន្យល់ថា Scott ហ្វឹកហាត់បានល្អ និងទទួលបានការអនុញ្ញាតពីក្រុមគ្រូពេទ្យឲ្យលេងធម្មតា។ លោកបានបញ្ជាក់ថា កំឡុងពេលប្រកួត កីឡាករ រូបនេះមានអាការៈមិនស្រួលខ្លួនបន្តិចបន្តួច ប៉ុន្តែបានបដិសេធ មិនព្រមប្តូរចេញនោះទេ សូម្បីតែក្រោយចប់ការប្រកួត ក៏គេមិនមានអារម្មណ៍ថា ខ្លួនមានរបួសធ្ងន់ធ្ងរដែរ រហូតទាល់តែលទ្ធផលស្កេនបញ្ជាក់យ៉ាងច្បាស់ពីទំហំនៃរបួស ។ លោក Tuchel បានសង្កត់ធ្ងន់ថា លោកនឹងមិនដាក់កីឡាករឲ្យលេងដាច់ខាត ប្រសិនបើដឹងថាមានហានិភ័យសូម្បីតែបន្តិច។
ទន្ទឹមនឹងបញ្ហារបួសនេះ Scott ក៏ទើបតែទទួលបានដំណឹង ដ៏ក្រៀមក្រំអំពីការទទួលមរណភាព របស់លោកតាខ្លួន កំឡុងពេលលោកមកប្រមូលផ្តុំជម្រើសជាតិនេះផងដែរ ។ យ៉ាងណាមិញ គេនៅតែសម្រេចចិត្តស្នាក់នៅ និងបន្តលេងដើម្បីជាការគោរពវិញ្ញាណក្ខន្ធដល់លោកតា ដែលជាអ្នកគាំទ្រដ៏ធំបំផុតម្នាក់ក្នុងអាជីពបាល់ទាត់របស់គេ។
ក្រៅពីបញ្ហាខាងលើ មានសេចក្តីរាយការណ៍ថា Alex Scott បានបដិសេធមិនបន្តកុងត្រាថ្មីជាមួយ Bournemouth នោះទេ ចំពេលដែលមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាក្លឹបផ្សេងៗក្នុងក្របខ័ណ្ឌ Premier League។
ចំពោះការប្រកួតដែល Scott នឹងត្រូវអវត្តមានសម្រាប់ក្លឹប Bournemouth រួមមានការប្រកួតសំខាន់ៗជាច្រើនដូចជជា ការប្រកួតក្រៅដីជាមួយ Chelsea (Premier League) ការប្រកួតពានរង្វាន់ Europa League ទល់នឹង Sturm Graz និង AC Milan ការប្រកួតលីគជាមួយ Sunderland, Man Utd និង Leeds ការប្រកួត Carabao Cup ជាមួយ Aston Villa។
ជាមួយគ្នានេះដែរ កីឡាករខ្សែការពារ Ezri Konsa ក៏បានចាកចេញពីជំរុំហ្វឹកហាត់របស់អង់គ្លេស ដើម្បីត្រលប់ទៅកាន់ក្លឹប Arsenal វិញផងដែរ ដើម្បីវាយតម្លៃ បន្ថែមលើបញ្ហារបួសសាច់ដុំ (Muscle injury) របស់គេ។ លោក Tuchel បានបញ្ជាក់ថា Konsa បានព្យាយាមចូលលេងតាំង ពីការប្រកួតទល់នឹងក្រុមអេស្ប៉ាញ និងក្រូអាស៊ី ប៉ុន្តែស្ថានភាពរបួស របស់គេកាន់តែធ្ងន់ធ្ងរ ទើបក្រុមការងារសម្រេចចិត្ត មិនប្រថុយដាក់ឲ្យលេងបន្ត៕
ប្រែសម្រួល៖ គីរី
