កីឡា

រ៉ូណាល់ដូ ចេញលិខិតសុំទោស ទាក់ទងនឹងបញ្ហា ក្នុងជម្រើសជាតិ និងទម្លាយពីការក្បត់ ពាក្យសន្យារបស់គ្រូបង្វឹក»

​បរទេស ៖ កំពូលកីឡាករបាល់ទាត់ គ្រីស្ទីណូ រ៉ូណាល់ដូ បានចេញសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរផ្ទាល់ខ្លួនមួយ ដើម្បីបកស្រាយការពិតជុំវិញកាលៈទេសៈ ដែលបានកើតឡើងនៅក្នុងការប្រមូល ផ្តុំក្រុមជម្រើសជាតិ ព័រទុយហ្គាល់នាពេលថ្មីៗនេះ។

​យោងតាមលិខិតរបស់លោក លើបណ្តាញសង្គមផ្លូវការ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រោយចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ លោកមានបំណងរៀបចំ លិខិតចាកចេញពីក្រុមជម្រើសជាតិទៅហើយ ប៉ុន្តែដោយសារមានការស្នើ សុំទទូចពីប្រធានសហព័ន្ធ (FPF) ទើបលោកសម្រេចចិត្តបន្ត។

បន្ទាប់មក លោកបាន ជួបពិភាក្សាជាមួយគ្រូបង្វឹកថ្មី ដោយគ្រូបង្វឹកបានដាក់ចេញនូវផែនការ មួយដែលកំណត់ឱ្យ លោកលេងតែក្នុងការប្រកួតទី១ និងប្រកួតចុងក្រោយប៉ុណ្ណោះ ដើម្បីសម្រួលដល់ការគ្រប់គ្រងកាយសម្បទា។

​ភាពចម្រូងចម្រាសបានចាប់ផ្តើមផ្ទុះឡើង ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិន័រវែស។ ទោះបីជាការប្រកួតនោះ មិនស្ថិតក្នុងផែនការលេងរបស់លោកក៏ដោយ ក៏គ្រូបង្វឹកបានស្នើសុំឱ្យលោកត្រៀមខ្លួនលេង ៣០នាទីចុងក្រោយ។ រ៉ូណាល់ដូ បានយល់ព្រម និងបានកម្តៅសាច់ដុំតាំងពីពេលសម្រាកតង់ទី១ រហូតដល់ចប់ការប្រកួត ប៉ុន្តែគ្រូបង្វឹកបែរជាមិនបានហៅលោកឱ្យចូលលេងទាល់តែសោះ ដែលលោកចាត់ទុកថានេះជាការបំពានពាក្យសន្យា។ ដោយសារតែក្តីខកចិត្ត លោកមិនបានដើរទៅរាក់ទាក់អ្នកគាំទ្រនោះទេក្រោយចប់ការប្រកួត ដែលលោកក៏បានសុំទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះ។

​៤៨ម៉ោងក្រោយមក រ៉ូណាល់ដូ, គ្រូបង្វឹក និងនាយកកីឡារបស់ក្លឹប Al Nassr លោក Simão Coutinho បានជួបប្រជុំគ្នាដោយបើកចំហ។ គ្រូបង្វឹកបានយល់ព្រមថានឹងនិយាយការពិតនៅក្នុងសន្និសីទសារព័ត៌មាន ដោយនឹងទទួលស្គាល់ថាខ្លួនពិតជាមានកំហុសដែលឱ្យលោកកម្តៅសាច់ដុំហើយមិនបានដាក់ឱ្យលេង។ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងសន្និសីទសារព័ត៌មានជាក់ស្តែង គ្រូបង្វឹកបែរជាបង្ហាញអាកប្បកិរិយាឆ្មើងឆ្មៃ និងមិនបាននិយាយដូចអ្វីដែលបានព្រមព្រៀងគ្នានោះឡើយ។

​ដោយសារតែការបំពានពាក្យសន្យាជាលើកទី២នេះហើយ ទើបរុញច្រានឱ្យប្រធានក្រុមរូបនេះ សម្រេចចិត្តវេចបង្វិចចាកចេញពីជំរុំហ្វឹកហាត់ភ្លាមៗ ព្រោះសម្រាប់លោក ការពិតគឺជាអ្វីដែលសំខាន់បំផុតក្នុងទំនាក់ទំនង។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ រ៉ូណាល់ដូ ក៏បានសុំទោសដល់មិត្តរួមក្រុមជម្រើសជាតិយ៉ាងស្មោះស្ម័គ្រចំពោះទង្វើចាកចេញរបស់លោក។ លោកបានបញ្ជាក់ថា លោកត្រូវតែទទួលខុសត្រូវ និងស័ក្តិសមនឹងទទួលរងការពិន័យពីសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ដោយគ្មានការអនុគ្រោះឡើយ ព្រោះក្នុងនាមជាប្រធានក្រុម នេះគឺជាកំហុសកាន់តែធ្ងន់ធ្ងរ។

​ជាចុងក្រោយ រ៉ូណាល់ដូ បានសង្កត់ធ្ងន់ថា ទោះបីជាមានការលើកឡើងពីការរៀបចំការប្រកួតលាគ្នា (Farewell matches) ក៏ដោយ ក៏លោកនៅតែមានឆន្ទៈមុតមាំក្នុងការប្រកួតប្រជែងដដែល។ លោកបានសន្យាថា ក្រោយពេលអនុវត្តទោស ពិន័យរួចរាល់ ប្រសិនបើកាយសម្បទាលោកនៅតែរឹងមាំ លោកនឹងត្រៀមខ្លួនជាស្រេច ក្នុងការបន្តជួយ និងបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ជានិច្ច។ 

ប្រែសម្រួល៖ គីរី

Most Popular

To Top