បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេមិន ទាន់បញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់នោះទេ ដោយបានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយ បញ្ជាក់ពីការត្រៀមខ្លួនជានិច្ចសម្រាប់ការកោះហៅ ព្រមទាំងលាតត្រដាងព័ត៌មានលម្អិតជុំវិញ ការចាកចេញដោយតក់ក្រហល់ និងការបែកបាក់ទំនាក់ទំនងរវាងរូបគេ និងគ្រូបង្វឹកលោក Jorge Jesus នេះបើតាមការចេញផ្សាយពី Newyork Post ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
កាលពីសប្តាហ៍មុន កីឡាករវ័យ ៤១ ឆ្នាំរូបនេះបានដើរចេញពីជំរំប្រមូលផ្តុំជម្រើសជាតិចំពេលមានការប្រកួតពានរង្វាន់ UEFA Nations League។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីរូបគេត្រូវអង្គុយកៅអីបម្រុងពេញមួយការប្រកួត ក្នុងជ័យជម្នះ ២-១ លើក្រុមន័រវែសកាលពីថ្ងៃទី២៧ ខែកញ្ញា ដែល Ronaldo ចាត់ទុកថាជាការក្បត់ពាក្យសន្យារបស់លោក Jesus មកលើរូបគេ។
ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍ជិត ២.០០០ ពាក្យ Ronaldo នៅតែសង្ឃឹមថានឹងអាចលេង ឱ្យជម្រើសជាតិបន្តទៀត ដោយអះអាងថា៖ “ប្រសិនបើខ្ញុំមានកាយសម្បទាមាំមួន លេងឱ្យក្លឹបបានល្អ និងអាចរកគ្រាប់បាល់បាន ខ្ញុំសង្ឃឹមថាបន្ទាប់ពីទទួលទណ្ឌកម្មណាមួយរួច ខ្ញុំនឹងនៅតែមានវត្តមានជានិច្ច ដូចដែលខ្ញុំតែងតែធ្វើរហូតមកដល់ថ្ងៃនេះ ដើម្បីប្រកួតប្រជែង និងដណ្តើមជ័យជម្នះជូនជម្រើសជាតិយើង”។
ទោះបីជាលោក Jesus ធ្លាប់បានអះអាងថា “គ្មានបញ្ហាអ្វីទេ” រវាងលោកនិង Ronaldo ក៏ដោយ ប៉ុន្តែកំពូលកីឡាកររូបនេះបានចោទប្រកាន់ថា គ្រូបង្វឹកបានក្បត់ពាក្យសន្យាដល់ទៅពីរលើក៖
ការក្បត់ពាក្យសន្យាលើកទី១៖ លោក Jesus បានសួរថាតើ Ronaldo ត្រៀមខ្លួនរួចរាល់ឬទេក្នុងការលេង ៣០ នាទីទល់នឹងន័រវែស ទាំងដែលផែនការដើមគឺតម្រូវឱ្យរូបគេសម្រាក ដើម្បីត្រៀមសម្រាប់ការប្រកួតនៅថ្ងៃទី៤ តុលា នៅកីឡដ្ឋាន Dragão។ Ronaldo បានយល់ព្រម និងកម្តៅសាច់ដុំតាំងពីតង់ទី១ចប់ ប៉ុន្តែបែរជាមិនត្រូវបានប្តូរចូលលេងទាល់តែសោះ។
ការក្បត់ពាក្យសន្យាលើកទី២៖ ក្រោយការប្រកួត មានកិច្ចប្រជុំមួយរវាង Ronaldo, លោក Jesus និងនាយកផ្នែកកីឡារបស់ក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត លោក Simao Coutinho។ ពួកគេបានឯកភាពគ្នាលើឯកសារ ៨ ចំណុច ដើម្បីឱ្យលោក Jesus បកស្រាយក្នុងសន្និសីទកាសែតនៅថ្ងៃទី២៩ ខែកញ្ញា។ លោក Jesus គួរតែបញ្ជាក់ថា Ronaldo មិនបានទាមទារនាទីលេងទេ ហើយការឱ្យកីឡាកររូបនេះកម្តៅសាច់ដុំដោយមិនឱ្យចូលលេង គឺជាកំហុសរបស់លោក។ ផ្ទុយទៅវិញ ក្នុងសន្និសីទកាសែត លោក Jesus បែរជាបង្ហាញឥរិយាបថគំរោះគំរើយ និងបញ្ចេញអាកប្បកិរិយាបែបអំណាច “ខ្ញុំចង់ ខ្ញុំអាចធ្វើបាន ហើយខ្ញុំជាអ្នកបញ្ជា” ដែលជារឿងខុសស្រឡះពីការព្រមព្រៀងគ្នាជាឯកជនកាលពីថ្ងៃមុន។
ទន្ទឹមនឹងការបកស្រាយនេះ Ronaldo ក៏បានបង្ហាញការសោកស្តាយ និងសុំទោសចំពោះផលប៉ះពាល់ដល់មិត្តរួមក្រុម និងអ្នកគាំទ្រ ដោយទទួលស្គាល់ថាការដើរចេញនេះគឺជាការសម្រេចចិត្តរបស់លោកតែម្នាក់ឯង ហើយវាជារឿងដែលលោក “មិនគួរធ្វើទាល់តែសោះ”។
ជាចុងក្រោយ ជុំវិញពាក្យចចាមអារ៉ាមស្តីពីការរៀបចំការប្រកួតលាគ្នា (Farewell match) Ronaldo បានសន្យាប្រាប់អ្នកគាំទ្រថានឹងមានការប្រកួតលាគ្នាមួយ ឬច្រើននៅពេលខាងមុខ។ ប៉ុន្តែសម្រាប់ពេលនេះ គោលដៅចម្បងរបស់លោកគឺ “ការប្រកួតប្រជែង” ដោយលោកបានរំឭកពីការលះបង់កាលពីអតីតកាលថា សូម្បីតែនៅថ្ងៃ ដែលលោកទទួលដំណឹងមរណភាពរបស់ឪពុក ក៏លោកនៅតែសម្រេចចិត្តស្នាក់នៅជំរំ ជម្រើសជាតិរហូតដល់ចប់ការប្រកួតនៅថ្ងៃបន្ទាប់ដែរ ដែលនេះជាអ្វីដែលលោកធ្វើសម្រាប់ប្រទេសជាតិ ប៉ុន្តែលោកប្រហែលជាមិនធ្វើបែបនេះឡើយសម្រាប់ក្លឹបណាមួយ។
ប្រែសម្រួល៖ គីរី
