ទីក្រុងសេអ៊ូល៖ ក្រុមចម្រៀង K-pop ដ៏ល្បីល្បាញទូទាំងពិភពលោក BTS នឹងចាប់ផ្តើមការប្រគំតន្ត្រីជាលើកដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសប៉េរូ ខណៈដែលរដ្ឋធានីលីម៉ា (Lima) បានរៀបចំ “វិថី BTS (BTS Avenue)” រយៈពេលមួយសប្តាហ៍ និងតុបតែងភ្លើងពណ៌ស្វាយនៅតាមតំបន់សំខាន់ៗ ដើម្បីជាការស្វាគមន៍ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ។
នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអោយដឹងថា ទីភ្នាក់ងារកម្សាន្ត BigHit Music បានបញ្ជាក់ថា សមាជិកទាំង ៧ រូបនឹងសម្តែងនៅកីឡដ្ឋាន Estadio San Marcos ក្នុងទីក្រុង Lima នៅថ្ងៃពុធ សុក្រ និងសៅរ៍ ដែលជាផ្នែកមួយនៃដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Arirang”។ នេះជាការសម្តែងលើកដំបូងបង្អស់របស់ក្រុម BTS នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ចាប់តាំងពីពួកគេបានបង្ហាញខ្លួន (Debut) កាលពីឆ្នាំ២០១៣។
ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏ពិសេសនេះ ទីក្រុង Lima បានរៀបចំការស្វាគមន៍យ៉ាងគគ្រឹកគគ្រេងដូចជា ការប្តូរឈ្មោះផ្លូវ៖ ស្រុក Santiago de Surco បានប្តូរឈ្មោះផ្លូវ Sacramento ជាបណ្តោះអាសន្នទៅជា “វិថី BTS” ចាប់ពីថ្ងៃទី៥ ដល់ទី១១ ខែតុលា ព្រមទាំងមានដំឡើងផ្លាកសញ្ញាអបអរនៅតាមដងផ្លូវ។
ការតុបតែងពន្លឺពណ៌ស្វាយ៖ សំណង់និមិត្តរូប Arco Morisco នៅក្នុងសួនមិត្តភាព (Friendship Park) ត្រូវបានបំភ្លឺដោយពន្លឺពណ៌ស្វាយ ដែលជាពណ៌តំណាងរបស់ក្រុមតាំងពីថ្ងៃចន្ទមកម្ល៉េះ ហើយនឹងមានការសម្តែងពន្លឺភ្លើងជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃអាទិត្យ។
ទន្ទឹមនឹងនេះ ប្រភពទឹក Fountain of Fantasy នៅសួន Fountain Park នឹងរៀបចំការសម្តែងពិសេសក្រោមប្រធានបទ BTS ដែលរួមមានការចាក់តន្ត្រី បាញ់ពន្លឺភ្លើង និងការបញ្ចាំងលើអេក្រង់ទឹក ក្នុងកំឡុងពេលដូចគ្នានេះដែរ។
គួររំឭកផងដែរថា ក្រុម BTS ទើបតែបានបើកឆាកដំណើរទស្សនកិច្ចនៅទ្វីបអាមេរិកខាងត្បូងរបស់ពួកគេ ជាមួយនឹងការប្រគំតន្ត្រីរយៈពេល ២ ថ្ងៃ នៅកីឡដ្ឋាន Estadio Nemesio Camacho El Campin ក្នុងទីក្រុងបូហ្គោតា (Bogota) កាលពីចុងសប្តាហ៍មុន ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងទាក់ទាញអ្នកគាំទ្រចូលរួមបានរហូតដល់ទៅប្រមាណ ១០ ម៉ឺននាក់៕
ប្រែសម្រួល៖ គីរី
