ព័ត៌មានអន្តរជាតិ

ទម្លាប់សម្ងាត់របស់មហាសេដ្ឋីលំដាប់ពិភពលោក និង បទពិសោធន៍សាកល្បងអនុវត្តរយៈពេល ៣០ ថ្ងៃ

​បរទេស៖ «គាត់មិនមែនជោគជ័យដោយសារតែធ្វើការនឿយហត់ជាងគេនោះទេ ប៉ុន្តែដោយសារតែគាត់រៀនសូត្របានលឿនជាងគេ»។ នេះជាគោលការណ៍ស្នូលដែលនាំឱ្យមានការសាកល្បងអនុវត្តទម្លាប់ដ៏ស្ងប់ស្ងាត់មួយ គឺ «វិធាន ៥ ម៉ោង» (5-Hour Rule)។

​«វិធាន ៥ ម៉ោង» គឺជាទម្លាប់ដែលមហាសេដ្ឋី និងមេដឹកនាំល្បីៗលើពិភពលោកដូចជា Elon Musk, Warren Buffett, Oprah Winfrey និង Bill Gates អនុវត្តជាប្រចាំ។ វិធាននេះកំណត់ឱ្យ ចំណាយពេល ១ ម៉ោងក្នុងមួយថ្ងៃ យ៉ាងតិច ៥ ថ្ងៃក្នុងមួយសប្តាហ៍ ផ្តោតទាំងស្រុងលើការរៀនសូត្រផ្ទាល់ខ្លួន ដោយគ្មានការប្រជុំ គ្មានការងារស្នូល គឺមានតែការអាន ការត្រិះរិះ និងការស្រូបយកចំណេះដឹងថ្មីៗប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន  ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​សម្រាប់មនុស្សទូទៅ ការឆ្លៀតពេល ១០ ម៉ោងដើម្បីអានសៀវភៅមួយក្បាលឱ្យចប់គឺជារឿងលំបាក។ ដូច្នេះ អ្នកនិពន្ធបានសាកល្បងអនុវត្តទម្លាប់នេះក្នុងរយៈពេល ៣០ ថ្ងៃ តាមរយៈកម្មវិធីសង្ខេបខ្លឹមសារសៀវភៅ Blinkist (ដែលបំប្លែងគំនិតសំខាន់ៗនៃសៀវភៅមកត្រឹម ១៥ នាទី) ហើយទទួលបានលទ្ធផលសំខាន់ៗចំនួន ៥ ចំណុច៖

​១. ការឆ្លៀតយក «ពេលវេលានៅចន្លោះការងារ» មកបង្កើនចំណេះដឹង

​មនុស្សជាច្រើនគិតថាខ្លួនគ្មានពេលរៀនសូត្រ ប៉ុន្តែការពិតយើងមានពេលទំនេរខ្លីៗជាច្រើន ដូចជាពេលធ្វើដំណើរទៅធ្វើការ ពេលញ៉ាំអាហារពេលព្រឹក ឬពេលដើរបណ្តើរឆ្កែ។ ខ្លឹមសារសង្ខេបត្រឹម ១៥ នាទី អនុញ្ញាតឱ្យយើងអាចស្រូបយកខ្លឹមសារស្នូលនៃសៀវភៅបាន ដោយមិនចាំបាច់រង់ចាំទាល់តែមានពេលទំនេរវែងទើបអាននោះទេ។

​២. ព័ត៌មានដែលរៀបចំតាមបែបវិទ្យាសាស្ត្រ ជួយឱ្យការចងចាំកាន់តែល្អ

​ការសិក្សាស្រាវជ្រាវបង្ហាញថា ការបង្រួមគំនិតសំខាន់ៗតាមគោលការណ៍ប្រព័ន្ធប្រសាទ (Neuroscience) ជួយឱ្យខួរក្បាលងាយស្រូបយក និងចងចាំបានយូរ។ ត្រឹមតែសប្តាហ៍ទី ២ នៃការសាកល្បង ចំណេះដឹងថ្មីៗត្រូវបានយកមកប្រើប្រាស់ជាក់ស្តែងក្នុងកិច្ចសន្ទនាប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។

​៣. លុបបំបាត់ទម្លាប់អូសទូរស័ព្ទឥតប្រយោជន៍ (Kill Doomscrolling)

​បញ្ហាទូទៅរបស់មនុស្សសម័យនេះគឺការជាប់ជំពាក់នឹងការអូសបណ្តាញសង្គមដោយគ្មានទិសដៅ (Doomscrolling) ដែលនាំឱ្យអស់កម្លាំងនិងស្ត្រេស។ នៅពេលមានជម្រើសសិក្សាខ្លីៗ ការចំណាយពេលឥតប្រយោជន៍ត្រូវបានជំនួសដោយការអាន ឬស្តាប់ចំណេះដឹងវិញដោយស្វ័យប្រវត្ត។

​៤. មុខងារសំឡេង (Audio) បង្កើតភាពបត់បែនខ្ពស់

​ទិន្នន័យបង្ហាញថា មនុស្សជាង ៣០% ទទួលចំណេះដឹងតាមរយៈការស្តាប់បានល្អជាងការអាន។ ការប្រើប្រាស់មុខងារសំឡេងអនុញ្ញាតឱ្យការរៀនសូត្រធ្វើឡើងបានគ្រប់ទីកន្លែង ទោះជាកំពុងឆុងកាហ្វេ ធ្វើដំណើរ ឬហាត់ប្រាណក៏ដោយ។ «វិធាន ៥ ម៉ោង» មិនមែនជាការបង្ខំចិត្តឆ្លៀតពេលនោះទេ ប៉ុន្តែជាការបញ្ចូលការរៀនសូត្រទៅក្នុងចន្លោះពេលប្រចាំថ្ងៃ។

​៥. ជួយសន្សំសំចៃថវិកា និងជ្រើសរើសសៀវភៅបានចំគោលដៅ

​ជាជាងការទិញសៀវភៅច្រើនក្បាលរួចទុកចោល ការស្តាប់ខ្លឹមសារសង្ខេបជាមុនដើរតួជាការសាកល្បង (Test drive)។ ប្រសិនបើសៀវភៅណាពិតជាមានតម្លៃ និងគួរឱ្យចាប់អារម្មណ៍ ទើបសម្រេចចិត្តទិញសៀវភៅពេញលេញមកអាន ដែលជួយសន្សំទាំងថវិកា និងពេលវេលា។

​មហាសេដ្ឋីលំដាប់ពិភពលោកមិនមែនអនុវត្ត «វិធាន ៥ ម៉ោង» ដោយសារតែពួកគេមានពេលទំនេរច្រើននោះទេ ប៉ុន្តែដោយសារតែពួកគេចាត់ទុក «ការរៀនសូត្រគឺជាការងារចម្បង មិនមែនជារង្វាន់បន្ទាប់ពីធ្វើការចប់នោះឡើយ»។ ការវិនិយោគលើចំណេះដឹងប្រចាំថ្ងៃ បើទោះជាក្នុងរយៈពេលខ្លីៗ ក៏អាចបង្កើតការផ្លាស់ប្តូរ និងការរីកចម្រើនយ៉ាងធំធេងក្នុងរយៈពេលវែង៕

ប្រែសម្រួល៖ គីរី 

Most Popular

To Top