កីឡា

Real Madrid ចាប់អារម្មណ៍ចង់បាន Scott McTominay ពី Napoli ក្នុងទីផ្សារដោះដូរខែមករា

បរទេស៖ ខ្សែបម្រើសញ្ជាតិស្កុតឡែន Scott McTominay អាចនឹងមានឱកាសផ្លាស់ទៅកាន់កីឡដ្ឋាន Santiago Bernabéu យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងពិចារណាយកអតីតតារាឆ្នើមរបស់ Manchester United រូបនេះ ដើម្បីពង្រឹងតំបន់បម្រើកណ្តាលក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GAOL ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

​យោងតាមការដកស្រង់ពីសារព័ត៌មាន The Sun កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យចាប់តាំងពីចាកចេញពី Manchester United មកចូលរួមជាមួយ Napoli កាលពីឆ្នាំ ២០២៤។ McTominay បានក្លាយជាកម្លាំងស្នូលក្នុងការជួយ Napoli គ្រងជើងឯក Serie A (Scudetto) ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (assist) បាន ៦ លើក។

​ទម្រង់លេងដ៏លេចធ្លោនេះបានបន្តរហូតដល់លោកឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល (Serie A MVP) ២០២៤-២៥ ហើយនៅរដូវកាលបន្ទាប់ លោកបានរកគ្រាប់បាល់រហូតដល់ ១៤ គ្រាប់ និងបញ្ជូនបាល់ ៤ លើក ពីការបង្ហាញខ្លួន ៤៤ ប្រកួតក្នុងគ្រប់កម្មវិធីទាំងអស់។

​ភាពជាប់គាំងនៃកិច្ចសន្យាថ្មី បើកផ្លូវឱ្យ Real Madrid

​ទោះបីជាជោគជ័យលើទីលានយ៉ាងណាក្តី បញ្ហាក្រៅទីលាននៅកីឡដ្ឋាន Diego Armando Maradona បានចាប់ផ្តើមកើតឡើង។ កិច្ចសន្យាបច្ចុប្បន្នរបស់ McTominay នៅសល់រយៈពេល ២ ឆ្នាំទៀត ហើយរូបលោកចង់បានកិច្ចសន្យាថ្មីដែលមានប្រាក់កម្រៃខ្ពស់ជាងមុន ប៉ុន្តែការចរចាមិនទាន់ទទួលបានលទ្ធផលជាផ្លែផ្កានៅឡើយទេ។

​ប្រធានក្លិប Napoli លោក Aurelio De Laurentiis ត្រូវបានគេរាយការណ៍ថាមិនទាន់ចាត់ទុកការបន្តកិច្ចសន្យាថ្មីរបស់កីឡាករស្កុតឡែនរូបនេះជាអាទិភាពនោះទេ ដែលកត្តានេះបានធ្វើឱ្យក្លិបធំៗនៅអឺរ៉ុបចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស Real Madrid។ ប្រសិនបើការផ្ទេរនេះកើតឡើងពិតមែន វានឹងក្លាយជាការជួបជុំគ្នាសារជាថ្មីរវាង McTominay និងគ្រូបង្វឹកចាស់ Jose Mourinho ដែលជាអ្នកផ្តល់ឱកាសដំបូងឱ្យលោកបង្ហាញខ្លួននៅក្រុមធំ Man United។

​ស្ថានភាពសុខភាព និងការវិលត្រឡប់មកកាន់ទីលានវិញ

​ការលេចឮពាក្យចចាមអារ៉ាមអំពីការផ្ទេរនេះ កើតឡើងស្របពេលដែល McTominay ទើបតែឆ្លងកាត់ការវះកាត់បេះដូងកាលពីខែកញ្ញា ដើម្បីកែតម្រូវចង្វាក់បេះដូងមិនប្រក្រតី។

 បច្ចុប្បន្ន លោកបានវិលត្រឡប់មកហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុមវិញហើយ ក្រោយការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្របញ្ជាក់ថាលោកមានកាយសម្បទារឹងមាំគ្រប់គ្រាន់ដើម្បីប្រកួត។

​ក្នុងរដូវកាលនេះ McTominay ទើបតែបង្ហាញខ្លួនបាន ២ ប្រកួតប៉ុណ្ណោះ ខណៈដែល Napoli កំពុងឈរនៅលេខ ៩ ក្នុងតារាង Serie A ដោយមាន ៧ ពិន្ទុ តាមពីក្រោយក្រុមក្រុមកំពូលតារាង AS Roma ចំនួន ៦ ពិន្ទុ មុនពេលពួកគេត្រៀមទទួលក្រុម Frosinone នៅចុងសប្តាហ៍នេះ៕

ប្រែសម្រួល៖ គីរី 

Most Popular

To Top