បរទេស៖ លោក José Mourinho បានធ្វើការកត់សម្គាល់បែបចំអកឡកឡឺយចំពោះរឿងក្តីចោទប្រកាន់លើការបំពានច្បាប់ហិរញ្ញវត្ថុរបស់ក្លិប Manchester City ព្រមទាំងបានលើកឡើងជាថ្មីអំពីរឿងអាស្រូវអាជ្ញាកណ្តាល «Negreira Case» កាលពីលោកដឹកនាំ Real Madrid ក្នុងបទសម្ភាសន៍ស៊ីជម្រៅមួយជាមួយកាសែតអ៊ីតាលី Corriere dello Sport។
ពេលត្រូវបានសួរនាំអំពីសំណុំរឿងក្តីហិរញ្ញវត្ថុដ៏ចម្រូងចម្រាសរបស់ក្លិប Manchester City នៅ Premier League អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានឆ្លើយតបបែបកំប្លែងលាយឡំការឌឺដងថា ករណី Manchester City នោះឬ? ខ្ញុំសុំសើចបន្តិចសិន។ ខ្ញុំគិតថាយើងប្រហែលជានឹងឈានដល់ចំណុចបញ្ចប់នៃរឿងនេះ ប៉ុន្តែសម្រាប់ពួកយើងដែលឈានចូលវ័យ ៦០ ឆ្នាំក្រាស់ទៅហើយនោះ ប្រហែលជាត្រូវពឹងលើសំណាងទើបអាចនៅរស់រានមានជីវិតដល់ថ្ងៃឃើញសាលក្រមចុងក្រោយ។ ឥឡូវនេះការសម្រេចមួយនឹងចេញមក បន្ទាប់មកនឹងមានការប្តឹងឧទ្ធរណ៍តវ៉ាទៀត… ច្បាស់ជាដល់ពេលខ្ញុំអាយុ ៨០ ឆ្នាំហើយមើលទៅ!។
ជុំវិញភាពចម្រូងចម្រាសមិនចេះចប់មិនចេះហើយជាមួយមន្ត្រីអាជ្ញាកណ្តាល លោក Mourinho បានបដិសេធថាបញ្ហាមិនមែនស្ថិតលើរូបលោកនោះទេ ប៉ុន្តែវាជាសំណាងអាក្រក់ទាក់ទងនឹងពេលវេលាដែលលោកបានមកដល់ក្លិបនីមួយៗទៅវិញ អាជ្ញាកណ្តាលឬ? ខ្ញុំមិនគិតថាបញ្ហាគឺមកពីរូបខ្ញុំនោះទេ។ ខ្ញុំគិតថាវាជាសំណាងអាក្រក់ដែលទាក់ទងនឹងពេលវេលាដែលខ្ញុំមកដល់ក្លិបជាក់លាក់ណាមួយ។ នៅទីនេះ កាលពីនៅ Real Madrid ខ្ញុំបានឆ្លងកាត់ឆ្នាំដ៏សំខាន់បំផុតនៃសំណុំរឿង Negreira (សំណុំរឿងពាក់ព័ន្ធនឹងក្លិប Barcelona និងអតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ)។ កាលណោះ គ្មាននរណាបានដឹងរឿងនេះឡើយ ប៉ុន្តែពួកយើងនៅ Real Madrid បានឆ្លងកាត់ និងរងទុក្ខវេទនាដោយសាររឿងហ្នឹង។ ឥឡូវនេះ រឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងហើយ។ បន្ទាប់មក ពេលខ្ញុំទៅប្រទេសតួកគី ក៏មានរឿងអាស្រូវធំមួយទៀតកើតឡើង។ ខ្ញុំតែងតែជួបប្រទះនឹងស្ថានភាពបែបនេះជាញឹកញាប់»។
ក្រៅពីប្រធានបទក្តៅទាំងពីរខាងលើ លោក Mourinho ក៏បានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនចំពោះអតីតក្លិប AS Roma មុនពេលលោកត្រូវដឹកនាំក្រុមត្រឡប់ទៅជួប Roma ក្នុងពានរង្វាន់ UEFA Champions League ផងដែរ។
លោកបានបញ្ជាក់ថា រូបលោកមិនដែលមានគំនិតអាក្រក់ចំពោះក្លិប Roma ឬថ្នាក់ដឹកនាំនោះឡើយ ហើយទីក្រុងរ៉ូមនឹងនៅតែជា «ផ្ទះ» ដ៏កក់ក្តៅរបស់លោកជានិច្ច ទោះបីជាលោកត្រូវបានបណ្តេញចេញពីតំណែងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Budapest ក៏ដោយ៕
ប្រែសម្រួល៖ គីរី
