ម៉ាឌ្រីដ៖ លោក Diego Simeone បានចេញមុខព្រមានដល់កូនក្រុម Atletico Madrid របស់លោកថា ក្លិបបិសាចក្រហម Manchester United នៅតែជាគូប្រជែង ដ៏មានគ្រោះថ្នាក់បំផុត បើទោះបីជាពួកគេមានការចាប់ផ្តើម រដូវកាលក្នុងស្រុកមិនសូវបានល្អក៏ដោយ។ ក្រុមយក្សនៅអឺរ៉ុបទាំងពីរ នឹងត្រូវប្រឈមមុខគ្នានៅកីឡដ្ឋាន Metropolitano នាថ្ងៃអង្គារនេះ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់មួយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
។

លោក Simeone បានច្រានចោលការលើកឡើងដែលថា Man Utd គឺជាក្រុមដែលអស់ឥទ្ធិពល។ លោកជឿជាក់ថា គុណភាពកីឡាករ និងទម្រង់លេងបែបដាក់សម្ពាធខ្លាំង ធ្វើឱ្យពួកគេនៅតែជាឧបសគ្គដ៏ធំនៅក្នុងពានរង្វាន់អឺរ៉ុប។
ក្រុមបិសាចក្រហមចូលរួមការប្រកួតនេះ ក្រោយស្មើ ១-១ ជាមួយក្រុម Tottenham (ដែលសល់សមាជិក១០នាក់) ដែលធ្វើឱ្យពួកគេមិនស្គាល់ជ័យជម្នះ ៤ប្រកួតជាប់គ្នាក្នុងលីគ។ ក្រោមការដឹកនាំរបស់លោក Michael Carrick ពួកគេមានត្រឹម ៦ពិន្ទុពីការប្រកួត ៦លើកដំបូង ប៉ុន្តែនៅ Champions League ពួកគេទើបតែបានលត់ក្រុម Sabah យ៉ាងចាស់ដៃ ៤-០ ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez 🇦🇷 កំពុងជួបការលំបាកដោយបង្ហាញខ្លួន ៥ប្រកួតមិនទាន់រកបានគ្រាប់បាល់សោះ បន្ទាប់ពីមានបញ្ហារបួស និងពាក្យចចាមអារ៉ាមពីការចង់ចាកចេញនៅរដូវក្តៅមុន។ តែយ៉ាងណា លោក Simeone នៅតែការពារ និងជឿជាក់លើសមត្ថភាពលេងជាក្រុមរបស់គេ។
យោងតាមការចុះផ្សាយរបស់ ESPN លោក Simeone បានប្រាប់សន្និសីទសារព័ត៌មានថា៖ “យើងត្រូវប្រឈមមុខជាមួយគូប្រកួតដែលដាក់សម្ពាធខ្លាំងនៅក្នុងតំបន់ទីលានរបស់យើង ពួកគេបិទគូប្រកួតបានយ៉ាងលឿន និងមានកីឡាករដែលមានល្បឿនលឿន។ ទោះបីជាលទ្ធផលថ្មីៗរបស់ពួកគេមានការស្មើច្រើនក៏ដោយ តែពួកគេនៅតែអាចបង្កើតការគំរាមកំហែងដូចដែលពួកគេបានធ្វើកាលពីឆ្នាំមុន។ ពួកគេគឺជាក្រុមដ៏រឹងមាំមួយ។”
គួររំលឹកផងដែរថា ទម្រង់លេងបច្ចុប្បន្នរបស់ Man Utd គឺផ្ទុយស្រឡះពីភាពជោគជ័យរបស់ពួកគេកាលពីរដូវកាលមុន ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League។ លោក Carrick ធ្លាប់ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការកែសម្រួលយុទ្ធសាស្ត្រ បន្ទាប់ពីឡើងស្នងតំណែងពីលោក Ruben Amorim ពាក់កណ្តាលរដូវកាល ២០២៥-២៦។
ស្របពេលជាមួយគ្នានេះ ខ្សែការពាររបស់ Atletico គឺកីឡាករ David Hancko ក៏បានយល់ស្របនឹងមតិរបស់អ្នកចាត់ការរបស់ខ្លួនផងដែរ ដោយលោកបានបញ្ជាក់ថា៖ “កាលពីឆ្នាំមុននៅក្នុង Premier League ដែលជាលីគល្អបំផុតក្នុងពិភពលោក ពួកគេមានរដូវកាលដ៏អស្ចារ្យមួយ។ ទោះចាប់ផ្តើមមិនសូវល្អ តែពួកគេមានកីឡាករឆ្នើមៗ ហើយពិតណាស់ថាពួកគេគឺជាក្រុមយក្សមួយ។ យើងត្រូវតែលេងឱ្យបាន ១០០% ទើបអាចទទួលបានជ័យជម្នះ។”
ងាកមកកាន់កីឡាករ Julian Alvarez វិញ (ដែលមានត្រឹម Assist ១ដង ទល់នឹងក្រុម Liverpool) លោក Simeone បានផ្តល់ការគាំទ្រដល់ខ្សែប្រយុទ្ធរូបនេះយ៉ាងពេញទំហឹងថា៖ “ខ្សែប្រយុទ្ធដែលមានលក្ខណៈសម្បត្តិដូច Julian តែងតែត្រូវការគ្រាប់បាល់។ ប៉ុន្តែក្រៅពីការបញ្ចប់ទី គេគឺជាកីឡាករដែលលេងជាក្រុម និងសហការគ្នាបានយ៉ាងល្អជាមួយអ្នកដទៃ។ គេបានលេងយ៉ាងល្អនៅតង់ទីពីរទល់នឹងក្រុម Alaves កាលពីថ្ងៃមុន ហើយសង្ឃឹមថា គេអាចបន្តអភិវឌ្ឍខ្លួនដើម្បីឈានដល់កម្រិតមួយ ដែលយើងទាំងអស់គ្នាចង់ឃើញ។”
ប្រែសម្រួល៖ គីរី
