ទីក្រុងរីយ៉ាដ៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានខិតជិតដល់កំណត់ត្រាប្រវត្តិសាស្ត្រ ១.០០០គ្រាប់របស់ខ្លួន បន្ទាប់ពីស៊ុតបញ្ចូលទីជួយក្រុម Al Nassr យកឈ្នះលើក្រុម FK Neftchi ក្នុងលទ្ធផល ៣-១ នៃក្របខ័ណ្ឌ AFC Champions League Elite។ ការប្រកួតនេះ ធ្វើឡើងស្របពេលដែលរូបគេកំពុងប្រឈមមុខ នឹងការជាប់ពិន័យ ពីសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ និងត្រូវបានពន្យារពេលមួយម៉ោង ដោយសារការគំរាមកំហែងផ្នែកសន្តិសុខដ៏តានតឹងនៅក្នុងទីក្រុងរីយ៉ាដ (Riyadh)នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់មីស៊ីលផ្លោងមួយគ្រាប់ដែលតម្រង់គោលដៅមកទីក្រុងរីយ៉ាដ ដែលបណ្តាលឱ្យមានការប្រកាសអាសន្នយ៉ាងធ្ងន់ធ្ងរនៅទូទាំងទីក្រុង។ ប្រជាពលរដ្ឋទទួលបានសារព្រមានតាមទូរស័ព្ទឱ្យស្នាក់នៅក្នុងផ្ទះ ខណៈកីឡាករត្រូវរង់ចាំនៅក្នុងរូងក្រោមដីនៃកីឡដ្ឋាន។ ក្រោយមានការធានាសុវត្ថិភាពទើបការប្រកួតអាចចាប់ផ្តើមបាន។
ទោះបីជាមានភាពចលាចលមុនការប្រកួត និងកីឡដ្ឋានសឹងតែគ្មានអ្នកគាំទ្រក៏ដោយ ក៏ Ronaldo នៅតែរក្សាការផ្តោតអារម្មណ៍បានយ៉ាងល្អ។ កីឡាករ Angelo Gabriel ជាអ្នករកគ្រាប់បាល់បើកឆាក មុនពេល Ronaldo ស៊ុតមួយជើងយ៉ាងខ្លាំងទម្លុះអ្នកចាំទីនៅនាទីទី៤២ ជួយឱ្យ Al Nassr នាំមុខ ២-០។ គ្រាប់បាល់នេះ បានធ្វើឱ្យកំណត់ត្រាស៊ុតបញ្ចូលទីក្នុងអាជីពរបស់គេកើនដល់ ៩៨១ គ្រាប់ ពោលគឺខ្វះតែ ១៩ គ្រាប់ទៀតប៉ុណ្ណោះនឹងឈានដល់គោលដៅ ១.០០០ គ្រាប់។
ក្រុមភ្ញៀវ Neftchi រកបានមួយគ្រាប់វិញនៅនាទីទី៥១ ដោយកីឡាករ Alisher Odilov។ ប៉ុន្តែការទទួលបានកាតក្រហមរបស់កីឡាករ Ekromjon Alibaev នៅនាទីទី៦៥ បានធ្វើឱ្យស្ថានការណ៍ធ្លាក់ទៅខាង Al Nassr វិញ។ ជាអកុសល កីឡាករ Anvarjon Gofurov របស់ Neftchi បានទាត់បញ្ចូលទីខ្លួនឯង (Own goal) នៅនាទីទី៧៨ ដែលជួយបញ្ជាក់ការទទួលជ័យជម្នះ ៣-១ សម្រាប់ក្រុម Al Nassr។
ជ័យជម្នះនេះជួយឱ្យ Al Nassr ឡើងទៅឈរលេខ៨ ក្នុងតារាងពិន្ទុសរុប ដោយមានពិន្ទុស្មើជាមួយ Neftchi ដែលឈរលេខ៧ តែចាញ់ប្រៀបគ្រាប់បាល់។ បញ្ហាជាប់ពិន័យពីជម្រើសជាតិព័រទុយហ្គាល់៖ គ្រាប់បាល់នេះ គឺជាការលួងលោមចិត្តដ៏ល្អមួយសម្រាប់ Ronaldo ដែលបច្ចុប្បន្នកំពុងជាប់បម្រាមបណ្ដោះអាសន្នពីសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF)។
Ronaldo បានដើរចេញពីក្រុមជម្រើសជាតិ ក្រោយមានជម្លោះជាមួយគ្រូបង្វឹកលោក Jorge Jesus កាលពីខែមុនជុំវិញនាទីលេង។ Ronaldo បានចោទប្រកាន់លោក Jesus ថាបាន «បំពានទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ» ក្រោយដាក់រូបគេឱ្យអង្គុយកៅអីបម្រុង។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន FPF លោក Pedro Proenca បានបញ្ជាក់ថាពួកគេពិតជាចង់ឱ្យប្រធានក្រុមរូបនេះត្រឡប់មកវិញ ដោយលោកមានប្រសាសន៍ថា៖ “សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ និងរូបខ្ញុំផ្ទាល់ ក្នុងស្មារតីដ៏ស្ងប់ស្ងាត់នេះ និងបន្ទាប់ពីបានពិភាក្សាជាមួយគ្រប់ភាគី មានបំណងប្រាថ្នាយ៉ាងមុតមាំចង់ឃើញប្រធានក្រុមរបស់យើងត្រឡប់មកវិញ។”
ជារួម បើទោះបីជាកំពុងរង់ចាំសេចក្តីសម្រេចចុងក្រោយជុំវិញបម្រាមពីជម្រើសជាតិក៏ដោយ ក៏ Cristiano Ronaldo នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកាតព្វកិច្ចនៅក្លិបរបស់ខ្លួន ខណៈដែលគាត់កំពុងប្រឹងប្រែង ដេញតាមកំណត់ត្រាជាប្រវត្តិសាស្ត្រ ១.០០០ គ្រាប់ដោយមិនរាថយ។
ប្រែសម្រួល៖ គីរី
