កីឡា

លោក Diego Simeone អះអាងថា Manchester United នៅតែជាក្រុមដ៏គ្រោះថ្នាក់ បើទោះបីជាចាប់ផ្ដើមរដូវកាល Premier League យ៉ាងលំបាកក៏ដោយ

ម៉ាឌ្រីដ៖ លោក Diego Simeone បានចេញមុខព្រមានដល់កូនក្រុម Atletico Madrid របស់លោកថា ក្លិបបិសាចក្រហម Manchester United នៅតែជាគូប្រជែង ដ៏មានគ្រោះថ្នាក់បំផុត បើទោះបីជាពួកគេមានការចាប់ផ្តើម រដូវកាលក្នុងស្រុកមិនសូវបានល្អក៏ដោយ។ ក្រុមយក្សនៅអឺរ៉ុបទាំងពីរ នឹងត្រូវប្រឈមមុខគ្នានៅកីឡដ្ឋាន Metropolitano នាថ្ងៃអង្គារនេះ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់មួយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៦
។

លោក Simeone បានច្រានចោលការលើកឡើងដែលថា Man Utd គឺជាក្រុមដែលអស់ឥទ្ធិពល។ លោកជឿជាក់ថា គុណភាពកីឡាករ និងទម្រង់លេងបែបដាក់សម្ពាធខ្លាំង ធ្វើឱ្យពួកគេនៅតែជាឧបសគ្គដ៏ធំនៅក្នុងពានរង្វាន់អឺរ៉ុប។

ក្រុមបិសាចក្រហមចូលរួមការប្រកួតនេះ ក្រោយស្មើ ១-១ ជាមួយក្រុម Tottenham (ដែលសល់សមាជិក១០នាក់) ដែលធ្វើឱ្យពួកគេមិនស្គាល់ជ័យជម្នះ ៤ប្រកួតជាប់គ្នាក្នុងលីគ។ ក្រោមការដឹកនាំរបស់លោក Michael Carrick ពួកគេមានត្រឹម ៦ពិន្ទុពីការប្រកួត ៦លើកដំបូង ប៉ុន្តែនៅ Champions League ពួកគេទើបតែបានលត់ក្រុម Sabah យ៉ាងចាស់ដៃ ៤-០ ។

ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez 🇦🇷 កំពុងជួបការលំបាកដោយបង្ហាញខ្លួន ៥ប្រកួតមិនទាន់រកបានគ្រាប់បាល់សោះ បន្ទាប់ពីមានបញ្ហារបួស និងពាក្យចចាមអារ៉ាមពីការចង់ចាកចេញនៅរដូវក្តៅមុន។ តែយ៉ាងណា លោក Simeone នៅតែការពារ និងជឿជាក់លើសមត្ថភាពលេងជាក្រុមរបស់គេ។

យោងតាមការចុះផ្សាយរបស់ ESPN លោក Simeone បានប្រាប់សន្និសីទសារព័ត៌មានថា៖ “យើងត្រូវប្រឈមមុខជាមួយគូប្រកួតដែលដាក់សម្ពាធខ្លាំងនៅក្នុងតំបន់ទីលានរបស់យើង ពួកគេបិទគូប្រកួតបានយ៉ាងលឿន និងមានកីឡាករដែលមានល្បឿនលឿន។ ទោះបីជាលទ្ធផលថ្មីៗរបស់ពួកគេមានការស្មើច្រើនក៏ដោយ តែពួកគេនៅតែអាចបង្កើតការគំរាមកំហែងដូចដែលពួកគេបានធ្វើកាលពីឆ្នាំមុន។ ពួកគេគឺជាក្រុមដ៏រឹងមាំមួយ។”

គួររំលឹកផងដែរថា ទម្រង់លេងបច្ចុប្បន្នរបស់ Man Utd គឺផ្ទុយស្រឡះពីភាពជោគជ័យរបស់ពួកគេកាលពីរដូវកាលមុន ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League។ លោក Carrick ធ្លាប់ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការកែសម្រួលយុទ្ធសាស្ត្រ បន្ទាប់ពីឡើងស្នងតំណែងពីលោក Ruben Amorim ពាក់កណ្តាលរដូវកាល ២០២៥-២៦។

ស្របពេលជាមួយគ្នានេះ ខ្សែការពាររបស់ Atletico គឺកីឡាករ David Hancko ក៏បានយល់ស្របនឹងមតិរបស់អ្នកចាត់ការរបស់ខ្លួនផងដែរ ដោយលោកបានបញ្ជាក់ថា៖ “កាលពីឆ្នាំមុននៅក្នុង Premier League ដែលជាលីគល្អបំផុតក្នុងពិភពលោក ពួកគេមានរដូវកាលដ៏អស្ចារ្យមួយ។ ទោះចាប់ផ្តើមមិនសូវល្អ តែពួកគេមានកីឡាករឆ្នើមៗ ហើយពិតណាស់ថាពួកគេគឺជាក្រុមយក្សមួយ។ យើងត្រូវតែលេងឱ្យបាន ១០០% ទើបអាចទទួលបានជ័យជម្នះ។”

ងាកមកកាន់កីឡាករ Julian Alvarez វិញ (ដែលមានត្រឹម Assist ១ដង ទល់នឹងក្រុម Liverpool) លោក Simeone បានផ្តល់ការគាំទ្រដល់ខ្សែប្រយុទ្ធរូបនេះយ៉ាងពេញទំហឹងថា៖ “ខ្សែប្រយុទ្ធដែលមានលក្ខណៈសម្បត្តិដូច Julian តែងតែត្រូវការគ្រាប់បាល់។ ប៉ុន្តែក្រៅពីការបញ្ចប់ទី គេគឺជាកីឡាករដែលលេងជាក្រុម និងសហការគ្នាបានយ៉ាងល្អជាមួយអ្នកដទៃ។ គេបានលេងយ៉ាងល្អនៅតង់ទីពីរទល់នឹងក្រុម Alaves កាលពីថ្ងៃមុន ហើយសង្ឃឹមថា គេអាចបន្តអភិវឌ្ឍខ្លួនដើម្បីឈានដល់កម្រិតមួយ ដែលយើងទាំងអស់គ្នាចង់ឃើញ។”

ប្រែសម្រួល៖​ គីរី

Most Popular

To Top