កីឡា

ភាពចម្រូងចម្រាសជុំវិញ ការខ្វះនាទីលេងរបស់ Dembele កំពុងក្ដៅគគុក មុនជំនួប PSG ទល់នឹង Man City

ប៉ារីស៖ បញ្ហានៃការខ្វះខាតនាទីលេងរបស់ខ្សែប្រយុទ្ធ Ousmane Dembele កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ខណៈដែលក្លិបអ្នកមានបារាំង Paris Saint-Germain កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏សំខាន់ទល់នឹងក្រុម Manchester City នៅក្នុងក្របខ័ណ្ឌ Champions League នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៣ ​ ខែតុលា ឆ្នាំ២០២៦
។

ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Luis Enrique ក្រុម PSG បានអនុវត្តយុទ្ធសាស្ត្រប្រុងប្រយ័ត្នខ្ពស់ចំពោះម្ចាស់ពាន Ballon d’Or រូបនេះ ដោយដាក់ឱ្យរូបគេសម្រាកញឹកញាប់លើសពីធម្មតា។

អតីតកីឡាករ និងជាអ្នកវិភាគបាល់ទាត់ល្បីឈ្មោះ លោក Christophe Dugarry បានចោទសួរយ៉ាងខ្លាំងទៅលើទង្វើនេះ ដោយលោកបានសម្តែងការព្រួយបារម្ភថា យុទ្ធសាស្ត្រនេះអាចនឹងមិនផ្តល់ផលល្អដល់កីឡាករទេ តែផ្ទុយទៅវិញ វានឹងបង្កជាជម្លោះផ្ទៃក្នុងមុនការប្រកួតពានរង្វាន់អឺរ៉ុបដ៏សំខាន់ឈានចូលមកដល់។

ការខ្វះខាតនាទីលេងនៅក្លិប បានជះឥទ្ធិពលអវិជ្ជមានដល់ទម្រង់លេងរបស់ Dembele ផងដែរ។ ជាក់ស្ដែង រូបគេហាក់លេងមិនសូវបានល្អនោះទេ ពេលពាក់ស្លាកប្រធានក្រុមជម្រើសជាតិបារាំងក្នុងជំនួបជាមួយអ៊ីតាលី និងបែលហ្ស៊ិកកន្លងមក ដែលធ្វើឱ្យគេសង្ស័យលើកាយសម្បទា និងចង្វាក់លេងរបស់គេនាពេលបច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់លោក Luis Enrique។

លោក Dugarry បានសង្កត់ធ្ងន់ទៅលើមុខមាត់របស់ Dembele ក្នុងនាមជាកីឡាករល្អបំផុតក្នុងលោក ដោយចោទសួរទៅកាន់ PSG ថា៖ “តើពួកគេខ្លាចគេរបួស ឬចង់ឱ្យគេមានកាយសម្បទាពេញលេញនៅខែកុម្ភៈ? ប៉ុន្តែពីពេលនេះដល់ខែកុម្ភៈ តើអ្នកនឹងទុកឱ្យគេសម្រាកយូរប៉ុណ្ណាទៀត? គេជាម្ចាស់ពាន Ballon d’Or តើអ្នកដឹងទេថាអ្នកកំពុងបង្ហាញរូបភាពបែបណាទៅកាន់ម្ចាស់ពានមួយនេះ? គេពិតជាស័ក្តិសមនឹងទទួលបានវា ប៉ុន្តែការដាក់ឱ្យគេលេងតែមួយប្រកួតក្នុងចំណោមបីប្រកួត តើជាគំនិតអ្វីឱ្យប្រាកដ?”

ប្រែសម្រួល៖​ គីរី

Most Popular

To Top