បរទេស៖ អតីតប្រធានក្រុម និងជាវីរបុរសរបស់ក្រុមហង្សក្រហម Liverpool លោក Steven Gerrard បានចេញមុខបញ្ចេញមតិយ៉ាងចាស់ដៃ ដោយទាមទារឱ្យមានការ “ដកហូត” ពានរង្វាន់ពីក្លិប Manchester City បន្ទាប់ពីពួកគេត្រូវបានរកឃើញថាមានកំហុសលើការចោទប្រកាន់ជាង ១០០ករណី ពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់ហិរញ្ញវត្ថុរបស់ក្របខ័ណ្ឌ Premier League។ លោកបានសង្កត់ធ្ងន់ថា លីគត្រូវតែចាត់វិធានការក្តៅគគុកដើម្បីទុកជាព្រមានដល់ក្លិបដទៃទៀត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
។
ការចោទប្រកាន់ប្រឆាំងនឹង Man City គឺពាក់ព័ន្ធនឹងសកម្មភាពចន្លោះឆ្នាំ ២០០៩ ដល់ ២០១៨។ គួររំលឹកថា លោក Gerrard (ដែលបានចាកចេញពី Liverpool ក្នុងឆ្នាំ ២០១៥) ធ្លាប់បានដឹកនាំក្រុមឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយខកខានឈ្នះពានត្រឹមប្រកិតៗពីក្រោយក្រុម Man City កាលពីរដូវកាល ២០១៣-១៤។ ចំណែកឯ Man City វិញ បានបដិសេធរាល់ការចោទប្រកាន់ និងកំពុងតែដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។
លោក Gerrard បានប្រាប់កម្មវិធី The Overlap ថា លោកមិនចង់ឱ្យកីឡាកររបស់ Man City ត្រូវប្រគល់មេដាយ ឬរង្វាន់ត្រឡប់មកវិញទេ ព្រោះពួកគេជាកីឡាករឆ្នើម និងស័ក្តិសមនឹងការខិតខំប្រឹងប្រែងនៅលើទីលាន។ ប៉ុន្តែសម្រាប់ក្លិប គឺត្រូវតែដកហូតពានរង្វាន់ ឬយ៉ាងហោចណាស់ត្រូវដាក់សញ្ញាផ្កាយ (*) សម្គាល់លើសមិទ្ធផលទាំងនោះ ដើម្បីឱ្យពិភពលោកដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយភាពជោគជ័យរបស់ពួកគេ។
អតីតខ្សែបម្រើឆ្នើមរូបនេះ មិនគាំទ្រគំនិតដែលចង់ទម្លាក់ Man City ទៅលេងនៅលីគទី២ (Championship) នោះទេ ដោយលោកអះអាងថា វានឹងធ្វើឱ្យប៉ះពាល់អយុត្តិធម៌ដល់ក្រុមនៅលីគទី២ ដែលត្រូវបាត់បង់កៅអីមួយដើម្បីឡើងមកលីគកំពូល។ ផ្ទុយទៅវិញ លោកស្នើឱ្យមានការដាក់ទណ្ឌកម្មពហុឆ្នាំ (Multi-year punishment) នៅក្នុង Premier League ផ្ទាល់តែម្តង។ លោកបានបញ្ជាក់ថា៖ “វាគួរតែជាបម្រាមមិនឱ្យទិញដូរកីឡាករ ការកាត់ពិន្ទុក្នុងរយៈពេលណាមួយជាប់ៗគ្នា… ធ្វើឱ្យពួកគេរងទុក្ខ ដូចដែលពួកគេបានធ្វើឱ្យអ្នកដទៃរងទុក្ខអស់រយៈពេល ៩ ទៅ ១០ ឆ្នាំកន្លងមក។”
លោកបានរំលឹកពីភាពតឹងរ៉ឹងរបស់ Premier League ដែលបានដាក់ទណ្ឌកម្មកាត់ពិន្ទុលើក្លិប Everton និង Nottingham Forest នាពេលកន្លងមក ដូច្នេះហើយទើបលោកជំរុញឱ្យលីគត្រូវតែមានជំហររឹងមាំដូចគ្នាចំពោះករណីរបស់ Man City។
ការលួចយក “ការចងចាំ” ពីក្រុមដទៃ៖
ទោះបីជា Man City ត្រូវបានដកហូតពានមែន ក៏លោក Gerrard ទទួលស្គាល់ថាលោកមិនចង់បានមេដាយ Premier League ត្រលប់មកវិញដែរ (Retrospective medal) ព្រោះអារម្មណ៍វាមិនដូចគ្នា ហើយលោកទទួលយកការពិតដែលលោកមិនធ្លាប់ឈ្នះពាននេះ។
យ៉ាងណាមិញ លោកបានឆ្លើយតបយ៉ាងចាក់ដោតទៅកាន់អ្នកគាំទ្រ Man City ដែលតែងតែនិយាយថា “គ្មាននរណាអាចដកយកការចងចាំដ៏អស្ចារ្យទាំងនោះពីពួកគេបានឡើយ” យ៉ាងដូច្នេះថា៖ “ចុះចំណែកការចងចាំដែលពួកគេបានឆក់យកពីអ្នកដទៃ មិនមែនតែខ្ញុំ និងក្រុមខ្ញុំទេ តែអ្នកគាំទ្រ Spurs, United, Everton និងក្រុមផ្សេងៗទៀត? អតីតកីឡាករ កីឡាករបច្ចុប្បន្ន ម្ចាស់ក្លិប និងអ្នកពាក់ព័ន្ធនឹង City ទាំងអស់ ត្រូវតែគិតអំពីអនុស្សាវរីយ៍ ដែលពួកគេបានលួចប្លន់ពីអ្នកផ្សេងទៅវិញ។”អតីតប្រធានក្រុម Liverpool លោក Steven Gerrard ជំរុញឱ្យ Premier League ដាក់ទណ្ឌកម្មឱ្យចំគោលដៅលើករណីរបស់ Man City។
ប្រែសម្រួល៖ គីរី
