សេអ៊ូល៖ ផ្អែកតាមទិន្នន័យ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ក្រុមចម្រៀងនារី A2O Lite ដែលជាក្រុមដំបូងគេ បង្អស់បង្កើតឡើង ដោយអតីតប្រធានផលិតកម្ម SM Entertainment លោក Lee Soo-man បានហក់ឡើងដល់ ចំណាត់ថ្នាក់លេខ១ លើតារាង នៃកម្មវិធីស្តាប់តន្ត្រីធំបំផុតរបស់កូរ៉េខាងត្បូង Melon ត្រឹមតែរយៈពេលខ្លីក្រោយ ចេញផ្សាយបទចម្រៀងដំបូង មុនពេលធ្លាក់មកឈរ នៅចំណាត់ថ្នាក់លេខ៦ វិញប៉ុន្មានម៉ោងក្រោយមក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhapថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មតន្ត្រីបានឱ្យដឹងថា បទចម្រៀងឌីជីថលដំបូង (Debut single) របស់ក្រុមនេះដែលមានចំណងជើងថា «Neon» បានឡើងដល់កំពូលតារាង Top 100 របស់ Melon នៅម៉ោង ១១យប់ថ្ងៃពុធ ពោលគឺចំណាយពេលត្រឹមតែ ២៩ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបញ្ចេញជាផ្លូវការកាលពីវេលាម៉ោង ៦ល្ងាចនៃថ្ងៃមុន។
វាជារឿងដ៏កម្រមួយសម្រាប់ក្រុមកំពុងបង្ហាញមុខដំបូង (Rookie group) ដែលអាចឡើងដល់កំពូលតារាងក្នុងរយៈពេលមិនដល់ពីរថ្ងៃបែបនេះ បើទោះជាបទនេះបានធ្លាក់មកឈរនៅលេខ៦ វិញនៅព្រឹកបន្ទាប់ក៏ដោយ។ គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃព្រហស្បតិ៍ បទ «I’m Gonna Toesa (feat. Kian84)» របស់តារាចម្រៀង Soyeon បានវិលត្រឡប់មកគ្រងចំណាត់ថ្នាក់លេខ១ ឡើងវិញ។
A2O Lite គឺជាក្រុមចម្រៀងនារីដែលមានសមាជិក ៩នាក់ បង្កើតឡើងដោយផលិតកម្ម A2O Entertainment ដែលជាក្រុមហ៊ុនលោក Lee បានបង្កើតក្រោយចាកចេញពី SM Entertainment។ កាលពីថ្ងៃចន្ទកន្លងទៅ លោក Lee បានបង្ហាញមុខក្រុម A2O Lite ស្របពេលជាមួយគ្នានឹងក្រុមចម្រៀងបុរស A2O Soul ដែលមានសមាជិក ១៥នាក់ នៅក្នុងព្រឹត្តិការណ៍បង្ហាញមុខចំពោះប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Goyang ក្បែររដ្ឋធានីសេអ៊ូល។
ការវិលត្រឡប់របស់លោក Lee មកកាន់ទីផ្សារ K-pop ក្នុងស្រុកនេះ ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងមិនប្រកួតប្រជែង (Non-compete agreement) រយៈពេល ៣ឆ្នាំ បានផុតកំណត់កាលពីដើមឆ្នាំនេះ។ លោកបានយល់ព្រមលើការរឹតត្បិតនេះ នៅពេលដែលលោកបានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុង SM Entertainment ទៅឱ្យក្រុមហ៊ុន Hybe កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ភាពជោគជ័យរបស់ A2O Lite ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបទ «Neon» បានងាកចេញពីរូបមន្តជោគជ័យទូទៅនៃឧស្សាហកម្ម K-pop នាសម័យបច្ចុប្បន្ន។
បទចម្រៀងដែលចេញផ្សាយថ្មីៗភាគច្រើន តែងមានថិរវេលាតិចជាង ៣នាទី ដែលរៀបចំឡើងជាពិសេសសម្រាប់បង្កើតការរាំលេង (Dance challenges) លើបណ្តាញសង្គមវីដេអូខ្លីៗ រួមទាំងការតុបតែងខ្លួនដែលរំលេចពីភាពលេចធ្លោរៀងៗខ្លួនរបស់សមាជិកម្នាក់ៗ។ ផ្ទុយទៅវិញ បទ «Neon» គឺជាបទចម្រៀងដែលមានប្រវែងវែងគួរសម រហូតដល់ ៣នាទី និង២៨វិនាទី ដោយសង្កត់ធ្ងន់លើក្បាច់រាំព្រមគ្នាយ៉ាងស្អិតរមួត សម្លៀកបំពាក់ស៊ីសង្វាក់គ្នា ការបញ្ចេញសំឡេងខ្ពស់ (High notes) និងវគ្គរាំទោល (Dance break) ដ៏ស្វាហាប់ ដែលរំឭកឱ្យឃើញពីទម្រង់ K-pop កាលពីជំនាន់មុនៗ។
បទចម្រៀងនេះ ត្រូវបានផលិតឡើងដោយលោក Yoo Young-jin ដែលធ្លាប់ធ្វើការរួមគ្នាជាមួយលោក Lee នៅផលិតកម្ម SM Entertainment ក្នុងការផលិតតន្ត្រីសម្រាប់ក្រុម និងតារាល្បីៗដូចជា H.O.T., BoA, TVXQ, Girls’ Generation, SHINee និង aespa ជាដើម។
ក្រៅពីនេះ ក្រុម A2O Lite ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមជុំវិញរូបសម្រស់របស់សមាជិកផងដែរ ដោយអ្នកគាំទ្រមើលឃើញពីភាពស្រដៀងគ្នានឹងសិល្បករជំនាន់មុនរបស់ SM Entertainment។ អ្នកនិយមលេងអ៊ីនធឺណិតមួយ ចំនួនបានលើកឡើងថា សមាជិក Aijing មើលទៅស្រដៀងនឹង BoA កាលពីទើបបង្ហាញមុខដំបូង ខណៈសមាជិក Oa ត្រូវបានប្រៀបធៀបទៅនឹងអតីតសមាជិកក្រុម S.E.S. គឺកញ្ញា Eugene និងអតីតសមាជិកក្រុម Girls’ Generation គឺកញ្ញា Jessica។
A2O Lite គឺជាក្រុមចម្រៀងពហុជាតិសាសន៍ ដែលប្រមូលផ្តុំទៅដោយសមាជិកមកពីប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន និងប្រទេសថៃ។
ប្រែសម្រួល៖ គីរី
