ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនចិនចំនួន ៥ ពាក់ព័ន្ធនឹងការលួចអាថ៌កំបាំង ពាណិជ្ជកម្មបញ្ញាសិប្បនិម្មិត (AI) ដោយអតីតវិស្វករ Google

​បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយក្រោមច្បាប់ការពារកម្មសិទ្ធិបញ្ញាអាមេរិក (PAIPA) ទៅលើក្រុមហ៊ុន និងស្ថាប័នចិនចំនួន ៥ ដែលត្រូវបានសង្ស័យថា បានពាក់ព័ន្ធនឹងការលួចអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Poat ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

​គោលដៅនៃការដាក់ទណ្ឌកម្មនេះ រួមមាន ក្រុមហ៊ុន Shanghai Zhisuan Technology ដែលត្រូវបានបង្កើតឡើង ដោយអតីតវិស្វករផ្នែកសូហ្វវែររបស់ក្រុមហ៊ុន Google គឺលោក Ding Linwei, ក្រុមហ៊ុនវិនិយោគ MiraclePlus និងស្ថាប័នពាក់ព័ន្ធចំនួន ៣ ផ្សេងទៀត។

​គួរបញ្ជាក់ថា លោក Ding ត្រូវបានតុលាការផ្តន្ទាទោសពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មចំនួន ៧ ករណី កាលពីខែមករា។ ក្រោយមក ចៅក្រមសហព័ន្ធបានទម្លាក់ចោល ការចោទប្រកាន់ចំនួន ៧ ករណីផ្សេងទៀតដែលពាក់ព័ន្ធនឹងចារកម្មសេដ្ឋកិច្ច ដោយសាររកឃើញថា គ្មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ក្នុងអំឡុងពេល ប្រព្រឹត្តបទល្មើស លោកបានដឹង ឬមានចេតនាធ្វើសកម្មភាព ដើម្បីផ្តល់ផលប្រយោជន៍ ដល់រដ្ឋាភិបាលចិននោះទេ។ ទោះជាយ៉ាងណាក្តី ការផ្តន្ទាទោសពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មនៅតែរក្សាជាធរមានដដែល។

​យោងតាមដីកាចោទប្រកាន់ដើម លោក Ding បានលួចកូដសម្ងាត់ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រខ្នាតធំ (Supercomputing) ផ្នែក AI របស់ Google រួមទាំងព័ត៌មានលម្អិតបច្ចេកទេសនៃអង្គប្រតិបត្តិការ Tensor Processing Units (TPUs), ប្រព័ន្ធ Graphics Processing Unit (GPUs) និងសមាសធាតុបណ្តាញនានាដែលត្រូវបានប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាល និងដំណើរការម៉ូដែល AI ខ្នាតធំ។

​បច្ចេកវិទ្យាទាំងនេះមានសារៈសំខាន់ ជាយុទ្ធសាស្ត្រយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្ម AI របស់ប្រទេសចិន ។ ស្របពេលដែលបន្ទះឈីបកម្រិតខ្ពស់កំពុង ស្ថិតក្រោមការរឹតបន្តឹងការ នាំចេញពីសហរដ្ឋអាមេរិក ការសម្របសម្រួល និងការគ្រប់គ្រងបន្ទះឈីបរាប់ពាន់ ប្រកបដោយប្រសិទ្ធភាព សម្រាប់ការបណ្តុះបណ្តាលម៉ូដែលខ្នាតធំ បានក្លាយជារបាំងដ៏ធំបំផុតមួយ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Super Intelligence – SI)។
​សូហ្វវែររបស់ Google នេះ អាចជួយកែលម្អយ៉ាងខ្លាំងនូវប្រសិទ្ធភាពនៃការប្រើប្រាស់បណ្តុំកុំព្យូទ័រខ្នាតធំ។

យោងតាមដីកាចោទប្រកាន់បន្ថែម នៅខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក Ding បានដាក់ពាក្យចូលរួមក្នុងកម្មវិធីស្វែង រកធនធានមនុស្ស នៅទីក្រុងសៀងហៃ ដោយក្នុងឯកសារស្នើសុំនោះ លោកបានអះអាងថា ផលិតផលរបស់លោក “នឹងជួយឱ្យប្រទេសចិន មានសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធថាមពលកុំព្យូទ័រ ស្មើនឹងកម្រិតអន្តរជាតិ”៕

ប្រែសម្រួល៖ គីរី

Most Popular

To Top