ព័ត៌មានអន្តរជាតិ

លោក Elon Musk គាំទ្រការច្របាច់បញ្ចូលគ្នារវាង SpaceX និង Tesla ខណៈក្រុមហ៊ុនរ៉ុក្កែតមួយនេះទទួលបានប្រាក់ចំណេញ

​វ៉ាស៊ីនតោន៖ លោក Elon Musk បានថ្លែងកាលពីថ្ងៃអង្គារ (ទី២០ ខែតុលា) ថាលោកនឹងគាំទ្រគម្រោងនៃការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន SpaceX និង Tesla ដែលការលើកឡើងនេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស និងបច្ចេកវិទ្យាមួយនេះកើនឡើង ៨ភាគរយ នៅក្នុងការជួញដូរបន្ថែមម៉ោង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី២១ខែតុលា ឆ្នាំ២០២៦ ។ ​ឆ្លើយតបនឹងសំណួរជុំវិញលទ្ធភាពនៃការរួមបញ្ចូលគ្នានេះ នៅក្នុងកិច្ចសន្ទនាជាមួយក្រុមអ្នកវិភាគ លោក Musk បានប្រៀបប្រដូចស្ថានភាពនេះទៅនឹង «ការរាំទះជើងកាត់ចម្ការមីន» ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា ការរួមបញ្ចូលគ្នានេះគឺជា «គំនិតដ៏ល្អមួយ»។ ​ក្រុមហ៊ុននេះទើបតែបានប្រកាសពីប្រាក់ចំណេញជាលើកដំបូងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនសាធារណៈ ខណៈលោក Musk បានលើកឡើងថា លោករំពឹងថានឹងមានចំណូលប្រចាំឆ្នាំចន្លោះពី ៥០០ពាន់លានដុល្លារ…

​វ៉ាស៊ីនតោន៖ លោក Elon Musk បានថ្លែងកាលពីថ្ងៃអង្គារ (ទី២០ ខែតុលា) ថាលោកនឹងគាំទ្រគម្រោងនៃការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន SpaceX និង Tesla ដែលការលើកឡើងនេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស និងបច្ចេកវិទ្យាមួយនេះកើនឡើង ៨ភាគរយ នៅក្នុងការជួញដូរបន្ថែមម៉ោង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី២១ខែតុលា ឆ្នាំ២០២៦ ។

​ឆ្លើយតបនឹងសំណួរជុំវិញលទ្ធភាពនៃការរួមបញ្ចូលគ្នានេះ នៅក្នុងកិច្ចសន្ទនាជាមួយក្រុមអ្នកវិភាគ លោក Musk បានប្រៀបប្រដូចស្ថានភាពនេះទៅនឹង «ការរាំទះជើងកាត់ចម្ការមីន» ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា ការរួមបញ្ចូលគ្នានេះគឺជា «គំនិតដ៏ល្អមួយ»។

​ក្រុមហ៊ុននេះទើបតែបានប្រកាសពីប្រាក់ចំណេញជាលើកដំបូងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនសាធារណៈ ខណៈលោក Musk បានលើកឡើងថា លោករំពឹងថានឹងមានចំណូលប្រចាំឆ្នាំចន្លោះពី ៥០០ពាន់លានដុល្លារ ទៅ ១ទ្រីលានដុល្លារ នៅត្រឹមចុងឆ្នាំ២០២៧ ស្របពេលដែលតម្រូវការទីតាំងផ្ទុកទិន្នន័យ (Data-centre space) កំពុងកើនឡើងយ៉ាងខ្លាំងដោយសារសន្ទុះនៃការរីកចម្រើនខាងបច្ចេកវិទ្យា AI។

​កន្លងមក លោក Musk ធ្លាប់បានធ្វើឱ្យភាគហ៊ុនិកមានការចាប់អារម្មណ៍ជាមួយនឹងគំនិតនៃការច្របាច់បញ្ចូល SpaceX និង Tesla នេះ ដោយលោកបានលើកឡើងពីភាពស្រដៀងគ្នាកាន់តែច្រើនរវាងប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងពីរ។

ពាក្យចចាមអារ៉ាមអំពីការទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដោយក្រុមហ៊ុនអវកាសនេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនាពេលថ្មីៗនេះ ខណៈធនាគារ Barclays បានព្យាករកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានប្រកាស មុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ Tesla នៅខែធ្នូ។

​ជាការបញ្ជាក់ផ្លូវការលើកដំបូងថា ក្រុមហ៊ុនទាំងពីរកំពុងស្ថិតក្នុងការពិភាក្សា លោក Musk បាននិយាយថា គណៈកម្មាធិការពិសេសនៃនាយកឯករាជ្យរបស់ SpaceX និង Tesla ត្រូវបានបង្កើតឡើងរួចរាល់ហើយ ដើម្បីសិក្សាពីគំនិតនេះ ទៅតាមសំណើរបស់ភាគហ៊ុនិក។ ប៉ុន្តែលោកបានបន្ថែមថា លោកមិនអាចចូលរួមក្នុងការពិភាក្សានេះបានទេ ដោយសារតែវាជាបញ្ហាទំនាស់ផលប្រយោជន៍ (Conflict of interest)។

​បច្ចុប្បន្ន លោក Musk គឺជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនទាំងពីរ ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន SpaceX ផងដែរ។ ក្នុងនាមជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក លោក Musk កាន់កាប់ភាគហ៊ុនជិតមួយភាគប្រាំ (១/៥) នៃក្រុមហ៊ុន Tesla និងជិតពាក់កណ្តាលនៃក្រុមហ៊ុន SpaceX ហើយអ្នកវិភាគបានលើកឡើងថា ការច្របាច់បញ្ចូលគ្នានេះ នឹងផ្តល់ឱ្យលោកនូវអំណាចគ្រប់គ្រងទាំងស្រុងលើស្ថាប័នតែមួយនេះ។

​លោក Musk បានព្រមានថា គណៈកម្មាធិការទាំងនេះនៅមិនទាន់ឯកភាពគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ហើយក៏គ្មានការធានាថាពួកគេនឹងយល់ព្រមនោះដែរ ដោយលោកបានបញ្ជាក់ថា វាជារឿងហួសហេតុពេក ប្រសិនបើយើងចាត់ទុកការច្របាច់បញ្ចូលគ្នានេះថាជារឿងប្រាកដប្រជា ១០០% នោះ។ កិច្ចព្រមព្រៀងណាមួយ នឹងត្រូវការការគាំទ្រពីសំឡេងភាគច្រើននៃភាគហ៊ុនទាំងអស់របស់ Tesla (មិនមែនគិតត្រឹមតែភាគហ៊ុនដែលបានបោះឆ្នោតនោះទេ) ដែលលោក Musk ចាត់ទុកថាជា «ឧបសគ្គដ៏ខ្ពស់មួយ»។

​ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌអនាមិកថា ការពិភាក្សាបានចាប់ផ្តើមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអាចឈានដល់ការដែល SpaceX ទិញយក Tesla តែម្តង។ ប្រភពដដែលបានបន្ថែមថា Tesla កំពុងធ្វើការជាមួយធនាគារវិនិយោគមួយ ដើម្បីផ្តល់យោបល់លើការពិភាក្សានេះ។

​លោក Musk បានសង្កត់ធ្ងន់ថា៖ «ខ្ញុំពិតជាគិតថាវាមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការច្របាច់បញ្ចូលក្រុមហ៊ុនទាំងពីរ ខណៈដែលយើងកំពុងឈានចូលដល់យុគសម័យកំពូលនៃបញ្ញាសិប្បនិម្មិត (Superintelligence singularity) ហើយយើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផ្នែកទន់ (Software) បញ្ញាសិប្បនិម្មិតកំពូល ការរចនាបន្ទះឈីប រោងចក្រ Terafab មនុស្សយន្ត ប្រព័ន្ធបញ្ជូនវត្ថុទៅកាន់គន្លងតារាវិថីជាមួយបណ្តាញផ្កាយរណប Starmind និងការតភ្ជាប់បណ្តាញទូរគមនាគមន៍»។

ប្រែសម្រួល៖ គីរី

Most Popular

To Top