វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលអាមេរិក ដែលមិនមែនជាបុគ្គលិកចាំបាច់បន្ទាន់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ ឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលការវាយប្រហារដោយក្រុមហ៊ូទី កាន់តែមានភាពខ្លាំងក្លាឡើង។
លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គម X ថា ការបញ្ជាឱ្យចាកចេញនេះ គឺអនុវត្តតែចំពោះប្រទេសអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ មិនមែនសម្រាប់ប្រទេសដទៃទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។

មន្ត្រីអាមេរិកបានកត់សម្គាល់ថា វិធានការនេះ ធ្វើឡើងនៅក្នុងពេលដែលក្រុមហ៊ូធី បង្កើនការវាយប្រហារលើប្រទេស អារ៉ាប៊ីសាអូឌីត រួមទាំងការវាយប្រហារទៅលើអាកាសយានដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលបណ្តាលឱ្យមានជនស៊ីវិលរងគ្រោះ និងរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងរីយ៉ាដ បានចេញសេចក្តីជូនដំណឹងផ្នែកសន្តិសុខកាលពីថ្ងៃពុធ ដោយព្រមានអំពីលទ្ធភាពនៃការវាយប្រហារបន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសអារ៉ាប៊ីសាអូឌីត ស្ថិតនៅក្រោមការណែនាំអំពីការធ្វើដំណើររបស់សហរដ្ឋអាមេរិកកម្រិតទី ៣ ដែលជំរុញឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញអំពីការធ្វើដំណើរទៅកាន់ទីនោះ ដោយសារហានិភ័យនានា រួមមានការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល ជម្លោះប្រដាប់អាវុធ និងអំពើភេរវកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
