កីឡា

លោក ងិន សុខបញ្ញា ៖ ការឧបត្ថម្ភប្រើប្រាស់កង់-សម្ភារៈហ្វឹកហាត់ កីឡាទ្រីយ៉ាត្លុង ជាផែនការមេសម្រាប់សម្រួច បច្ចេកទេស ឆ្ពោះការប្រកួតកីឡា យុវជនអាស៊ី ២០៣១

ភ្នំពេញ៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ឲ្យដឹងថា ការឧបត្ថម្ភគាំទ្រ លើការប្រើប្រាស់កង់ និងសម្ភារៈហ្វឹកហាត់-ប្រកួតកីឡាទ្រីយ៉ាត្លុង ពីក្រុមហ៊ុនកង់ Giant នឹងជួយបន្តសម្រួចគុណភាព បច្ចេកទេសរបស់កីឡាករ-កីឡាការិនីថ្នាល នៃចក្ខុវិស័យវែងឆ្ងាយ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅប្រទេសកម្ពុជា។

លោក ងិន សុខបញ្ញា បានលើកឡើងក្នុងឱកាសពិធីប្រគល់-ទទួលសម្ភារៈហ្វឹកហាត់-ប្រកួតកីឡាទ្រីយ៉ាត្លុងពីហាងលក់កង់ Tanker នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ ការឧបត្ថម្ភគាំទ្រនេះមិនមែនជាលើកទី១នោះទេ ដោយសហព័ន្ធបន្តទទួលបានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុងកង់មួយនេះ ដើម្បីបន្តជួយបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីថ្នាលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅប្រទេសកម្ពុជា។

អគ្គលេខាធិការបន្ថែមថា ការឧបត្ថម្ភគាំទ្រ ពីវិស័យឯកជនពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងជំនាញ បច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិត្រៀមឆ្ពោះទៅចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិកម្រិតតំបន់ និងកម្រិតទ្វីប ដែលនឹងចូលមកដល់នៅឆ្នាំបន្តបន្ទាប់។ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ រយៈពេល៥ឆ្នាំទៅមុខទៀត។

ក្រុមជម្រើសជាតិថ្នាលបច្ចុប្បន្នមានចំនួន ៩នាក់ ដែលមានវ័យចាប់ពី១០ឆ្នាំឡើងទៅ ហើយនៅពេលឆ្នាំ២០៣១ ក្រុមជម្រើសជាតិថ្នាលនឹងចម្រើនវ័យនៅក្រោមអាយុ១៧ឆ្នាំ ដែលត្រូវនឹងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០៣១តែម្តង ដែលជាការរៀបចំធ្វើម្ចាស់ផ្ទះដ៏ធំកម្រិតអាស៊ី ឬការប្រកួតអន្តរជាតិធំទី២ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣កន្លងទៅ។ ជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ស៊ីហ្គេម ២០២៣ កន្លងទៅ ជាពិសេសប្រភេទកីឡាទ្រីយ៉ាត្លុង ក៏ជោគជ័យធំធេងផងដែរ ដោយមិនភ្លេចគុណ នៃការចូលរួមឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន Giant នោះដែរ។

លោក ងិន សុខបញ្ញា ដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា Giant នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតទាំងថ្នាក់ជាតិ និង អន្តរជាតិជាបន្តបន្ទាប់ទៀត។ លោកសង្កត់ធ្ងន់ថា ការឧបត្ថម្ភកង់ចំនួន៩គ្រឿង ដល់ថ្នាល៩នាក់ រួមទាំងសម្ភារៈហ្វឹកហាត់៩ឈុតនេះ គឺជាកិច្ចព្រមព្រៀងប្រើប្រាស់ដែលនឹងផុតកំណត់ប្រើប្រាស់ ក្នុងការបញ្ចប់ការប្រមូលផ្តុំហ្វឹកហាត់ ហើយនៅឆ្នាំថ្មីចូលមកដល់ ឬមានការប្រមូលផ្តុំក្រុមជម្រើសជាតិឈុតធំ និងឈុតថ្នាលឡើងវិញ គឺក្រុមហ៊ុនបន្តឧបត្ថម្ភការប្រើប្រាស់ជាថ្មីទៀត ដូច្នេះកីឡាករ កីឡាការិនីទទួលបានកង់ថ្មីៗ និងឈុតសម្ភារៈហ្វឹកហាត់ថ្មីៗបន្តទៀត។

លោកអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជាវ័យក្មេងៗទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យមានល្អប្រសើរ ដើម្បីសម្រួចគុណភាពបច្ចេកទេសប្រភេទកីឡាទ្រីយ៉ាត្លុងមាន៣កីឡាបញ្ចូលគ្នា គឺជិះកង់ ហែលទឹក និងរត់ប្រណាំង ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ឱ្យទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិ៕

Most Popular

To Top