បរទេស៖ បណ្តាញសង្គម TikTok បានផ្អាកគណនីផ្សាយពាណិជ្ជកម្ម សម្រាប់ភាពយន្តឯកសារស៊ើបអង្កេតរឿង ‘Musk’ ដោយលើកឡើងពីការបំពានគោលការណ៍ពាក់ព័ន្ធ នឹងខ្លឹមសារនយោបាយ មុននឹងសម្រេចបើកឱ្យដំណើរការឡើងវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Life ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦ ។
ចំណាត់ការនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការគាបសង្កត់ព័ត៌មានពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំ ស្របពេលដែលភាពយន្តនេះកំពុងពង្រីកការចាក់បញ្ចាំងនៅតាមរោងកុនជាង ៤៧០កន្លែងទូទាំងទ្វីបអាមេរិកខាងជើង។
ការផ្អាកដោយតក់ក្រហល់ និងការដោះសារថាជា “កំហុស”
ក្រុមហ៊ុនចែកចាយភាពយន្ត Bleecker Street ទទួលបានការជូនដំណឹងកាលពីរសៀលថ្ងៃសុក្រ ជុំវិញការ “ផ្អាកជាអចិន្ត្រៃយ៍” មិនឱ្យទិញការផ្សាយពាណិជ្ជកម្មបន្តទៀតឡើយ ទោះបីជាគណនីធម្មតា (មិនបង់ប្រាក់) នៅតែដំណើរការក៏ដោយ។ ប៉ុន្តែនៅព្រឹកថ្ងៃអាទិត្យ TikTok បានជូនដំណឹងទៅកាន់ក្រុមហ៊ុនវិញថា គណនីនេះត្រូវបានបើកឱ្យដំណើរការជាធម្មតាវិញហើយ ដោយអះអាងថាការផ្អាកនោះគឺបណ្តាលមកពី “កំហុសបច្ចេកទេស” ប៉ុណ្ណោះ។
ការខាតបង់ឱកាស និងក្តីកង្វល់របស់ក្រុមហ៊ុនចែកចាយ
ទោះបីជាគណនីត្រូវបានបើកវិញក្តី ក៏ក្រុមហ៊ុន Bleecker Street នៅតែសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារតែពួកគេបានបាត់បង់ឱកាសមាសក្នុងការផ្សព្វផ្សាយភាពយន្តនេះអំឡុងពេលចុងសប្តាហ៍។ គួរបញ្ជាក់ថា ភាពយន្តឯកសារនេះទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ ដោយរកចំណូលបាន ៧ម៉ឺនដុល្លារ ពីការចាក់បញ្ចាំងនៅរោងកុនតែ ៤កន្លែងប៉ុណ្ណោះ (នៅញូវយ៉ក និងឡូសអាន់ជឺឡេស) ក្នុងសប្តាហ៍ដំបូង។
សារអេឡិចត្រូនិកបានបង្ហាញថា TikTok បានបដិសេធខ្លឹមសារផ្សាយពាណិជ្ជកម្មជាច្រើនលើក ដោយចោទប្រកាន់ថាមានផ្ទុកសារនយោបាយ។ ខ្លឹមសារដែលត្រូវបានរារាំងនោះរួមមាន វីដេអូខ្លីផ្សព្វផ្សាយ (Trailer) នៃភាពយន្ត រូបភាពដកស្រង់សម្តីពីទស្សនាវដ្តី The New Yorker ដែលសរសេរថា “ពលរដ្ឋអាមេរិកគួរតែទស្សនាភាពយន្តនេះ ហាក់ដូចជាជីវិតពួកគេពឹងផ្អែកលើវាអញ្ចឹង” វីដេអូកំប្លែងឌឺដង ដែលស្នើឱ្យទស្សនិកជនលុបគណនី X (អតីត Twitter) ចោល។
ភាពយន្តឯកសារដែលដឹកនាំដោយលោក Alex Gibney នេះ បានចំណាយពេលស៊ើបអង្កេតជាង ៣ឆ្នាំ ដោយផ្តោតសំខាន់លើសកម្មភាពនយោបាយ និងការទិញយកក្រុមហ៊ុន Twitter របស់លោក Elon Musk ក្នុងគោលបំណងគ្រប់គ្រងបណ្តាញសង្គម។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ TikTok ដែលបានបិទការផ្សាយពាណិជ្ជកម្មនេះ មានម្ចាស់ភាគហ៊ុនមួយផ្នែកគឺលោក Larry Ellison ដែលត្រូវបានភាពយន្តនេះលាតត្រដាងថាបានជួយផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់លោក Musk ក្នុងការទិញយក Twitter។
គួរបញ្ជាក់ផងដែរថា ខណៈដែល TikTok រារាំងការផ្សាយពាណិជ្ជកម្មនេះ ក្រុមហ៊ុន Meta និង Google/YouTube បានយល់ព្រមទទួលផ្សាយជាធម្មតាវិញ បន្ទាប់ពីការស្ទាក់ស្ទើរដំបូង។ ដោយឡែក បណ្តាញសង្គម X របស់លោក Musk បានបដិសេធមិនទទួលការផ្សាយពាណិជ្ជកម្មភាពយន្តនេះទាល់តែសោះ។ ភាពយន្តឯកសារនេះគ្រោងនឹងចាក់ផ្សាយជាផ្លូវការនៅលើប្រព័ន្ធ HBO នាឆ្នាំ២០២៧ ខាងមុខ៕
ប្រែសម្រួល៖ គីរី
