បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ដកខ្លួនចេញពីគម្រោង សាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស

​បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយបានប្រកាសថា ខ្លួននៅតែបន្តផែនការសាងសង់មជ្ឈមណ្ឌល ទិន្នន័យបញ្ញាសប្បនិម្មិត (AI) ដ៏ធំបំផុតក្នុងចក្រភពអង់គ្លេសដដែល ទោះបីជាក្រុមហ៊ុន Microsoft បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងនេះក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ ។

​កាលពីឆ្នាំមុន ក្រុមហ៊ុន Nscale បានប្រកាសពីការប្តេជ្ញាចិត្តចំណាយប្រាក់ ២ ប៊ីលានផោន ដើម្បីសាងសង់ និងបើកដំណើរការកន្លែងទំនើបមួយនៅក្នុងតំបន់ Loughton ភាគខាងកើតទីក្រុង Essex។

​ទោះជាយ៉ាងណា ប្រភពព័ត៌មានពី BBC បានឱ្យដឹងថា ក្រុមហ៊ុន Microsoft ដែលធ្លាប់បានសន្យាថានឹងផ្តល់ហិរញ្ញប្បទានដល់ការសាងសង់កុំព្យូទ័រទំនើប នៅក្នុងទីតាំងនោះ បានសម្រេចចិត្តបញ្ចប់ការពាក់ព័ន្ធរបស់ខ្លួនហើយ។

​អ្នកនាំពាក្យរបស់ក្រុមហ៊ុន Nscale បានថ្លែងថា ក្រុមហ៊ុនកំពុងស្វែងរកប្រភពថាមពលជំនួស ហើយទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន Microsoft នៅតែបន្តមានភាពរឹងមាំដដែលសម្រាប់គម្រោងផ្សេងៗទៀតដែលពួកគេសហការគ្នានៅក្រៅប្រទេស។ ចំណែកឯក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។

​ក្រុមហ៊ុន Nscale បានបញ្ជាក់ថា៖ «ពួកយើងនៅតែប្តេជ្ញាចិត្តទាំងស្រុងចំពោះគម្រោងនៅតំបន់ Loughton ក៏ដូចជាចក្រភពអង់គ្លេស ហើយពួកយើងកំពុងស្វែងរកប្រភពថាមពលជំនួសសម្រាប់ទីតាំងនេះ ព្រមទាំងទីតាំងពង្រីកផ្សេងទៀតនៅក្នុងចក្រភពអង់គ្លេសផងដែរ»។

​ក្រុមហ៊ុនបានបន្ថែមថា៖ «ទំនាក់ទំនងរបស់យើងជាមួយ Microsoft នៅតែមានភាពរឹងមាំ និងមានរយៈពេលវែង»។
​មជ្ឈមណ្ឌលទិន្នន័យខាងលើ ត្រូវបានគ្រោងទុកថានឹងទទួលបានការផ្គត់ផ្គង់ថាមពលនៅចុងឆ្នាំនេះ។ ប៉ុន្តែ យោងតាមសេចក្តីរាយការណ៍ដំបូងដោយសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ក្រុមហ៊ុន Nscale ត្រូវបានគេប្រាប់ថា ការផ្គត់ផ្គង់ថាមពលនេះនឹងមិនអាចកើតមានឡើងរហូតដល់ទសវត្សរ៍ឆ្នាំ ២០៣០ នោះឡើយ។

​ក្រុមហ៊ុន Nscale បានប្រាប់ BBC ថា៖ «បញ្ហាបណ្តាញអគ្គិសនីទូទាំងទីក្រុងឡុងដ៍ដ៏គួរឱ្យអកុសលនេះ មិនបានជះឥទ្ធិពលអ្វីដល់កិច្ចសន្យាផ្សេងទៀតរបស់យើងឡើយ»។
​បច្ចុប្បន្ន ក្រុមហ៊ុន Nscale និង Microsoft នៅតែបន្តធ្វើការរួមគ្នាលើគម្រោងដទៃទៀតនៅក្នុងប្រទេសន័រវែស ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក។ ទីតាំងនៅតំបន់ Loughton ត្រូវបានរំពឹងថានឹងបង្កើតការងារអចិន្ត្រៃយ៍ចំនួន ២៥០ កន្លែង នៅពេលដែលវាបើកដំណើរការជាផ្លូវការក្នុងពេលអនាគត។

​ទើបតែតែកាលពីខែមុននេះប៉ុណ្ណោះ ក្រុមហ៊ុន Microsoft បានប្រកាសថា ថវិកាមួយផ្នែកក្នុងចំណោមទឹកប្រាក់ ៣០ ប៊ីលានដុល្លារ (២២ ប៊ីលានផោន) ដែលខ្លួនកំពុងវិនិយោគនៅក្នុងចក្រភពអង់គ្លេស នឹងត្រូវយកមកប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់កុំព្យូទ័រទំនើប (Supercomputer) នៅតំបន់ Loughton នេះឯង។

ប្រែសម្រួល៖ គីរី

Most Popular

To Top