បច្ចេកវិទ្យា

លោក Elon Musk និងក្រុមហ៊ុន Anthropic ប្តេជ្ញាចែករំលែកភាគហ៊ុនសាធារណៈ ចំពេលមានសម្ពាធលើវិស័យ AI

​បរទេស៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk និងក្រុមហ៊ុនយក្សផ្នែកបញ្ញាសប្បនិម្មិត (AI) Anthropic បានសន្យាចែករំលែកទ្រព្យសកម្ម និងភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងស្ថិតក្រោមសម្ពាធខ្លាំងជុំវិញផលប៉ះពាល់សក្តានុពលនៃបច្ចេកវិទ្យា AI មកលើមនុស្សជាតិ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBCថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។

​នៅថ្ងៃថ្ងៃចន្ទនេះ លោក Musk បានប្រកាសថា លោកនឹងផ្តល់ភាគហ៊ុនចំនួនមួយរបស់ក្រុមហ៊ុនរ៉ុក្កែត SpaceX របស់លោក ដែលគ្រប់គ្រងលើក្រុមហ៊ុន xAI ផងដែរ ជូនដល់កុមារគ្រប់រូបនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។

​ការប្រកាសរបស់មហាសេដ្ឋីរូបនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Anthropic បានប្រកាសថា ខ្លួននឹងដាក់បញ្ចូលភាគហ៊ុន ៥% ទៅក្នុងមូលនិធិមួយដើម្បីធ្វើការបរិច្ចាគសម្រាប់ «ផលប្រយោជន៍សាធារណៈ»។

​បច្ចុប្បន្ន ក្រុមហ៊ុន Anthropic កំពុងត្រៀមខ្លួនសម្រាប់ការចុះបញ្ជីភាគហ៊ុនដ៏ធំសម្បើមនៅលើទីផ្សារហ៊ុន ដែលអាចវាយតម្លៃតម្លៃក្រុមហ៊ុនឡើងដល់ជាង ១ ទ្រីដុល្លារ (៧៥០ ប៊ីលានផោន)។ រីឯក្រុមហ៊ុន SpaceX វិញ បានបង្កើតកំណត់ត្រាសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកាលពីខែមិថុនា ដោយរៃអង្គាសប្រាក់បាន ៨៥,៧ ប៊ីលានដុល្លារ។

​ការសន្យាទាំងនេះកើតឡើងនៅពេលដែលឧស្សាហកម្ម AI កំពុងរងការពិនិត្យយ៉ាងហ្មត់ចត់ចំពោះកង្វល់ផ្នែកសុវត្ថិភាព និងក្តីបារម្ភអំពីផលប៉ះពាល់របស់វាទៅលើសង្គម និងការងារ។
​ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីរបៀបដែលកុមារអាមេរិកម្នាក់ៗនឹងត្រូវទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX នោះ គឺនៅមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ។

​នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក Musk បានសរសេរថា៖ «នៅឆ្នាំក្រោយ ខ្ញុំនឹងផ្តល់ភាគហ៊ុន SpaceX របស់ខ្ញុំមួយដល់កុមារគ្រប់រូបនៅក្នុងសហរដ្ឋអាមេរិក។ នេះនឹងក្លាយជាចំណុចចាប់ផ្តើមដំបូងក្នុងចំណោមសកម្មភាពជាច្រើនទៀត»។

​សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកបានឆ្លើយតបទៅនឹងការសន្យាមូលនិធិសាធារណៈរបស់ក្រុមហ៊ុន Anthropic ថា៖ «ខ្ញុំសូមណែនាំឱ្យផ្តល់ភាគហ៊ុនទាំងនោះដោយផ្ទាល់ដល់សាធារណៈជន។ នេះជាអ្វីដែលខ្ញុំនឹងធ្វើ»។

​ក្រុមហ៊ុន Anthropic បានបញ្ជាក់ថា គ្មានភាគហ៊ុនណាមួយដែលស្ថិតនៅក្នុងមូលនិធិប្រយោជន៍សាធារណៈ (Public Benefit Fund) របស់ខ្លួន ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការបញ្ចុះបញ្ចូលនយោបាយ (Lobbying) ឬការបរិច្ចាគផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេសសហរដ្ឋអាមេរិកនោះឡើយ។

​ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធ Claude មួយនេះ បានប្រកាសកាលពីថ្ងៃអាទិត្យថា មមូលនិធិខាងលើក៏អាចទទួលបានភាគហ៊ុន ២% បន្ថែមទៀតរបស់ក្រុមហ៊ុន អាស្រ័យលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលផងដែរ។

​កាលពីសប្តាហ៍មុន ក្រុមហ៊ុន Anthropic បានប្រាប់ទៅកាន់វិនិយោគិនសក្តានុពលថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង ៤៥% ដល់ ១៦,៨ ប៊ីលានដុល្លារ (១២,៦ ប៊ីលានផោន) ក្នុងរយៈពេលបីខែរហូតដល់ដំណាច់ខែកញ្ញា។

​ស្រដៀងគ្នាទៅនឹងក្រុមហ៊ុន AI ដទៃទៀតដែរ ក្រុមហ៊ុននេះកំពុងព្យាយាមដាក់ខ្លួនឱ្យក្លាយជាអង្គភាពដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះបីជាត្រូវចំណាយប្រាក់ាប់ប៊ីលានដុល្លារក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីដំណើរការម៉ូដែលរបស់ខ្លួនក៏ដោយ។

​ក្រុមហ៊ុននានាជុំវិញពិភពលោក ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យា បានកាត់បន្ថយការងាររាប់ពាន់កន្លែង បន្ទាប់ពីការវិនិយោគលើវិស័យ AI ដោយភាគច្រើនបានលើកឡើងពីប្រសិទ្ធភាពការងារកាន់តែខ្ពស់ពីការអនុវត្តបច្ចេកវិទ្យានេះ។

​ការសិក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងឆ្នាំ២០២៤ បានបង្ហាញថា ៤០% នៅទូទាំងពិភពលោកនឹងរងផលប៉ះពាល់ដោយសារ AI ហើយតួលេខនោះអាចកើនឡើងដល់ ៦០% នៅក្នុងប្រទេសរីកចម្រើន។

​កាលពីខែកញ្ញា អ្នកស្រាវជ្រាវម្នាក់ដែលបានចេញពីក្រុមហ៊ុន Anthropic បានលើកឡើងថា មនុស្សដែលធ្វើការលើបច្ចេកវិទ្យានេះមាន «ភាពភ័យខ្លាចយ៉ាងខ្លាំង» ចំពោះល្បឿននៃការរីកចម្រើនរបស់វា និងអត្ថន័យដែលវាអាចនាំមកជូនដល់មនុស្សជាតិ។

ប្រែសម្រួល៖ គីរី

Most Popular

To Top