ព័ត៌មានអន្តរជាតិ

ភាពយន្តថ្មី ‘Lizard Music’ របស់ Dwayne Johnson និង Benny Safdie គ្រោងចាក់បញ្ចាំង ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២៧ ក្រោមការចែកចាយរបស់ Amazon MGM

​បរទេស៖ ស្ទូឌីយោ Amazon MGM បានប្រកាសជាផ្លូវការ នូវកាលវិភាគចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំថ្មីរឿង «Lizard Music» ដែលជាស្នាដៃរួមគ្នារវាងតារាសម្តែងល្បីឈ្មោះ Dwayne Johnson និងអ្នកដឹកនាំរឿង Benny Safdie ដោយគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៧ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ។

​ភាពយន្តនេះជាប្រភេទកាត់ផ្សំរវាងមនុស្សសម្តែងផ្ទា
ល់ និងបច្ចេកវិទ្យាគំនូរជីវចលកុំព្យូទ័រ  ដោយផ្អែកលើប្រលោមលោករបស់លោក Daniel Pinkwater។ នៅក្នុងគម្រោងនេះ Dwayne Johnson ដើរតួជាតួអង្គឯក រួមដំណើរដោយតារាសម្តែងល្បីៗជាច្រើនរូបទៀតដូចជា Theo Clark Leber, Alicia Silverstone, Tim Heidecker, Regina Hall, Colman Domingo, Jeff Goldblum, Rachel McAdams, Andrew Dice Clay និង David Krumholtz។

​លោក Benny Safdie ទទួលបន្ទុកដឹកនាំរឿងដោយផ្ទាល់ពីសំណៅព្រាងអត្ថបទភាពយន្តដែលលោកជាអ្នកនិពន្ធ។ រីឯការផលិតគឺសហការគ្នារវាងក្រុមហ៊ុន United Artists (Scott Stuber និង Nick Nesbitt), ក្រុមហ៊ុន Out for the Count Productions (Benny Safdie), ក្រុមហ៊ុន Seven Bucks Productions (Dwayne Johnson) និងក្រុមហ៊ុន Magnetic Fields Entertainment (David Koplan)។

​ខ្លឹមសារសង្ខេបនៃរឿង «Lizard Music» និយាយអំពីក្មេងប្រុសម្នាក់ដែលបានប្រទះឃើញការផ្សាយទូរទស្សន៍សម្ងាត់ពេលយប់ជ្រៅ ដែលមានសត្វជីងចក់ និងល្មូនជាអ្នកលេងភ្លេងតន្ត្រី។ នៅក្នុងដំណើរស្វែងរកការពិត រូបគេបានជួបនឹងបុរសចំណាស់វ័យ ៧០ឆ្នាំប្លែកគេម្នាក់ឈ្មោះ Chicken Man (សម្តែងដោយ Johnson) និងមិត្តភក្តិមាន់អាយុ ១១១ឆ្នាំ ឈ្មោះ Claudia មុនពេលពួកគេទាំងអស់គ្នាចាប់ផ្តើមដំណើរផ្សងព្រេងចូលទៅក្នុងពិភពសង្គមអាថ៌កំបាំងមួយ។

​គម្រោងនេះជាការវិលត្រឡប់មកសហការគ្នាជាថ្មីរវាង Johnson និង Safdie បន្ទាប់ពីទទួលបានជោគជ័យ និងការកោតសរសើរយ៉ាងខ្លាំងក្នុងភាពយន្តរឿង «The Smashing Machine» កាលពីឆ្នាំមុន ដែលកាលនោះ Johnson ដើរតួជាជើងឯក UFC លោក Mark Kerr។

​គួរបញ្ជាក់ផងដែរថា រដូវកាលបុណ្យណូអែលឆ្នាំ២០២៧ នឹងក្លាយជាការប្រកួតប្រជែងយ៉ាងក្តៅគគុកនៅតាមរោងកុន ដោយក្នុងនោះក៏មានវត្តមានភាពយន្តធំៗផ្សេងទៀតដូចជា រឿង «Alone at Dawn» ដឹកនាំដោយលោក Ron Howard (សម្តែងដោយ Anne Hathaway និង Adam Driver) របស់ Amazon MGM ព្រមទាំងភាពយន្តកំប្លែង «Paris Paramount» ដឹកនាំដោយ Nancy Meyers (សម្តែងដោយ Penélope Cruz, Kieran Culkin, Jude Law និង Owen Wilson) របស់ក្រុមហ៊ុន Warner Bros. ផងដែរ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top