ព័ត៌មានអន្តរជាតិ

Taylor Swift និង Travis Kelce សម្រេចផ្អាកជួបមុខគ្នាមួយរយៈ ក្រោយផ្ទុះរឿងអាស្រូវលើបណ្តាញសង្គម Instagram របស់ស្វាមី  

បរទេស៖ តារាចម្រៀងប៉ុបលំដាប់ពិភពលោក Taylor Swift និងស្វាមីជាកីឡាករបាល់ឱបអាមេរិក (NFL) លោក Travis Kelce ត្រូវបានគេរាយការណ៍ថាកំពុងផ្អាកជួបមុខគ្នាមួយរយៈខ្លី (taking time apart) ស្របពេលដែល Kelce កំពុងរងការរិះគន់ជុំវិញសកម្មភាពគាំទ្រវីដេអូកំប្លែងដែលមានខ្លឹមសារប្រមាថមើលងាយដល់ស្ត្រី នេបើយោងតាមការចេញផ្សាយពី The Hollywood Reporter ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦

ជាមួយគ្នានេះ តារាចម្រៀងវ័យ ៣៦ ឆ្នាំរូបនេះ ក៏នឹងត្រូវអវត្តមានពីការប្រកួតក្នុងដីរបស់ក្រុម Kansas City Chiefs ទល់នឹង Los Angeles Chargers ផងដែរ ដែលជាការខកខានការប្រកួតក្នុងដីលើកដំបូងរបស់នាងគិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ មក។   ជំនួសឱ្យការបង្ហាញវត្តមាននៅលើ កីឡដ្ឋាន Swift ត្រូវធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីចូលរួមសម្តែងបទចម្រៀង «I Knew It, I Know You» សម្រាប់ខ្សែភាពយន្តគំនូរជីវចល Toy Story 5 ក្នុងព្រឹត្តិការណ៍ Academy Museum Gala នាថ្ងៃទី ១៧ ខែតុលា។ 

ប្រភពជិតស្និទ្ធជាមួយ Swift បានទម្លាយប្រាប់អ្នកសារព័ត៌មានហូលីវូដ Rob Shuter ថា៖ «Taylor ចូលចិត្តទៅគាំទ្រ Travis ណាស់ ប៉ុន្តែចុងសប្តាហ៍នេះ គឺជារឿងផ្ទាល់ខ្លួនរបស់នាង។ គាត់មានអាជីពរបស់គាត់ ហើយនាងក៏មានអាជីពរបស់នាងដែរ ហើយពេលនេះ អាជីពរបស់នាងគឺកំពុងផ្តោតលើការប្រជែងយកពានរង្វាន់ Oscar»។ ប្រភពក្នុងឧស្សាហកម្មកម្សាន្តបានបន្ថែមថា ទោះបីជា Swift ធ្លាប់ឈ្នះពានរង្វាន់ Grammy ជាច្រើន មានការប្រគំតន្ត្រីលក់សំបុត្រអស់គ្រប់កីឡដ្ឋាន និងមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក្តី ប៉ុន្តែអ្វីដែលនៅខ្វះក្នុងទូកិត្តិយសរបស់នាង គឺពាន Oscar ដែលនាងពិតជាចង់ឈ្នះខ្លាំងណាស់។  

ដំណឹងនៃការឃ្លាតគ្នាជាបណ្តោះអាសន្ននេះ បានកើតឡើងភ្លាមៗបន្ទាប់ពី Kelce វ័យ ៣៧ ឆ្នាំ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងខ្លាំង ក្រោយរូបលោកបានចុច «Like» លើវីដេអូដកស្រង់ចេញពីកម្មវិធី Saturday Night Live (SNL) របស់តារាកំប្លែង Shane Gillis។ ក្នុងវីដេអូនោះ Gillis បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើការស្លៀកពាក់របស់ស្ត្រីនៅតាមកន្លែងហាត់ប្រាណ។  

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Page Six ប្រភពជិតស្និទ្ធនឹង Kelce បានបញ្ជាក់ថាកីឡាកររូបនេះជាអ្នកគាំទ្រកម្មវិធី SNL យូរមកហើយ ហើយការចុច Like នោះ គឺគ្រាន់តែជាការគាំទ្រមិត្តភក្តិម្នាក់ប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ Taylor Swift មិនទាន់ចេញមុខធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈជុំវិញរឿងរ៉ាវរបស់ស្វាមីនៅឡើយទេ ខណៈដែលអ្នកទាំងពីរសម្រេចចិត្តទុកពេលវេលាឱ្យគ្នារៀងៗខ្លួន ហើយ Swift កំពុងបន្តផ្តោតអារម្មណ៍យ៉ាងពេញទំហឹងលើអាជីពសិល្បៈរបស់នាង។  

ប្រែសម្រួល៖​ គីរី

Most Popular

To Top