ព័ត៌មានអន្តរជាតិ

Sean ‘Diddy’ Combs ត្រូវបានបញ្ជូនទៅពន្ធនាគារថ្មី ក្រោយបែកធ្លាយរឿងអាស្រូវប្រើប្រាស់សម្ភារហាមឃាត់ និងជួលអ្នកទោសបម្រើខ្លួន

បរទេស៖ តារារ៉េប និងជាផលិតករតន្ត្រីអាមេរិក Sean “Diddy” Combs ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៥០ ខែ ត្រូវបានផ្ទេរចេញពីពន្ធនាគារសហព័ន្ធ FCI Fort Dix ក្នុងរដ្ឋ New Jersey ទៅកាន់ពន្ធនាគារសន្តិសុខកម្រិតទាប FCI Allenwood Low ក្នុងរដ្ឋ Pennsylvania បន្ទាប់ពីរងទណ្ឌកម្មវិន័យជុំវិញការលួចលាក់ប្រើប្រាស់សម្ភារខុសច្បាប់ និងការជួលអ្នកទោសឯទៀតឱ្យបម្រើការរស់នៅយ៉ាងសុខស្រួលខុសពីទូទៅ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

ការិយាល័យពន្ធនាគារសហព័ន្ធអាមេរិក (BOP) បានបញ្ជាក់ពីការផ្ទេររូបលោកកាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ ២០២៦។ ការសម្រេចនេះធ្វើឡើងក្រោយរបាយការណ៍ស៊ើបអង្កេតរបស់ Dateline និង NBC News បានទម្លាយថា តារារ៉េបវ័យ ៥៦ ឆ្នាំរូបនេះ បានប្រើប្រាស់ថេប្លេត (Tablet) កែច្នៃខុសច្បាប់ដែលមានដំឡើងកម្មវិធី Instagram ដើម្បីទាក់ទងជាមួយពិភពខាងក្រៅ និងផ្ទេរប្រាក់ចូលក្នុងគណនីរបស់អ្នកទោសមួយក្រុមជាថ្នូរនឹងការជួយរៀបចំគ្រែ សម្អាតបន្ទប់ទឹក ម៉ាស្សា និងស្វែងរកអាហារល្អៗសម្រាប់រូបលោក។ ជាលទ្ធផល អាជ្ញាធរពន្ធនាគារបានដាក់ពិន័យលើ Combs ពីបទ «ប្រព្រឹត្តអំពើរំខានសណ្តាប់ធ្នាប់» និងដកហូតសិទ្ធិបន្ធូរបន្ថយទោសកែប្រែខ្លួនល្អចំនួន ៤១ ថ្ងៃ។

មុនការផ្ទេរនេះ Combs ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែក (Special Housing Unit) ហើយក៏ធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេលខ្លីកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ ដោយសាររងរបួសត្រង់ក្បាល។

គួរបញ្ជាក់ថា Sean Combs ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៥០ ខែ កាលពីខែតុលា ឆ្នាំ ២០២៥ ពីបទល្មើសដឹកជញ្ជូនមនុស្សដើម្បីប្រព្រឹត្តអំពើពេស្យាចារ (ក្រោមច្បាប់ Mann Act) បន្ទាប់ពីរួចផុតពីការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួនដូចជាការជួញដូរផ្លូវភេទ និងការបង្កើតបណ្តាញឧក្រិដ្ឋកម្ម ខណៈដែលបច្ចុប្បន្នរូបលោក និងក្រុមមេធាវីកំពុងរង់ចាំការសម្រេចលើការប្តឹងឧទ្ធរណ៍។

ប្រែសម្រួល៖​ គីរី

Most Popular

To Top