ព័ត៌មានអន្តរជាតិ

លោក Steven Soderbergh ចូលរួមជួយលោក Matt Reeves ក្នុងការថតបញ្ចប់ខ្សែភាពយន្ត «The Batman Part II» ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ

​បរទេស៖ បន្ទាប់ពីដំណើរការថតខ្សែភាពយន្ត «The Batman Part II» របស់ផលិតកម្ម DC Studios ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារអ្នកដឹកនាំរឿងលោក Matt Reeves ត្រូវដោះស្រាយបញ្ហាគ្រួសារ ពេលនេះលោក Steven Soderbergh បានចូលមកជួយជំនួសដៃក្នុងការថតបញ្ចប់ (Principal Photography) សម្រាប់ប៉ុន្មានសប្តាហ៍ចុងក្រោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Holkywood Reporterថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។

​លោក Soderbergh ដែលជាអ្នកដឹកនាំរឿងម្ចាស់ពានរង្វាន់អូស្ការ និងតែងតែគាំទ្រស្នាដៃលោក Reeves នោះ បានស្ម័គ្រចិត្តជួយការងារនេះផ្ទាល់ក្នុងពេលដែលលោក Reeves មិនអាចមានវត្តមាននៅទីតាំងថត។ អ្នកដឹកនាំរឿងទាំងពីរនឹងធ្វើការងាររួមគ្នា និងទាក់ទងគ្នាយ៉ាងជិតស្និទ្ធរហូតដល់ការថតត្រូវបានបញ្ចប់ទាំងស្រុង ហើយលោក Reeves នឹងចូលខ្លួនមកទទួលបន្ទុកការងារកាត់ត (Post-production) វិញ នៅពេលលោកត្រឡប់មកវិញ។

​នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ផលិតកម្ម DC Studios បានបញ្ជាក់ថា លោក Soderbergh នឹងចូលមកជួយដោយមានការគាំទ្រពេញទំហឹងពីស្ទូឌីយោ ដើម្បីសហការជាមួយតួសម្តែង និងក្រុមការងារក្នុងការសម្រេចឱ្យបាននូវទស្សនៈវិស័យដើមរបស់លោក Matt។

​លោក Soderbergh ក៏បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនផងដែរដោយលើកឡើងថា៖ «ខ្ញុំយល់ថាស្នាដៃរបស់លោក Matt ក្នុងរឿង The Batman គឺពិតជាអស្ចារ្យ ច្បាស់លាស់ និងមានភាពស៊ីចង្វាក់គ្នាខ្លាំងណាស់។ គោលដៅនៅទីនេះ គឺធ្វើការជាមួយគាត់និងក្រុមការងារ ដើម្បីផលិតប្លង់ថតដែលអាចតភ្ជាប់គ្នាយ៉ាងរលូនជាមួយនឹងអ្វីដែលបានថតរួច ដើម្បីឱ្យលោក Matt អាចបញ្ចប់ខ្សែភាពយន្តរបស់គាត់បានយ៉ាងល្អឥតខ្ចោះ»។

​ស្របពេលជាមួយគ្នានេះ លោក Reeves ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមដោយបញ្ជាក់ថា លោកនឹងមិនបោះបង់គម្រោងនេះឡើយ ហើយលោកពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក Soderbergh ដែលបានចូលមកជួយទាន់ពេលវេលា។

​គួរបញ្ជាក់ថា មុនពេលផ្អាក ការថតខ្សែភាពយន្តនេះកំពុងដំណើរការនៅទីក្រុងឡុងដ៍។ ភាពយន្ត «The Batman Part II» ត្រូវបានកំណត់កាលបរិច្ឆេទចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៨ ប៉ុន្តែប្រភពព័ត៌មានបានឱ្យដឹងថា វានៅលឿនពេកក្នុងការសន្និដ្ឋានថា ការផ្អាកបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ថ្ងៃចាក់បញ្ចាំង ឬយ៉ាងណានោះទេ។

​សម្រាប់វគ្គថ្មីនេះ តារាសម្តែង Robert Pattinson, Andy Serkis និង Colin Farrell នឹងបន្តត្រលប់មកវិញក្នុងតួអង្គ Batman, Alfred និង Penguin រួមជាមួយវត្តមានតារាថ្មីៗដូចជា Scarlett Johansson, Sebastian Stan, Brian Tyree Henry, Jayme Lawson, Charles Dance, Gil Perez-Abraham និង Sebastian Koch។

​លោក Reeves គឺជាអ្នកសហការសរសេរអត្ថបទ និងដឹកនាំរឿង «The Batman» វគ្គទីមួយ ដែលបានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២២ និងរកចំណូលបាន ៧៧២,៨ លានដុល្លារ ពីបញ្ជរលក់សំបុត្រទូទាំងពិភពលោក៕

ប្រែសម្រួល៖ គីរី 

Most Popular

To Top