បរទេស៖ តួអង្គ Adam Clay ដែលជាអតីតភ្នាក់ងារ “Beekeeper” សម្តែងដោយលោក Jason Statham បានត្រលប់មកវិញហើយ ដើម្បីប្រឈមមុខនឹងអ្នកដែលធ្លាប់បណ្តុះបណ្តាលខ្លួន នៅក្នុងខ្សែភាពយន្តសកម្មភាពវគ្គបន្ត (Sequel) បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំ ២០២៤ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។

ផលិតកម្ម Amazon MGM Studios បានបញ្ចេញវីដេអូ Teaser ដំបូងសម្រាប់រឿង «The Beekeeper 2» ដែលដឹកនាំរឿងដោយលោក Timo Tjahjanto។ ខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ ដោយមានការវិលត្រឡប់មកវិញរបស់លោក Statham ក្នុងតួអង្គជាអតីតឃាតករ។
នៅក្នុងសាច់រឿង «The Beekeeper 2» នេះ តួអង្គ Clay គឺជាជនដែលគេកំពុងតាមចាប់ខ្លួន ហើយត្រូវបានទាញចូលក្នុងសមរភូមិសារជាថ្មី នៅពេលដែលអង្គការ Beekeeper បានប្រែក្លាយទៅជាទុច្ចរិត និងមានបំណងចង់ក្តោបក្តាប់គ្រប់គ្រងរដ្ឋាភិបាល។ ដើម្បីលាងជម្រះឈ្មោះរបស់ខ្លួន Clay ត្រូវតែចេញមុខជួយសង្គ្រោះប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រយុទ្ធប្រឆាំងផ្ទាល់ជាមួយនឹងក្រុមដែលធ្លាប់បានបង្កើតខ្លួនឡើង។
វីដេអូខ្លី (Sneak peek) នេះ ក៏បានបង្ហាញពីឈុតឆាកវាយប្រហារយ៉ាងជក់ចិត្តរបស់លោក Statham អមដោយបទចម្រៀង “For Whom the Bell Tolls” របស់ក្រុមចម្រៀងរ៉ុកម៉េតាល់ (Metallica) មុននឹងបិទបញ្ចប់ដោយពាក្យសម្តីចាក់ដោត ដែលជាស្ទីលប្រចាំខ្លួនរបស់លោក Statham។
ភាពយន្តវគ្គបន្តនេះ សរសេរអត្ថបទដោយលោក Kurt Wimmer និងលោក Zak Penn ព្រមទាំងមានការចូលរួមសម្តែងដោយតារាល្បីៗដូចជា Pom Klementieff, Jemma Redgrave, Emmy Raver-Lampman, Adam Copeland, Bobby Naderi, Yara Shahidi និង Jeremy Irons។
គួរបញ្ជាក់ផងដែរថា ផលិតករនៃរឿងនេះរួមមានលោក Statham ផ្ទាល់ រួមជាមួយលោក Chris Long និងលោក Kurt Wimmer។ ចំណែកឯផលិតករប្រតិបត្តិរួមមានលោក Jonathan Glickman, Thom Zadra, Alexandra Loewy, Rachael Cole និងលោក David Ayer ព្រមទាំងសហផលិតករជាច្រើនរូបទៀតដូចជា Anthony M. Scott, Spencer Ela និង Asa Sims ផងដែរ៕
ប្រែសម្រួល៖ គីរី
