កីឡា

កុមារាកម្ពុជា ២ រូបមានឱកាសកាន់ដៃ កីឡាករបាល់ទាត់ល្បីៗរបស់ក្លឹប Tottenham Hotspur ដើរក្នុងពិធីបើកការប្រកួត Premier League នៅអង់គ្លេសជាផ្លូវការ

ភ្នំពេញ៖កុមារាកម្ពុជា ២ រូបត្រៀមធ្វើដំណើរពីរាជធានីភ្នំពេញ ទៅទីក្រុងឡុងដ៍ ដែលមានចម្ងាយដល់ទៅជិត ១៤,០០០ គីឡូម៉ែត្រ ដើម្បីចូលរួមកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹបTottenham Hotspur ដើរក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ Premier League នៅចក្រភាពអង់គ្លេសជាផ្លូវការ ហើយការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាលពេញមួយជីវិតថែមទៀតផង ។

លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានប្រាប់ថា កុមារា ២ រូបដែលជាសិស្សអង្គការផ្កាយសមុទ្រ និងជាកីឡាការិនីក្នុងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រ នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ជាទីក្រុងប្រវត្តិសាស្ត្រពោរ ពេញទៅដោយសំណង់អគារបុរាណរាប់មិនអស់ ប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជាពិសេសជាទីកន្លែងដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភពលោកបានចាប់កំណើតឡើង។ នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ កុមារីកម្ពុជាទាំង២រូបនេះនឹងធ្វើជាកុមារដឹកដៃអមកីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Burnley សម្រាប់រដូវកាល ២០២៦/២០២៧ ។

លោកមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានបន្តថា ការចំណាយក្នុងការធ្វើដំណើរ របស់កុមារទាំងពីររូបនេះគឺត្រូវបានផ្តល់ការគាំទ្រទាំងស្រុងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា រួមមាន ថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម។

នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់ប្អូនៗទាំង ២ រូបនេះ ដែលសុទ្ធសឹងតែមកពីក្រុមគ្រួសារមានជីវភាពខ្វះខាត ។ពេលនេះពួកគេមានឱកាសកាន់លិខិតឆ្លងដែន ដែលមានភ្ជាប់ទិដ្ឋាការ និងអង្គុយលើកៅអីយន្តហោះ ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ។ ប្អូនៗទាំង ២នាក់ទទួលបានការរៀនសូត្រឡើងវិញ និងបាន បន្តទៅរៀននៅសាលារដ្ឋដោយមានការឧបត្ថម្ភគាំទ្ររបស់អង្គការផ្កាយសមុទ្រ ដោយពួកគេធ្លាប់បានបោះបង់ការសិក្សាអស់រយៈពេលជាច្រើនឆ្នាំដើម្បីជួយរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។

ពីកុមារាធ្លាប់តែទាត់បាល់ លើដីវាល មិនមានស្មៅក្នុងសហគមន៍ ដែលគេរស់នៅ ហើយបានក្លាយជាកុមារមានវាសនា អាចកាន់ដៃកីឡាករ ពិភពលោកល្បីៗដើរ នៅលើទីលានស្មៅខៀវ ខ្ចីរបស់ Premier League គឺជាក្តីស្រមៃ ដែលកុមារាកម្ពុជាទាំង២រូបនេះ ពុំធ្លាប់បានគិតពីមុនមក នោះឡើយ ។ ការធ្វើដំណើរបស់កុមារៗទាំងនេះទៀតសោតនឹងអមដំណើរដោយ លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ៕

Most Popular

To Top